អ្នក​​ស្រាវជ្រាវ​​បាន​បង្ហើប​មូលហេតុ ៩ ដែល​ធ្វើ​ឲ្យ​អ្នកណា​ម្នាក់​​បាក់ចិត្ត​លង់​ស្រលាញ់​អ្នក​



បើ​អ្នក​មើល​ជីវិត​គូ​នៅ​ជុំវិញ​អ្នក អ្នក​នឹង​សង្កេត​ឃើញ​ថា វា​កើត​ឡើង​ដោយសារ​ក្តី​ស្រលាញ់​របស់​មនុស្ស​ពីរ​នាក់​បាន​ជួប​គ្នា។ ក៏ប៉ុន្តែ​អ្នក​អាច​មិន​បាន​ដឹង​ថា តើ​ជីវិត​គូ​របស់​អ្នក​ទាំង​នោះ​ឆ្លងកាត់​អ្វី​ខ្លះ​ទេ​មុន​នឹង​មាន​ថ្ងៃ​នេះ? តាម​ពិត​ទៅ​ស្រលាញ់​អ្នកណា​ម្នាក់​ងាយស្រួល​ទេ ប៉ុន្តែ​អ្វី​ដែល​ពិបាក​នោះ​ តើ​ធ្វើ​ដូចម្តេច​ទើប​ឲ្យ​ម្នាក់​ដែល​អ្នក​ស្រលាញ់ មក​ស្រលាញ់​អ្នក​វិញ? 

ដឹង​ចម្លើយ​ហើយ​ឬ​នៅ? បើ​មិន​ទាន់​ដឹង​ទេ សាកល្បង​មើល​មូលហេតុ​សំខាន់ៗ​មួយ​ចំនួន​​ខាងក្រោម​នេះ​ដែល​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា វា​អាច​ជួយ​ឲ្យ​អ្នកណា​ម្នាក់​មក​លង់​ស្រលាញ់​អ្នក​កាន់តែ​ខ្លាំង។ 

១.ប្រសិន​បើ​​ទិញ​​អចលនទ្រព្យ​បែប​ធម្មជាតិ​សម្រាប់​ស្នាក់នៅ និង​លំហែ​កម្សាន្ត
ការ​សិក្សា​មួយ​​នៅ​ឆ្នាំ ២០១៦  បាន​រក​ឃើញ​ថា​  បុរស​ និង​ស្ត្រី​ដែល​​​ទិញ​អចលនទ្រព្យ​បែប​ធម្មជាតិ​ដូចជា​ផ្ទះ​​ដែល​មាន​អម​ដោយ​ធម្មជាតិ​ស្រស់បំព្រង​ជាមួយ​ផង​នោះ ​ជីវិត​គូ​របស់​អ្នក​ទាំង​នោះ​មាន​ទំនាក់ទំនង​​យូរអង្វែង​។ ផ្ទុយ​ទៅ​វិញ ​អ្នក​​ដែល​ចូលចិត្ត​ទិញ​​សម្ភារៈ​ទំនើបៗ​ក្នុង​ជីវិត​​​​បែប​ហ៊ឺហា​ ​មាន​ភាព​ទាក់ទាញ​តែ​​​ផ្នែក​រូបសម្បត្តិ​​តែប៉ុណ្ណោះ និង​​​​អាច​រក្សា​​ទំនាក់ទំនង​​បាន​រយៈពេល​ខ្លី​ជាង​។

