តើការគិតបែប introvert អាចជួយបុគ្គលម្នាក់ឲ្យក្លាយជាអ្នកនាំមុខគេបានដោយរបៀបណា?
ជាទូទៅ នៅក្នុងបរិបទការងារ នៅពេលគេសំដៅលើឥរិយាបថដែលនាំឲ្យបុគ្គលម្នាក់សាងបានសមិទ្ធផលអស្ចារ្យ និងមានភាពលេចធ្លោក្នុងចំណោមអ្នករួមការងារដទៃៗទៀត មនុស្សភាគច្រើនតែងមានទំនោរគិតបែបនេះថា បុគ្គលដែលមានការគិតបែបផ្ដោតទៅលើពិភពខាងក្រៅ (extrovert) ដែលស្ដែងចេញតាមឥរិយាបថដូចជា មានភាពរហ័សរហួន មានភាពបុិនប្រសប់ ឬសិល្បៈក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ តែងមានភាពជោគជ័យក្នុងការងារជាងបុគ្គលដែលមានការគិតបែបផ្ដោតទៅលើពិភពខាងក្នុងរបស់ខ្លួន (introvert)។
សង្គមតែងឲ្យតម្លៃទៅលើអ្នកពូកែប្រាស្រ័យទាក់ទង មានភាពទាក់ទាញ និងលេចធ្លោជាបុគ្គលដែលមានប្រៀបជាង យ៉ាងណាមិញ អ្នកដែលផ្ដោតទៅលើពិភពខាងក្នុងរបស់ខ្លួន មានលក្ខណៈពិសេសបង្កប់នៅក្នុងអត្តចរិតរបស់ពួកគេ ដែលជំរុញពួកគេឲ្យក្លាយជាអ្នកនាំមុខគេក្នុងវិស័យការងារដែលប្រកបដោយការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងពេលបច្ចុប្បន្ននេះ។ តើលក្ខណៈពិសេសទាំងនោះជាអ្វី ហើយថាតើការគិតតាមរបៀបពួកគេអាចជួយអ្នកឲ្យក្លាយជាបុគ្គលនាំមុខគេបានដោយរបៀបណា?
១) គិតមុននឹងនិយាយស្ដី៖ ទម្លាប់ក្នុងការឆ្លើយតបទៅកាន់អ្នកដទៃវិញ ដោយចំណាយពេលវេលារបស់ខ្លួន រួមផ្សំនឹងការស្ដាប់ប្រកបដោយការយកចិត្តទុកដាក់ ផ្ដោតទៅលើបញ្ហានិងប្រធានបទដែលកំពុងចោទឡើង ជួយឲ្យពួកគេបានមើលឃើញពីរូបភាពលម្អិតនៃបញ្ហានោះ ពីឫសគល់ពិតប្រាកដដែលនាំឲ្យកើតជាបញ្ហាឡើង រួចអត្តចរិតនេះ នឹងស្ថាបនាបាននូវដំណោះស្រាយដ៏ល្អមួយឡើង ចេញពីការគិតគូរបានល្អិតល្អន់ និងភាពហ្មត់ចត់របស់ពួកគេ។ ម្យ៉ាងទៀត នៅពេលមានការយកចិត្តទុកដាក់ស្ដាប់អ្នកដទៃនិយាយជាមុន ទំនុកចិត្តនិងការគោរពរវាងគ្នានឹងគ្នាក៏ដុះដាលឡើង ធ្វើឲ្យដំណើរការណ៍ឆ្ពោះទៅរកការសាងសមិទ្ធផលនឹងប្រព្រឹត្តទៅដោយរលូន។
២) ការរួមចំណែកក្នុងក្រុមយ៉ាងអស់ពីចិត្តពីថ្លើម៖ ការយល់ឃើញដូចៗគ្នាអាចនឹងចោទឡើងថា បុគ្គលដែលមានការគិតបែបផ្ដោតទៅលើពិភពខាងក្រៅ នឹងក្លាយជាបុគ្គលដែលលេចធ្លោជាងគេនៅក្នុងការងារក្រុម។ ដោយឡែក ការរួមសហការគ្នា វេញត្របាញ់បញ្ចូលគ្នាជាធ្លុងមួយនូវទេពកោសល្យពិសេសរបស់សមាជិកក្នុងក្រុម ប្រៀបបាននឹងប្រេងរំអិលសម្រាប់បញ្ឆេះគ្រឿងយន្តឲ្យមានដំណើរការណ៍ទៅមុខបានដោយរលូន។ ចំពោះបុគ្គលគិតបែបផ្ដោតទៅលើពិភពខាងក្នុងរបស់ខ្លួនវិញ គឺជាបុគ្គលដែលមានអត្តចរិតដែលជាគុណតម្លៃសម្រាប់ការរួមសហការបានយ៉ាងល្អប្រសើរ ព្រោះថាពួកគេតែងស្ដាប់អ្នកដទៃជាមុន ទទួលស្គាល់នូវភាពខុសប្លែកគ្នាក្នុងការគិតរបស់បុគ្គលម្នាក់ៗ និងរួមបញ្ចូលនូវភាពខុសប្លែកទាំងនោះ និងស្ថាបនានូវគំនិតច្នៃប្រឌិតឲ្យផុសចេញមក ដែលរង់ចាំសាទរនឹងសមិទ្ធផលដ៏អស្ចារ្យរបស់ក្រុមពួកគេ។
៣) បង្កើតខ្សែបណ្ដាញទំនាក់ទំនងរបស់អ្នក៖ ចូរផ្ដោតទៅលើគុណភាពជាជាងបរិមាណ។ ចំពោះសម្ពន្ធភាពក៏មិនខុសគ្នាដែរ បុគ្គលផ្ដោតទៅលើពិភពខាងក្នុងរបស់ខ្លួន តែងមានភាពម៉ត់ចត់ បន្សុទ្ធ និងបង្រួមសម្ពន្ធភាពរបស់ពួកគេឲ្យមានចំនួនតិចតួច តែជាសម្ពន្ធភាពជាមួយបុគ្គលសំខាន់ៗ ជាហេតុនាំឲ្យពួកគេតែងបង្កើតបាននូវសម្ពន្ធភាពដែលមានភាពជ្រាលជ្រៅ សីុជម្រៅ និងប្រកបដោយអត្ថន័យ។ សម្ពន្ធភាពប្រភេទនេះទៀតសោត តែងដើរតួយ៉ាងសំខាន់សម្រាប់ជំរុញនូវភាពជោគជ័យនៃការងាររបស់ពួកគេជានិច្ច៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ entrepreneur