ជីវិតផ្ទាល់ខ្លួន និងជីវិតអាជីវកម្មរបស់អ្នកនឹងជោគជ័យទ្វេរដង នៅពេលអ្នកមានជំនាញទាំង ១១ នេះ
ទម្រាំអាចរកបានភាពជោគជ័យសម្រាប់ជីវិតមនុស្សម្នាក់ៗ គឺមិនមែនជារឿងងាយស្រួលឡើយ។ ពិតណាស់ជោគជ័យវាបានមកពីសំណាង និងឱកាស នៅពេលទាំងពីរដើរលើផ្លូវខ្វែងកាត់គ្នាវានាំឲ្យយើងទទួលបានជោគជ័យ។ មនុស្សមួយចំនួនបានខិតខំប្រឹងប្រែងអនុវត្តគ្រប់វិធីសាស្រ្តនៃភាពជោគជ័យ មិនដែលខ្ជិលច្រអូសឬយកលេសអ្វីមួយឡើង តែនៅតែមិនអាចទទួលបានជោគជ័យលើក្តីប្រាថ្នារបស់ខ្លួន ដោយសារតែសំណាង និងឱកាសដើរលើផ្លូវស្របគ្នារហូត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលបានខិតខំប្រឹងប្រែងដើម្បីឲ្យស្តីសុបិនរបស់ខ្លួនបានសម្រេច ហើយក្លាយជាមនុស្សជោគជ័យមិនត្រូវបោះបង់ចោលខណៈដែលខ្លួនមិនទាន់ទទួលអ្វីដែលខ្លួនចង់បាននោះទេ។ ត្រូវព្យាយាមបន្ថែម រួមជាមួយចំនុចមួយចំនួនខាងក្រោមនេះ៖
១) ឈប់ ឬផ្អាកការឆ្លើយតបទៅនឹងគំនិតអវិជ្ជមានដែលមាននៅក្នុងគនិតរបស់អ្នក
គំនិតអវិជ្ជមានដែលមាននៅក្នុងខួរក្បាលយើង វាកើតមកពីការចងចាំ និងបទពិសោធន៍មិនល្អដែលយើងបានជួបប្រទះធ្លាប់ឆ្លងកាត់រួចកន្លងមក។ វានៅតែដិតដាមជាប់នូវស្នាមមិនល្អ ធ្វើឲ្យយើងនៅតែមានអារម្មណ៍ថាខ្លាច ស្អប់ ឬខ្ពើមរអើមវាដែលជាហេតុនាំឲ្យយើងចេះតែគេចវេសមិនចង់ជួបទៀត។ ត្រូវចាំថានៅពេលដែលអ្នកចងចាំតែរឿងមិនល្អ អ្នកតែងតែយកកំហុសក្នុងអតីតកាលមកបំផ្លាញអនាគតនៃភាពជោគជ័យរបស់អ្នក។
២) បង្កើតបរិយាកាសវិជ្ជមានសម្រាប់ខ្លួនឯង
អ្នកមិនអាចទទួលបានអ្វីប្រសើរសម្រាប់ជីវិតខ្លួនឯងទេ ប្រសិនបើអ្នកនៅតែឃុំខ្លួនឯងជាមួយភាពអវិជ្ជមានជាប់ជានិច្ចនោះ។ ដោះលែងខ្លួនឯងឲ្យមានសេរីភាពខ្លះ ស្វែងរកភាពស្រស់ស្អាតនៃពិភពលោក និងទទួលយកអ្វីថ្មីៗមកអភិវឌ្ឍខ្លួនឯងទើបអ្នកអាចស្វែងរកភាពជោគជ័យសម្រាប់ខ្លួនបាន។
៣) ជម្រះរាល់មន្ទិលក្នុងគំនិតអ្នក
ចាប់ផ្តើមដោយសំនួរ “ហេតុអ្វី” សួរខ្លួនឯងដើម្បីរកចម្លើយនៃមន្ទិលក្នុងចិត្ត ត្រូវធ្វើវាឲ្យដាច់ស្រេចនូវអ្វីដែលមិនច្បាស់លាស់ដែលជារនាំងឧបសគ្គរារាំងអ្នកមិនអាចដើរទៅដល់ចំនុចជោគជ័យរបស់ខ្លួន។ បន្ទាប់ពីសួរខ្លួនឯងហើយ អ្នកត្រូវមើលថាអ្វីដែលអ្នកនៅមិនអាចរកចម្លើយបានហើយធ្វើឲ្យអ្នកមិនជ្រះស្រលះ ត្រូវកាត់វាចេញ បោះវាចោលឲ្យឆ្ងាយហើយបណ្តោយឲ្យអ្វីៗមិនល្អកន្លងហួសទៅតាមពេលវេលាចុះ។
៤) ស្តាប់និងទទួលយកភាពភ័យខ្លាចរបស់អ្នក តែត្រូវត្រួតពិនិត្យនិងពង្រឹងវាឡើងវិញបន្តិចម្តងៗ
គ្មានមនុស្សណាដែលគ្មានចំនុចខ្សោយគ្មានភាពភ័យខ្លាចទេ តែអ្វីដែលសំខាន់គឺយើងត្រូវចេះទទួលយកចំនុចខ្សោយរបស់ខ្លួនហើយព្យាយាមកែប្រែវាឲ្យទៅជាចំនុចខ្លាំង និងធ្វើឲ្យខ្លួនឯងរឹងមាំដោយសារចំនុចខ្សោយនោះវិញ។ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបានគឺជឿលើចំនុចខ្សោយរបស់ខ្លួន ហើយជឿជាក់ថាខ្លួនឯងអាចកែប្រែវាបាន។
