វៀតណាមបញ្ចេញចង្គូមធ្វើស៊ីចិនដោយដាក់ពន្ធលើផលិតផលនាំចូលមួយចំនួន
យោងតាមសារព័ត៌មាន VOA ប្រទេសវៀតណាមថ្មីៗនេះបានធ្វើស៊ីសេដ្ឋកិច្ចចិនដោយបានតម្លើងពន្ធលើផលិតផលនាំចូលមួយចំនួនរបស់ប្រទេសចិន។ ដោយសារតែផលិផលរបស់ប្រទេសចិនដែលនាំចេញទៅប្រទេសអាមេរិកត្រូវរងគំនាបពន្ធអាមេរិកក្នុងអត្រា ២៥ ភាគរយទើបប្រទេសវៀតណាមបានចោទប្រកាន់ប្រទេសចិនថាយកប្រទេសខ្លួនធ្វើជាផ្លូវរកស៊ីក្នុងការគេចពីគំនាបពន្ធរបស់អាមេរិក។
ពន្ធដែលរដ្ឋាភិបាលដាក់ដើម្បីប្រឆាំងទំនិញនាំចូលដែលមិនប្រក្រតី (anti-dumping tax) របស់វៀតណាមដែលតម្លើងពីកម្រិត ២.៤៦ ភាគរយទៅ ៣៥.៥៨ ភាគរយនឹងត្រូវប៉ះពាល់ផលិតផលអាលុយមីញ៉ូមរបស់ចិនមួយចំនួនដែលពន្ធនេះត្រូវបានដាក់ជាធរមានក្នុងរយៈពេល ១២០ ថ្ងៃ។ ក្រុមហ៊ុនដឹកជញ្ជូនបាននាំចូលផលិតផលនិងទំនិញទាំងនោះពីចិនទៅវៀតណាមមុននឹងនាំចេញទៅប្រទេសអាមេរិក។ ផលិតផលអាលុយមីញ៉ូមទាំងនោះគឺបានត្រូវគេកែលើផលិតផលទាំងនោះពីផលិតក្នុងប្រទេសចិនទៅជាផលិតក្នុងប្រទេសវៀតណាម។ ហេតុដែលក្រុមហ៊ុនដឹកជញ្ជូនធ្វើបែបនេះពីព្រោះអាមេរិកមិនបានដាក់គំនាបពន្ធលើផលិតផលនាំចេញរបស់ប្រទេសវៀតណាមដូចផលិតផលប្រទេសចិន។
ដូចនេះក្នុងការប្រើផ្លូវឆ្លាតបែបនេះពួកក្រុមហ៊ុននាំចេញផលិតផលអាលុយមីញ៉ូមចិនទៅប្រទេសអាមេរិកអាចរួចផុតពីគំនាបពន្ធអាមេរិកមួយគ្រា។ ប៉ុន្តែទីក្រុងហាណូយកើតទុក្ខមិនសុខចិត្តជាមួយនឹងទង្វើបែបនេះទេព្រោះទីផ្សារផលិតផលអាលុយមីញ៉ូមរបស់ខ្លួននឹងត្រូវធ្លាក់ចុះជាក់ជាមិនខានដោយសារមិនអាចប្រកួតប្រជែងជាមួយនឹងផលិតផលចិនទាំងនោះបានក្នុងការនាំចេញទៅអាមេរិកដោយហេតុថាផលិតផលអាលុយមីញ៉ូមចិនមានតម្លៃថោកជាងផលិតផលរបស់វៀតណាម។ ដូចនេះផលិតផលអាលុយមីញ៉ូមរបស់វៀតណាមអាចនឹងត្រូវបាត់បង់ទីផ្សារលើទឹកដីអាមេរិកជាមិនខានបើផលិតផលអាលុយមីញ៉ូមដែលនាំចេញពីវៀតណាមសុទ្ធតែជាផលិតផលរបស់ចិនប៉ុន្តែមិនមែនជារបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសវៀតណាមនិងប្រទេសអាមេរិកបច្ចុប្បន្នគឺកំពុងតែមានភាពស្អិតល្មួតដូចទឹកឃ្មុំនឹងគ្នា។ ប៉ុន្តែក្នុងស្ថានភាពបែបនេះប្រទេសវៀតណាមអាចត្រូវអាមេរិករឹតបន្តឹងលើផលិផលនាំចេញរបស់ខ្លួនទៅអាមេរិកបើសិនជាវៀតណាមមិនព្រមដោះស្រាយបញ្ហានេះអោយមានប្រសិទ្ធភាពព្រោះអាមេរិកនិងចិនឥឡូវគឺកំពុងតែមិនត្រូវរ៉ូវជាមួយគ្នាផង។ ហើយម្យ៉ាងទៀតប្រទេសវៀតណាមអាចនឹងត្រូវលោកដូណាលត្រាំធ្វើស៊ីផងដែរដែលអាចនឹងចោទប្រកាន់ប្រទេសមួយនេះថាចូលដៃចូលជើងជួយចិនក្នុងការគេចពីគំនាបពន្ធដែលទីក្រុងវ៉ាស៊ីនតោនបានដាក់លើទីក្រុងប៉េកាំង។
ហេតុនេះហើយបានជាប្រទេសវៀតណាមបញ្ចេញចង្គូមមួយនេះហ៊ានដាក់ពន្ធ Anti-dumping Tax លើផលិតនាំចូលរបស់ចិនដើម្បីការពារទីផ្សារផលិតផលអាលុយមីញ៉ូមរបស់ខ្លួនក្នុងប្រទេសអាមេរិកដូចអ្វីដែលប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អាស៊ានមានដូចជាប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីជាដើមបានធ្វើដាក់ប្រទេសចិនដែរ។ ហើយធ្វើបែបនេះក៍ជួយបង្ហាញដល់ប្រទេសអាមេរិកថាទីក្រុងហាណូយនៅតែរក្សាភាពស្មោះស្ម័គ្រជាមួយនឹងទីក្រុងវ៉ាស៊ីនតោនដោយមិនបានចូលដៃជួយទីក្រុងប៉ែកាំងឡើយ ខណៈដែលប្រទេសចិនកំពុងតែរងសម្ពាធយ៉ាងខ្លាំងពីទារុណកម្មតម្លើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន។ ការលេងមួយក្បាច់របស់វៀតណាមលើបងធំសេដ្ឋកិច្ចអាស៊ីនេះគឺពិតជាបានបង្ហាញយ៉ាងច្បាស់ថាប្រទេសវៀតណាមកំពុងតែបញ្ចេញឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ានខណៈដែលប្រទេសមួយនេះកំពុងតែមានសន្ទុះសេដ្ឋកិច្ចរីកលូតលាស់ជាងគេក្នុងតំបន់អាស៊ានហើយក៍កំពុងតែមានបងធំអាមេរិកជាខ្នងបង្អែកផងដែរ៕
ដោយ៖ នឿន វណ្ណៈ