Walmart នឹងបញ្ឈប់បុគ្គលិកប្រមាណ ៦០០ នាក់ចាប់ពីខែកញ្ញាខាងមុខនេះ​



ការិយាល័យ Walmart នៅទីក្រុង Charlotte រដ្ឋ Carolina ភាគខាងជើង នឹងធ្វើការបញ្ឈប់បុគ្គលិកប្រមាណ ៦០០ នាក់ ចន្លោះពីខែកញ្ញា ២០១៩ ដល់ ខែមករា ២០២០ខាងមមុខនេះ។ 

យោងតាម Retail Dive បានឲ្យដឹងថា សាជីវកម្មលក់រាយ Walmart មួយនេះបញ្ជាក់ច្បាស់ពីចំនួននិងផ្នែកនៃបុគ្គលិកដែលនឹងត្រូវបញ្ឈប់នោះគឺជាបុគ្គលិកកាន់ការងារផ្នែកហិរញ្ញវត្ថុ និងគណនេយ្យចំនួន ៥៦៩ នាក់ ដោយជំនួសវិញដោយការប្រើសេវាកម្ម Genpact ក្នុងការគ្រប់គ្រងប្រព័ន្ធគណនេយ្យ ហិរញ្ញវត្ថុរបស់ខ្លួនវិញ។ អ្នកនាំពាក្យរបស់ Walmart បានប្រាប់សារព័ត៌មាន Business Insider ដែរថា “វាពិតជាមានការលំបាកខ្លាំងណាស់ក្នុងការបញ្ឈប់បុគ្គលិកដែលធ្លាប់បំរើការងារ ហើយក្នុងចំនួនច្រើនបែបនេះ យើងដឹងច្បាស់ថាវាមានផលប៉ះពាល់ច្រើន”។ លោកក៏បានបន្ថែមទៀតដែរថា “យើងសូមកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់ពួកគេ ហើយយើងប្តេជ្ញាដោះស្រាយគ្រប់ការផ្លាស់ប្តូរក្នុងរយៈពេលប្រាំពីរខែទៀតដោយរលូននិងគោរពបំផុត”។ 

ទោះបីជា Walmart ធ្វើការបញ្ឈប់បុគ្គលិកយ៉ាងក្នុងរដ្ឋ Carolina ភាគខាងជើងនេះចាប់ពីថ្ងៃ ១៣ កញ្ញា ២០១៩ ក្តី វាផ្តល់ផលប៉ះពាល់ដល់បុគ្គលិកបន្តិចក៏ពិតមែន តែសាខាមួយនេះមិនត្រូវបានបិទទ្វារទេ។ សាខាមួយនេះនឹងនៅតែមានប្រតិបត្តិការក្នុងការតម្រង់ទិសបុគ្គលិក ( human resources-oriented) ដដែល។

និយាយពីការប៉ះពាល់ដល់បុគ្គលិកដែលនឹងត្រូវគេបញ្ឈប់នេះ អ្នកនាំពាក្យរបស់ Walmart ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុននេះនឹងជួយដល់បុគ្គលិកដែលចាប់អារម្មណ៍ក្នុងធ្វើការជាមួយក្រុមហ៊ុន Walmart ដោយស្វែងរកតំណែងការងារថ្មី ដូចជាធ្វើការនៅក្នុងហាងនៃសាខាផ្សេង ឬមុខងារផ្សេងណាមួយដែលពួកគេគិតថាអាចធ្វើបានក្នុង Walmart។ បន្ថែមពីនេះបុគ្គលិកដែលនឹងត្រូវគេបញ្ឈប់ នឹងទទួលបានការទូទាត់សំណងវិញជាជំងឺចិត្ត ក៏ដូចជាដើម្បីដោះស្រាយជីវភាពក្នុងចន្លោះពេល ៣ ទៅ ៧ខែ (ពីខែកញ្ញា ដល់ខែ មករាឆ្នាំ ២០២០)។

គួរបញ្ជាក់ថា Walmart ជា Multinational Retail Corporation ដែលមានប្រតិបត្តិការអាជីវកម្មជាលក្ខណៈ Hypermarket លក់ទំនិញគ្រប់ប្រភេទ ពិសេសគឺទំនិញដែលមានលក់នៅ Walmart គឺមានតម្លៃទាប ប្រកបដោយគុណភាពល្អ។ Walmart ចាប់ដំណើរការអាជីវកម្មក្នុងឆ្នាំ ១៩៦២ មានទីតាំងនៅទីក្រុង  Bentonville ក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក។ គិតត្រឹមខែមិថុនា ២០១៩ នេះ Walmart មានសាខាសរុបចំនួន ១១,៧៦៦ ទីតាំងទូទាំងពិភពលោក។

ដោយឡែក Genpact ជាក្រុមហ៊ុនមួយដែលដំបូងវាត្រូវបានបង្កើតដំបូងដោយក្រុមហ៊ុន General Electric ឆ្នាំ ១៩៩៧ ប្រើក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងដំណើរការអាជីវកម្មដ៏ធំទូលាយរបស់ GE។ មកដល់ឆ្នាំ ២០០៥ Genpact បានផ្តាច់ខ្លួនចេញពី GE ហើយបំរើសេវាកម្មគ្រប់គ្រងហិរញ្ញវត្ថុនេះសម្រាប់ក្រុមហ៊ុនដទៃ ក៏ដូចជាអតិថិជនបន្ថែមក្រៅពី GE៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s