២.ប្រសិន​បើ​អ្នក​​​​ប្រកាន់​ចរិត​រឹងរូស​ធ្វើ​ដូចជា​មិន​ចាប់​អារម្មណ៍​អ្នកណា​ម្នាក់​ដែល​ស្រលាញ់​អ្នក​
ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ ២០១៤ បាន​បង្ហាញ​ថា បុរស​ដែល​ធ្លាប់​មាន​បទពិសោធន៍​ញ៉ែស្រី​​​ងាយៗ រាប់​មិន​អស់​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​​នឹង​លង់​ស្រលាញ់​ខ្លាំង​​នារី​រូប​ណា​ដែល​មិន​ងាយ​​បុរសៗ​ណា​ស្រលាញ់​បាន​។ ប៉ុន្តែ​​នារីៗ​ដែល​ល្បែង​មួយ​នេះ​ បុរសៗ​ភាគច្រើន​មិន​សូវ​ចូលចិត្ត​ឡើយ។ សុភាព​នារី​ដែល​ចង់​ធ្វើ​បែប​នេះ​បាន​គឺ​អាស្រ័យ​លើ​ស្ថានភាព​មួយ​ចំនួន​ប៉ុណ្ណោះ ពោល​គឺ​នៅ​ពេល​ដែល​បុរស​ដែល​កំពុង​តាម​ស្រលាញ់​អ្នក ប្ដេជ្ញាចិត្ត​ជ្រើសរើស​អ្នក​ជា​គូ​អនាគត​តែប៉ុណ្ណោះ។ បើ​មិន​ដូច្នេះ​ទេ កុំ​ថា​ឡើយ​ក្តី​ស្រលាញ់ សូម្បី​តែ​ចូលចិត្ត​ក៏​បុរសៗ​ទាំង​នោះ​មិន​​​មាន​ផង។​​​

៣.​តាម​រយៈ​ការ​បញ្ចេញ​ទឹកមុខ​
សុភមង្គល​គឺ​ជា​ទូទៅ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់​​សម្រាប់​នារី​ទាំងឡាយ​ប្រាថ្នា​ចង់​បាន ប៉ុន្តែ​វា​​​វា​ហាក់​មិន​សូវ​សំខាន់​ប៉ុន្មាន​ឡើយ​សម្រាប់​បុរសៗ។ ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ ២០១១ ដែល​បាន​ធ្វើ​ពិសោធន៍​លើ​មនុស្ស​ជាង ១ ពាន់​នាក់​ ដោយ​បង្ហាញ​រូបថត​របស់​​​មនុស្ស​មួយ​ក្រុម​​ មាន​ស្រី​មាន​ប្រុស និង​​បាន​សាកសួរ​ពួកគេ​ពី​ភាព​ទាក់ទាញ​របស់​មនុស្ស​ម្នាក់​​នៅ​ក្នុង​រូបថត​នោះ។

លទ្ធផល​បាន​បង្ហាញ​ថា​  បុរសៗ​យល់​ថា​ស្ត្រី​មាន​ភាព​ទាក់ទាញ​បំផុត​នៅ​ពេល​ពួកគេ​មើល​ទៅ​ជា​នារី​ដែល​​សប្បាយ​ចិត្ត​ និង​មិន​សូវ​ទាក់ទាញ​នៅពេល​ពួកគេ​បង្ហាញ​ពី​មោទនភាព​ខ្លួនឯង​ជ្រុល​ពេក​។ ផ្ទុយ​ទៅវិញ​នារីៗ ​យល់​ឃើញ​ថា បុរស​ដែល​គួរឲ្យ​​ទាក់ទាញ​បំផុត​​គឺ​ជា​បុរស​ដែល​មាន​​មោទនភាព​​លើ​ខ្លួនឯង ហើយ​បុរស​មិន​សូវ​ទាក់ទាញ​នៅ​ពេល​ពួកគេ​​ជា​​បុរស​សប្បាយ​ចិត្ត​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​​ទាក់ទាញ​ផង​ដែរ​​នោះ គឺ​​ភាព​ខ្មាសអៀន​ត្រូវ​បាន​ចាត់​​ទុក​ថា គួរឲ្យ​ទាក់ទាញ​ទាំង​​បុរស​ និង​​​នារី​។