៥) មើលឃើញពីភាពជោគជ័យរបស់អ្នក
មនុស្សជាច្រើនខំប្រឹងប្រែងដើម្បីជោគជ័យ តែដោយសារសំណាង និងឱកាសដើរលើផ្លូវស្របគ្នានៅឡើយទើបមិនទាន់អាចសម្រេចបំណងធ្វើឲ្យគេទទួលបរាជ័យ។ បន្ទាប់ពីបរាជ័យអ្នកទាំងនោះលែងមើលឃើញពីភាពជោគជ័យរបស់ខ្លួន ហើយក៏បោះបង់ក្តីស្រមៃដែលធ្លាប់មានចោលស្ទើរទាំងស្រុង។ បើអ្នកចង់ជោគជ័យពិតប្រាកដលុះត្រាតែអ្នកនៅតែបន្តសំលឹងមើលឲ្យឃើញពីភាពជោគជ័យរបស់ខ្លួន ទើបអ្នកមានកំលាំងដើរទៅមុខ។
៦) អនុវត្តច្រើនជាងនិយាយ
ពាក្យនេះសាមញ្ញណាស់ បើអ្នកចង់បានលទ្ធផលការងារចូរធ្វើឲ្យបានច្រើនជាងនិយាយ។ អ្នកត្រូវដឹងពីគោលបំណងនិងគោលដៅដែលអ្នកត្រូវធ្វើដំណើរទៅ រកផ្លូវដើរឲ្យដល់ទោះបីផ្លូវលំបាកប៉ុនណា ផ្លូវទាល់ច្រើនក៏ត្រូវស្វែងរកផ្លូវវាងផ្សេង ចាំតែម្យ៉ាងថាធ្វើយ៉ាងណាក៏ដោយឲ្យតែទៅដល់ ចៀសវាងបានត្រឹមតែនិយាយតែមិនបានសូម្បីលើកជើងដើរចេញទៅ។
៧) ស្វែងរកទំនាក់ទំនងណាដែលមានប្រសិទ្ធិភាព
មនុស្សជោគជ័យជាមនុស្សដែលពោរពេញទៅដោយជំនាញទន់ (Soft Skill) ផ្នែកទំនាក់ទំនងនេះ។ ពួកគេស្គាល់មនុស្សច្រើននៅជុំវិញខ្លួន ដោយសារគេដើរចេញទៅពិភពលោកខាងក្រៅច្រើននោះធ្វើឲ្យគេចេះដឹងពីរបៀបទាក់ទងមនុស្ស។ ចង់ជោគជ័យដូចគេគួរយកជំនាញមួយនេះមកអនុវត្តឲ្យបានញឹកញាប់ អ្វីដែលល្អនោះគឺមិនត្រូវចាំទាល់តែក្លាយជាអ្នកជោគជ៏យសឹមធ្វើទំនាក់ទំនងទេ តែត្រូវចាប់ផ្តើមពីពេលនេះតទៅ។
៨) ខ្វះខ្នែងដើម្បីទៅដល់ទីដៅ
គ្មានអ្វីធំជាងការប្តេជ្ញាចិត្តទេ ទោះជាការងារធំ មានឧបសគ្គយ៉ាងណាបើអ្នកតាំងចិត្តធ្វលការងារនោះហើយមិនយូរមិនឆាប់វានឹងជោគជ័យ។ អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺការព្យាយាមអូសបន្លាយពេលមិនធ្វើវាទៅវិញទេ។
៩) មិនបញ្ឈប់ក្តីស្រមៃ
ដំណើរនៃភាពជោគជ័យគឺការមិនបោះបង់ចោលដោយងាយៗ ហើយបន្តព្យាយាមធ្វើវាឲ្យប្រសើរឡើង។ ភាពជោគជ័យកើតមាន និងនៅតែបន្តកើតមានលុះត្រាតែអ្នកមិនបញ្ឈប់ក្តីស្រមៃរបស់ខ្លួន។
១០) សួរសំនួរ
សួរសំនួរមានន័យថាអ្នកកំពុងបន្តស្វែងរកចំណេះ សហគ្រិនជោគជ័យតែដាក់ខ្លួនឯងឲ្យមមាញឹកជានិច្ចនូវរាល់ការសិក្សា។ មិនមែនទាល់តែទៅសាលាទើបហៅថាជាការសិក្សាទេ តែការរៀនពីអ្វីដែលនៅជុំវិញខ្លួនក៏ជាមេរៀនប្រពៃមួយដែលនៅសាលាមិនបានបង្រៀនទេ។ គេស្វែងយល់ពីអ្វីៗថ្មី គេអាចមើលឃើញពីតម្រូវនិងអ្វីដែលជាការខ្វះចន្លោះរួមបំពេញវាដោយចំណេះថ្មីនោះ។
១១) បញ្ចប់ពេលមួយថ្ងៃៗរបស់អ្នកដោយធ្វើការឆ្លុះបញ្ចាំង និងប្រៀបធៀប
មានន័យថាបញ្ចប់សកម្មភាពរាល់ថ្ងៃ (End Each day) ដោយមានការឆ្លុះបញ្ចាំង និងធ្វើការប្រៀបធៀប បើអ្នកមិនប្រៀបធៀប មិនឆ្លុះបញ្ចាំងពីខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃទេអ្នកមិនអាចដឹងថាខ្លួនឯងមានការរីកចម្រើន ឬអន់ថយជាងមុនទេ៕
ដោយ៖ យ៉ាយ៉ា