«...ខណៈមួយដែលគាត់សម្រេចចិត្តថាចង់ស្លាប់ គ្មានអ្វីមួយនៅលើលោកនេះដែលអាចធ្វើឲ្យគាត់ចង់រស់នៅទៀតនោះទេ»​



នៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា To Live ដែលត្រូវបាននិពន្ធដោយអ្នកនិពន្ធជនជាតិចិនម្នាក់ឈ្មោះ Yu Hua មានឃ្លាមួយបានសរសេរថា «មិនថាបុគ្គលនោះសំណាងប៉ុណ្ណាក៏ដោយ ខណៈមួយដែលគាត់សម្រេចចិត្តថាចង់ស្លាប់ គ្មានអ្វីមួយនៅលើលោកនេះដែលអាចធ្វើឲ្យគាត់ចង់រស់នៅទៀតនោះទេ។» ឃ្លានេះពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ ជាពិសេសគឺវាបានឆ្លុះបញ្ចាំងពីការពិតរបស់មនុស្សយើង។

កុំជឿលើភ្នែករបស់អ្នកឲ្យសោះ ព្រោះអ្វីៗមិនមែនចេះតែដូចរូបភាពដែលអ្នកបានឃើញនោះឡើយ។ មនុស្សដែលអ្នកមើលឃើញថាពោរពេញដោយក្ដីសុខមិនប្រាកដថាមានក្ដីសុខ រីឯមនុស្សដែលអ្នកមើលឃើញថាមិនមានក្ដីសុខក៏មិនប្រាកដថាគេគ្មានក្ដីសុខនៅក្នុងជីវិតនោះដែរ។ ផ្ទុយពីអ្វីដែលមនុស្សភាគច្រើនគិត ការពិតទៅមនុស្សដែលមានជីវិតខ្ពង់ខ្ពស់ច្រើនតែជាមនុស្សដែលរងសម្ពាធផ្លូវចិត្តច្រើនជាងគេនេះឯង។ ក្នុងស្ថានភាពខ្លះ ជីវិតរបស់គេមិនមែនជាជីវិតមួយដែលគេចង់បានចេញពីចិត្តនោះឡើយ។ ជួនកាលពួកគេគ្មានជម្រើសតែត្រូវធ្វើតាមការចង់បាននិងការរំពឹងទុកពីក្រុមគ្រួសារនិងមនុស្សនៅក្នុងសង្គម។ មានពេលខ្លះពួកគេគ្មានជម្រើសតែត្រូវដើរផ្លូវមួយនោះដែលជាផ្លូវដែលពួកគេមិនពេញចិត្តក៏ដើម្បីហេតុផលអ្វីមួយ។

ជួនកាលពួកគេចង់ក្លាយជាអ្នកនិពន្ធ តែគ្រួសារបង្ខំគេឲ្យក្លាយជាគ្រូពេទ្យ។ ឬមានពេលខ្លះគេចង់ក្លាយជាអ្នកអវកាស តែស្ថានភាពសង្គមមិនអំណោយផល ឬចង់ក្លាយជាអ្នកធ្វើនំប៉័ង តែសង្គមគេមិនសូវឲ្យតម្លៃជាដើម។ តាមពិតទៅការដែលមនុស្សយើងម្នាក់ៗមានជីវិតមកនេះគឺជាទុក្ខស្រាប់តែហើយ យើងមិនគួរទៅធ្វើអ្វីដែលធ្វើឲ្យជីវិតខ្លួនឯងកាន់តែទុក្ខលើសពីនេះទៀតនោះទេ។ យើងគួរតែចាប់ផ្ដើមរស់នៅជីវិតមួយដែលយើងតែងប្រាថ្នាចង់រស់នៅ មិនថាមានឧបសគ្គរារាំងបែបណាក៏ដោយ លើកលែងតែអ្វីដែលអ្នកចង់ធ្វើនោះគឺប៉ះពាល់បៀតបៀនដល់ជីវិតគេឯង នោះទើបជាអ្វីដែលអ្នកត្រូវលះបង់ចោល។

មានពេលខ្លះយើងមើលឃើញជីវិតរបស់កូនអ្នកមានម្នាក់នោះ ហើយលួចច្រណែនគេដែលគេមានអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតមិនថាវិឡាស្កឹមស្កៃ អ្នកបម្រើឆ្វេងស្ដាំ លុយចាយហូរហៀរមិនចេះខ្វះ រីឯឡាននិងឧបករណ៍ប្រើប្រាស់ក៏ទំនើបៗ។ ប៉ុន្តែអ្នកមិនដឹងទេថា ក្នុងចំណោមកូនអ្នកមានទាំងនោះ មានកូនអ្នកមានខ្លះលួចច្រណែនកូនអ្នកស្រែចម្ការដែលមានសេរីភាព រស់នៅជីវិតមួយដែលសប្បាយគ្មានទុក្ខកង្វល់ មានវាលស្រែ រស់នៅជាមួយធម្មជាតិ ធ្វើមិត្តជាមួយសត្វគោក្របីជ្រូកមាន់ទា ពួកគេនឹកស្រណោះខ្លួនឯងដែលមិនអាចរស់នៅយ៉ាងមានសេរីភាពបែបនេះ។

ជីវិតនេះជាទុក្ខស្រាប់ទៅហើយ ដូច្នេះកុំធ្វើអ្វីដែលធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថារស់មិនចំជារស់ ស្លាប់មិនចំជាស្លាប់។ ត្រូវពុះពារអត់ធ្មត់ជម្នះគ្រប់ឧបសគ្គដើម្បីបានរស់នៅជីវិតមួយដែលអ្នកបានធ្វើនូវអ្វីដែលអ្នកស្រឡាញ់ខ្វះមិនបាន ដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ថាជីវិតខ្លួនឯងមានតម្លៃនឹងរស់នៅ នោះទើបអ្នកមានក្ដីសុខពិតប្រាកដ៕

ដោយ៖ ស្រីពៅ

 

X
5s