៤.ប្រសិន​បើ​អ្នក​ប្រើ​កាយវិការ​​ច្រើន​ពេល​ពិភាក្សា​ពី​នេះ​ពី​នោះ​
ការ​សិក្សា​នៅ​ឆ្នាំ ២០១៦ អ្នក​ស្រាវជ្រាវ​បាន​​​ពិសោធន៍​ទៅ​លើ​បុរស និង​​នារី​នៅ​​ពេល​មាន​ការ​ណាត់ជួប​មួយ​របស់​ពួកគេ​​ម្នាក់ៗ​​។ លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ទាំង​នោះ​កាន់តែ​​ចាប់​អារម្មណ៍​ទ្វេ​​ដង​នៅ​ពេល​​បាន​ឃើញ​ដៃគូ​របស់​ខ្លួន​ប្រើ​កាយវិការ​សន្ទនា​បាន​ត្រឹមត្រូវ និង​រស់រវើក ​ជាង​ដៃគូ​ដែល​​អង្គុយ​ ឬ​ឈរ​និយាយ​នៅ​​ស្ងៀម​ដូច​គល់​ឈឺ។ 

៥.ប្រសិន​បើ​អ្នក​មាន​អត្តចរិត​ប្រហាក់ប្រហែល​គ្នា
ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ទសវត្ស​កន្លង​ទៅ​ដែល​ថា  "​​អត្តចរិត​ផ្ទុយគ្នា​​មាន​ភាព​ទាក់ទាញ" ត្រូវ​បាន​បិទ​បញ្ចប់​ហើយ។ លោក  Gian Gonzaga ប្រធាន​ក្រុមហ៊ុន Data Scienceដែល​ជា​អ្នកដឹកនាំ​​ស្រាវជ្រាវ​​​លើ​គូ​ស្វាមី​ភរិយា​​បាន​​លើក​ឡើង​ថា បុរស នារី​ដែល​មាន​អត្តចរិត ឬ​បុគ្គលិក​លក្ខណៈ​ស្រដៀង​គ្នា ​នឹង​​មាន​អារម្មណ៍​ដូចគ្នា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ លោក​បន្ត​ថា អត្តចរិត​ប្រហាក់ប្រហែល​គ្នា​នេះ បាន​ធ្វើ​​ឲ្យ​គូស្នេហ៍​នោះ​ងាយ​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។

៦.ប្រសិន​បើ​អ្នក​​ប្រើ​ក្រសែភ្នែក​សម្លឹង​ដាក់គ្នា​​ចំៗ​រហូត​ដល់ ២​នាទី
ឥឡូវ​នេះ​សូម​ត្រឡប់​ទៅ​មើល​ការ​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Massachusetts កាល​ពី​ឆ្នាំ ១៩៨៩ ​។ ការ​ស្រាវជ្រាវ​នៅ​ពេល​នោះ​បាន​បង្គាប់​ឲ្យ​​មនុស្ស​ជា​ច្រើន​គូ​ឈរ​សម្លឹង​ដាក់​គ្នា​មិន​ព្រិច​ភ្នែក​ដោយ​ប្រើ​ពេល ២​នាទី។ ជា​លទ្ធផល​អ្នក​ទាំង​នោះ​បាន​សារភាព​ថា ពួកគេ​មាន​អារម្មណ៍​ថា ក្តី​ស្រលាញ់​របស់​ខ្លួន​ទៅ​កាន់​ដៃគូ​របស់​ពួកគេ​មាន​ការ​កើន​ឡើង។  សាកលវិទ្យាល័យ​នេះ​បាន​អះអាង​ថា វិធី​នេះ​​​មាន​ប្រសិទ្ធភាព​បើ​ទោះបី​ជា​មិន​ធ្លាប់​ស្គាល់​​គ្នា​ពី​មុន​មក​ក៏ដោយ។

៧.ប្រសិន​បើ​អ្នក​មាន​ក្លិន​ក្រអូប
ការ​ស្រាវជ្រាវ​មួយ​របស់​​សាកលវិទ្យាល័យ  Southern California បាន​រក​ឃើញ​ថា បុរសៗ​ឬ​នារីៗ​ដែល​មាន​ក្លិន​ក្រអូប​ មាន​ភាព​ទាក់ទាញ​​ជាង​អ្នក​ដែល​មិន​មាន​ក្លិន​ក្រអូប។ ការ​ប្រើ​ទឹកអប់ ជា​ពិសេស​ទឹកអប់​ដែល​ថ្លៃៗ ដែល​ប្រើ​នៅ លើ​សំលៀកបំពាក់​របស់​ពួកគេ នឹង​ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ភ្លាមៗ​នៅ​ពេល​​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស។

