លោក កឹម អឿន៖ ពីរជំហានធ្វើឲ្យយើងដឹងពីចំណុចខ្លាំងឬខ្សោយរបស់ខ្លួន
ដើម្បីជាគ្រឹះក្នុងការអភិវឌ្ឍខ្លួនឯង គឺចាំបាច់ណាស់ដែលយើងត្រូវស្គាល់ច្បាស់ពីចំណុចខ្លាំងឬខ្សោយរបស់ខ្លួន ប៉ុន្តែវាពិតជាពិបាកបន្ដិចហើយប្រសិនបើអ្នកមិនបានដឹងអំពីវិធីក្នុងការស្វែងយល់នូវចំណុចទាំងពីរនេះ។ ជាមួយគ្នានេះ លោក កឹម អឿន នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ (LSI) បានចែករំលែកនូវពីរជំហានដើម្បីជាជំនួយក្នុងការស្វែងរកឃើញនូវភាពខ្លាំងឬខ្សោយរបស់ខ្លួន។
ជំហានទីមួយគឺយើងត្រូវសរសេរចំណុចទាំងនោះចូល លោកគ្រូចែករំលែកថា ជាធម្មតាយើងខ្លួនឯងប្រាកដជាដឹងខ្លះហើយថាខ្លួនឯងខ្លាំងអ្វីឬខ្សោយអ្វី ដូច្នេះយើងចាប់ផ្ដើមសរសេរចំណុចទាំងនោះចូលមកឲ្យអស់ ហើយដាក់នៅក្នុងតារាងមួយ។
ជំហានបន្ទាប់ ក្រោយពីសរសេរចំណុចទាំងពីររបស់យើងចូលតារាងរួចហើយ យើងត្រូវផ្ញើរតារាងទាំងនោះទៅឲ្យមិត្តភក្កិជិតស្និតរបស់យើងប្រហែលជា១០នាក់ ដើម្បីឲ្យពួកគាត់ជួយមើថាតើយើងពិតជាខ្លាំងចំណុចឬខ្សោយអ៊ីចឹងមែនឬអត់ ព្រោះជាធម្មតាកាលណាគាត់ជាមិត្តភក្តិជិតស្និតរបស់យើងគាត់ពិតជាអាចដឹងពីយើងច្បាស់។ ដូច្នេះនៅពេលដែលយើងខ្លួនឯងមើលខ្លួនឯងគឺបានមួយចំហៀង ហើយនៅពេលដែលអ្នកដទៃមើលមកយើងគឺបានមួយចំហៀងទៀត នោះទើបយើងអាចចាត់ទុកបានថាយើងដឹងនូវចំណុចខ្លាំងឬខ្សោយរបស់យើងបាន។
លោកគ្រូបន្ថែមថាដោយលើកជាឧទាហរណ៍ថា បើយើងជាមនុស្សម្នាក់ដែលពូកែគិត តើកន្លងមកយើងពិតជាមនុស្សដែលពូកែគិតមែនឬអត់មើលលទ្ធផលទៅមើល ព្រោះជាទូទៅមនុស្សយើងកម្រនឹងអង្គុយគិតថាតើកាលពីប៉ុន្មានឆ្នាំមុនមកដល់ពេលនេះយើងខ្លាំងចំណុចណាហើយខ្សោយចំណុចណានោះទេ ហើយបើឲ្យយើងរកភាពខ្លាំងឬខ្សោយរបស់ខ្លួននោះយើងគ្រាន់តែអង្គុយស្រម៉ៃបន្តិចហើយយើងប្រឹងបញ្ចេញតែម្ដង ប៉ុន្តែយើងមិនគិតវាឲ្យស៊ីជម្រៅទេ ដូច្នេះនៅពេលវិភាគល្អិតល្អន់ទើបយើងអាចដឹង៕
ដោយ៖ ជួប ស្រីរ័ត្ន