រឿងខ្លីឆ្លុះបញ្ចាំងពីគោលដៅជីវិត ជាគតិសម្រាប់ពិចារណា​



មនុស្សម្នាក់ៗមិនអាចគ្មានគោលដៅជីវិតបាននោះទេ ពីព្រោះថាការខ្វះគោលដៅជីវិតនោះរូបអ្នកប្រៀបដូចទៅនឹងចកក្នុងទន្លេរសាត់អណ្ដែត ផ្លាស់ទីទៅតាមទឹកទន្លេឬខ្យល់ មិនស្គាល់កោះត្រើយ។ ការមានគោលដៅជីវិតជាក់លាក់ នោះរូបអ្នកប្រៀបដូចជាមានផែនទីក្នុងដៃដែលដឹងក្នុងខ្លួនច្បាស់ថាអ្នកនឹងទៅទីណា កន្លែងណា ដោយធ្វើការស្វែងរកផ្លូវដើម្បីសម្រេចដូច្នេះដែរ។ ដូចនេះ ថ្ងៃនេះ BizKhmer សូមលើកដកនូវរឿងពិតខ្លីមួយដែលឆ្លុះបញ្ចាំងគោលដៅជីវិតរបស់មនុស្ស ជាគតិក្នុងការពិចារណា៖ 

កាលពីឆ្នំាមុន ខ្ញុំបានជិះតាក់ស៊ី ដើម្បីធ្វើដំណើរទៅបណ្តុះបណ្តាលក្រុមហ៊ុន ឯកជនមួយនៅរាជធានីភ្នំពេញ។ កំពុងធ្វើដំណើរ ខ្ញុំបានសួរទៅកាន់អ្នកបើកតាក់ស៊ីថា៖    “តើប្អូនប្រកបមុខរបរជាអ្នកបើកតាក់ស៊ីនេះយូរប៉ុន្មានហើយ?”

“ជិត៥ឆ្នាំហើយបង” អ្នកបើកបរតាក់ស៊ីឆ្លើយតបមកខ្ញុំយ៉ាងលឿន។ 

“ល្អមែនទែន ប្រហែលជាមុខរបរនេះទទួលបានប្រាក់ចំណូលច្រើនហើយ បានជាអូនធ្វើការងារនេះ ជិត៥ឆ្នំា?” ខ្ញុំបានបន្តសួរដោយក្តីងឿងឆ្ងល់។  

គាត់ឆ្លើយយ៉ាងអស់សំណើចថា៖ “មិនទេបង អ្នកបើកតាក់ស៊ីឯណាអាចក្លាយជា អ្នកមានបាន?”

“ចុះអូនស្រឡាញ់ការងារនេះទេ?” ខ្ញុំបានសួរដោយក្តីចង់ដឹងចង់ឮ។

គាត់ឆ្លើយតបថា៖ “មិនសូវស្រឡាញ់ខ្លាំងទេបង។” 

ខ្ញុំបានបន្តសួរថា៖ តើអូនចង់ធ្វើ អ្វីទៀតបន្ទាប់ បើដូច្នោះ? 

“ខ្ញុំមិនទាន់ដឹងទេបង គួរឲ្យខ្មាស់អៀនមែន” គាត់បានឆ្លើយដោយភាពស្ទាក់ស្ទើរ។

បើអូនមិនប្រកាន់ទេ អូនអាចប្រាប់ខ្ញុំថាអូនមានអាយុប៉ុន្មានហើយឥឡូវនេះ? ” ខ្ញុំបន្តសួរគាត់ទៀតដោយក្តីសង្ស័យ។ 

“សែសិបឆ្នាំហើយបង ជិតស្លាប់ទៅវិញហើយហ្នឹង។”  គាត់ឆ្លើយសើចបណ្តើរទឹក មុខបង្កប់ដោយការភ័យព្រួយ។

ក្នុងចិត្តខ្ញុំពេលនោះកើតក្តីអាណិតអាសូរចំពោះគាត់ ដោយសារខ្ញុំដឹងថា អាយុមធ្យមភាគត្រូវស្លាប់ប្រហែលជា៦០ទៅ៧០ឆ្នាំ (ប្រទេសកម្ពុជា) បន្ទាប់បានឮគាត់ប្រាប់ខ្ញុំអំពីអាយុ និងមិនទាន់ថាគាត់ចង់ធ្វើអ្វីពិតប្រាកដ (គោលដៅជីវិត)។ ខ្ញុំបន្តសួរគាត់ថា៖ “តើអ្នកយល់យ៉ាងដូចម្តេច បើសិនអ្នកសួរ ខ្ញុំថាតើបងចង់ទៅឯណា ហើយខ្ញុំឆ្លើយថា មិនដឹងចង់ទៅណាទេ។”

ខ្ញុំជឿជាក់ថា អ្នកប្រាកដជាថាខ្ញុំឆ្លួតហើយ មកជិះតាក់ស៊ី តែមិនដឹងថាទៅឯណា ទៅវិញ។ 

ទឹកមុខបុរសអុ្នករត់តាក់ស៊ីនោះក៏ចាប់ផ្តើមផ្លាស់ប្តូរ គាត់់ចាប់ផ្តើមដកដង្ហើមវែងៗ បន្ទាប់គាត់បាននិយាយដោយក្តីទុក្ខព្រួយថា៖ “បងនិយាយត្រូវ គ្មានអ្វីឈឺចាប់ដូចរឿងនេះទេ វាជាការខ្ជះខ្ជាយពេលវេលា និងធនធានដ៏ច្រើនឥតគណនាពេកហើយនៅក្នុងជីវិតរបស់យើង ដោយយើងមិនដឹងថាយើងត្រូវទៅណាដូច្នោះ?”

ចុះមិត្តអ្នកអានវិញដឹងថាអ្នកចង់បានអ្វីក្នុងជីវិតហើយឬទេ?

នេះសបញ្ជាក់ឲ្យឃើញថាមនុស្សមួយចំនួន បើទោះបីជាមានអាយុច្រើនទៅហើយក្ដីក៏មិនទាន់ដឹងថាខ្លួនចង់បានអ្វី រកមិនទាន់ឃើញគោលដៅជីវិតនៅឡើយ។ ការពិតទៅមានមនុស្សជាច្រើនណាស់ដែលមិនទាន់មានគោលដៅជិវិត។ ដូចនេះ អ្នកគួរតែព្យាយាមស្វែងរកគោលដៅជីវិតរបស់អ្នកឲ្យបានឆាប់រហ័ស ពីព្រោះការគ្មានគោលដៅមិនខុសពីមនុស្សដែលឡើងជិះតាក់ស៊ីហើយមិនដឹងថាខ្លួនទៅណានោះទេ៕

ដោយ៖ គុណ វិជ្ជា

 

X
5s