៨.ប្រសិន​បើ​អ្នក​ចិញ្ចឹម​ឆ្កែ
ការ​ពិសោធន៍​មួយ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៤ ទៅ​លើ​នារី​អ៊ីស្រាអែល​ ១០០ នាក់​ដោយ​បង្គាប់​ឲ្យ​ពួកគេ​អាន​​ពាក្យ​មួយ​ឃ្លា​អប​ដោយ​​​រូបភាព​បុរសៗ​ផ្សេងៗ​គ្នា។ ជា​លទ្ធផល​បាន​បង្ហាញ​ថា មិន​ថា​បុរស​នោះ​ជា​មនុស្ស​បែប​ណា នារីៗ​​បាន​ឲ្យ​តម្លៃ​ទៅ​លើ​បុរសៗ ដែល​ចិញ្ចឹម​ឆ្កែ​​ថា ​ស័ក្តិសម​ជា​ដៃគូ​ជីវិត​​របស់​ខ្លួន​ ជាង​បុរសៗ​ដែល​ចិញ្ចឹម​ឆ្មា។ ការ​ស្រាវជ្រាវ​​នេះ​ក៏​បាន​សន្និដ្ឋាន​​ថា​  អ្នក​ចិញ្ចឹម​សត្វ​ជា​មនុស្ស​មាន​សមត្ថភាព ​មាន​ការ​ប្ដេជ្ញាចិត្ត​​ខ្ពស់​សម្រាប់​អនាគត​វែងឆ្ងាយ​ខាងមុខ និង​ក៏​បង្ហាញ​ផង​ដែរ​ថា​ អ្នក​ទាំង​នោះ​ជា​មនុស្ស​​ចិត្ត​ទូលាយ មិន​ប្រកាន់ និង​ជា​​មនុស្ស​រីករាយ​ទៀត​ផង​​។

៩.ប្រសិន​បើ​អ្នក​មើល​ទៅ​​ស្រស់​ស្អាត​សង្ហារ​បាន​ស្មើ ឬ​មិន​​បាន​ស្មើ​​​ពួកគេ
នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​កាល​ពី​ឆ្នាំ ២០១០  ​គេ​បាន​យក​​​​រូបថត​ចៃដន្យ​​របស់​មនុស្ស​ចម្លែកៗ​ទៅ​​ដាក់​ផ្គូផ្គង​រូបថត​របស់​​មនុស្ស​មួយ​ក្រុម​​ដើម្បី​ប្រៀបធៀប​តាម​វិធី​២​យ៉ាង។ ទី១ យក​រូបថត​ចៃដន្យ​របស់​មនុស្ស​ចម្លែក​ទាំង​នោះ​ដែល​មាន​រូបរាង​ស្អាត​ជាង និង​សង្ហារ​ជាង​ទៅ​ផ្គូផ្គង​​អ្នក​ចូលរួម និង​ទី២  យក​រូបថត​ចៃដន្យ​របស់​មនុស្ស​ចម្លែក​ទាំង​នោះ​ដែល​មាន​រូបរាង​មិន​សូវ​​​ស្អាត​ជាង និង​​មិន​សង្ហារ​ជាង​​​​អ្នក​ចូលរួម។ ជា​លទ្ធផល​ពួកគេ​បាន​សារភាព​ថា ខ្លួន​ចាប់​អារម្មណ៍​​​អ្នក​ដែល​ស្រស់​ស្អាត​សង្ហារ​​ប្រហាក់ប្រហែល ឬ​មិន​សូវ​ស្អាត​សង្ហារ​​​ដូច​ខ្លួន​ច្រើន​ជាង​អ្នក​ដែល​ស្អាត​ជាង និង​សង្ហារ​ជាង​​​​ខ្លួន​៕

ប្រភព៖ Businessinsider

X
5s