បើរាប់អានជាមួយមិត្តទាំង៥ប្រភេទនេះ គឺដឹងតែចម្រុងចម្រើនដល់អ្នកតែម្ដង!
ក្នុងជីវិតរបស់មនុស្សម្នាក់ៗក្រៅតែពីគ្រួសារ មិត្តភ័ក្ដិគឺដើរតួសំខាន់ខ្លាំងណាស់ ទាំងការសិក្សា និង ការងារ។ ដូច្នេះហើយប្រសិនបើអ្នក រាប់អានមិត្តភ័ក្ដិមិនល្អ នោះក៏ផ្ដល់ផលអវិជ្ជមានខ្លាំងសម្រាប់ជីវិតរបស់អ្នកដែរ។ ខាងក្រោមនេះ ជាមិត្ត៥ប្រភេទដែលអ្នកមិនត្រូវមើលរំលង៖
១) មិត្តភ័ក្ដិដែលស្មោះត្រង់៖ មិត្តភាពមិនអាចកើតឡើង និង រក្សាបានយូរអង្វែងនោះឡើយប្រសិនបើ ភាគីទាំងសងខាងគ្មានភាពស្មោះត្រង់ជាមួយគ្នា។ នៅពេលអ្នកអាចជួបមិត្តភ័ក្ដិណាមួយដែលមានចិត្តស្មោះត្រង់នោះ សូមកុំមើលរំលង ឬ មិនយកចិត្តទុកដាក់ឲ្យសោះ ព្រោះមិនងាយរកបានមនុស្សប្រភេទនេះឡើយ។
២) មិត្តភ័ក្ដិដែលមិនប្រកាន់មានឬក្រ៖ មនុស្សមួយចំនួនគឺ តែងតែប្រកាន់វណ្ណៈខ្លាំងណាស់ ពោលគឺគេរាប់អានតែអ្នកដែលមានទ្រព្យសម្បត្តិឬ វណ្ណៈប្រហាក់ប្រហែលគ្នានោះទេ ដូច្នេះមនុស្សប្រភេទនេះ អ្នកមិនងាយនឹងបង្កើតមិត្តភាព ឬ រក្សាមិត្តភាពបានឡើយ ហើយក៏មិនបានផ្ដល់ផលល្អអ្វីនោះដែរ។ តែប្រសិនបើអ្នកជួបមនុស្សដែល ផ្ដល់តម្លៃខ្លាំងលើមិត្តភាពជាជាងលុយ និង វណ្ណៈនោះ វាជារឿងល្អបំផុត។
៣) មិត្តភ័ក្ដិដែលមានការតស៊ូ៖ មនុស្សដែលមានការតស៊ូក្នុងជីវិតខ្លាំងនោះ គឺជាមនុស្សដែលគួរឲ្យគោរព និង រាប់អាន។ ការរាប់អានជាមួយមនុស្សប្រភេទនេះ អាចជួយឲ្យអ្នករៀនសូត្រយ៉ាងច្រើនផងដែរ អំពីការតាំងចិត្តតស៊ូ និង ជម្នះរាល់ឧបសគ្គក្នុងជីវិត។
៤) មិត្តភ័ក្ដិមានចំណេះដឹងខ្ពស់៖ ប្រសិនបើអ្នកមានមិត្តភ័ក្ដិដែលមានចំណេះដឹងខ្ពង់ខ្ពស់នោះ គឺជារឿងល្អមួយ ព្រោះថាអ្នកអាចរៀនសូត្រតាមអ្នកទាំងនោះ ដើម្បីអភិវឌ្ឍខ្លួន ទៅរកការសន្សំចំណេះដឹងឲ្យបានច្រើន សម្រាប់ប្រើប្រាស់ក្នុងជីវិត។
៥) មិត្តភ័ក្ដិពូកែលើកទឹកចិត្ត៖ ជាធម្មតាទេ នរណាក៏ធ្លាប់ជួបការលំបាកដែរ ដូច្នេះហើយវាពិតជាសំខាន់ខ្លាំងណាស់ ដែលត្រូវការមនុស្សដើម្បីលើកទឹកចិត្ត។ ការជួយលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន ជាពិសេសពីមិត្តភ័ក្ដិនោះ គឺកាន់តែប្រសើរ៕
ដោយ៖ អ៊ុន ភក្តី