តើការរៀននៅមហាវិទ្យាល័យពិតជាមានតម្លៃណាស់មែនទេ?
នេះគឺជាសំនួរមួយដែលកំពុងចាក់ដោតនៅក្នុងពេលបច្ចុប្បន្ននេះ។ នៅខាងក្រោមនេះ អ្នកនឹងបានស្វែងយល់បានយ៉ាងលម្អិតទាក់ទងទៅនឹងប្រធានបទនេះដែលថា តើការអប់រំនៅមហាវិទ្យាល័យពិតជាមានតម្លៃ ឬយ៉ាងណា?
១.បើយោងតាមការអះអាងរបស់ធនាគារកណ្ដាលអាមេរិកបានបង្ហាញថា ការអប់រំនៅមហាវិទ្យាល័យពិតជាមានតម្លៃមែន
ជាការពិតថ្លៃចំណាយលើការសិក្សានៅថ្នាក់មហាវិទ្យាល័យបានកើនឡើងជារៀងរាល់ឆ្នាំ ហើយបំណុលរបស់និស្សិតក៏កើនឡើងដែរ។ យ៉ាងណាមិញ ការស្រាវជ្រាវរបស់ធនាគារកណ្តាលអាមេរិកបាននិយាយថា ការសិក្សានៅមហាវិទ្យាល័យនៅតែជាការវិនិយោគដ៏ល្អមួយ។ សញ្ញាប័ត្រដែលសិស្សនិស្សិតទទួលបាន បានជួយឲ្យពួកគេទទួលបានប្រាក់ខែខ្ពស់ជាងអ្នកដែលមិនមានសញ្ញាប័ត្រ។ ស្ថាប័ននេះបានបន្ថែមទៀតថា ជាមធ្យមនិស្សិតដែលបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ អាចរកចំណូលបាន ៧៨ ០០០ ដុល្លារក្នុងមួយឆ្នាំ បើប្រៀបធៀបទៅ នឹងអ្នកមិនមានសញ្ញាប័ត្រដែលរកប្រាក់ចំណូលបានត្រឹម ៤៥ ០០០ ដុល្លារ និង ៣៣ ០០០ ដុល្លារសម្រាប់អ្នកដែលរៀនចប់ត្រឹមថ្នាក់វិទ្យាល័យ។
២.ប៉ុន្តែមានករណីលើកលែងផងដែរ
យ៉ាងណាក៏ដោយ ធនាគារកណ្តាលអាមេរិកក៏បានអះអាងផងដែរថា ប្រសិនបើអ្នករៀនបានត្រឹមតែ ២៥% នៃកម្មវិធីសាលា បោះបង់ការសិក្សា ឬ ចំណាយពេលរៀនច្រើនជាង ៤ឆ្នាំ ផលប្រយោជន៍ដែលអ្នកទទួលបានពីការអប់រំនៅថ្នាក់មហាវិទ្យាល័យនឹងមិនល្អដូចអ្វីដែលអ្នករំពឹងទុកនោះឡើយ។
៣.យ៉ាងណាក៏ដោយ វាក៏អាស្រ័យផងដែរលើប្រភេទមហាវិទ្យាល័យដែលអ្នករៀន
វាមានការពិបាកក្នុងការនិយាយទូទៅអំពីពាក្យថា "មហាវិទ្យាល័យ" នៅពេលដែលវាមានច្រើនប្រភេទផ្សេងៗគ្នា។ ឧទាហរណ៍មាន មហាវិទ្យាល័យរបស់ក្រុមហ៊ុនឯកជន មហាវិទ្យាល័យសាធារណៈ របស់រដ្ឋ វិទ្យាស្ថាន និងសាលាបណ្ដុះបណ្ដាលជាច្រើនទៀត។ គុណតម្លៃតិច ឬច្រើន មានឬអត់ គឺអាស្រ័យផងដែរលើគុណភាពដែលអ្នកទទួលបានពីសាលាដែលអ្នករៀន។
៤.ស្ថានភាពរបស់មនុស្សម្នាក់ គឺផ្សេងៗគ្នា
វាជារឿងពិបាកក្នុងការនិយាយថា ការរៀននៅមហាវិទ្យាល័យ "ត្រឹមត្រូវសម្រាប់អ្នក" ពីព្រោះនិស្សិតម្នាក់ៗមានស្ថានភាពខុសៗគ្នា។ មនុស្សម្នាក់ៗស្ថិតនៅក្នុងកាលៈទេសៈ ស្ថានភាពរស់នៅ ស្ថានភាពហិរញ្ញវត្ថុ ឬក្នុងលក្ខខណ្ឌមួយរៀងៗខ្លួន។ នៅពេលអ្នកយល់ឃើញថា រៀនមុខវិជ្ជាមួយសំខាន់ ឬធ្វើឲ្យអ្នករកលុយបានច្រើន អ្នកនឹងហ៊ានចំណាយលុយដើម្បីរៀនមុខវិជ្ជានោះ ហើយការរៀននៅមហាវិទ្យាល័យពិតជាសំខាន់សម្រាប់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមានសមត្ថភាពអាចរកលុយ ឬមានវិធីធ្វើឲ្យអ្នកអាចទទួលបានចំណេះដឹងច្រើនជាងនៅសាលា នោះការរៀននៅមហាវិទ្យាល័យ វាមិនមែនជារឿងចាំបាច់សម្រាប់អ្នកនោះទេ។ អ្នកខ្លះទៀត បើកជំនួញជោគជ័យដោយមិនចាំបាច់រៀនថ្នាក់មហាវិទ្យាល័យ។ នេះមានន័យថា កាលៈទេសៈមនុស្សមានរៀងៗខ្លួន ហើយវាអាស្រ័យលើការសម្រេចចិត្ត និងជម្រើសដែលមនុស្សម្នាក់ៗជ្រើសរើស។
៥.មុខវិជ្ជា និងអាជីពរបស់អ្នកពិតជារឿងសំខាន់ខ្លាំងណាស់
នៅពេលអ្នកចាប់ផ្តើមចូលរៀនថ្នាក់មហាវិទ្យាល័យ វាអាចជារឿងលំបាកសម្រាប់អ្នកដើម្បីឲ្យប្រាកដថា តើគួរជ្រើសរើសមុខវិជ្ជាណាមួយមករៀន និងជោគជ័យក្នុងអាជីពការងារនៅពេលអនាគត? ប្រសិនបើមុខវិជ្ជាដែលអ្នកជ្រើសរើសជាចំណង់ចំណូលចិត្តរបស់អ្នក មានទីផ្សារខ្ពស់ អាចធ្វើឲ្យអ្នករកលុយបានច្រើន នោះឱកាសជោគជ័យរបស់អ្នកក៏ច្រើន។ ដូចនេះ ពាក្យថា រៀនមហាវិទ្យាល័យមិនមានតម្លៃជារឿងមួយមិនអាច ទទួលយកបាន។ យ៉ាងណាមិញ ប្រសិនបើមុខជំនាញរបស់អ្នកមិនអាចយកទៅអនុវត្តបាន មិនអាចឲ្យអ្នកទាញយកផលប្រយោជន៍ច្រើនពីវាបានទេ នោះមានន័យថា ការចំណាយពេល ៤ ឆ្នាំរបស់អ្នកនៅថ្នាក់មហាវិទ្យាល័យបញ្ចប់ទៅដោយការដើរទាត់ខ្យល់។
៦.កុំធ្វើតាមអ្វីដែលអ្នកផ្សេងទៀតកំពុងធ្វើ
ហេតុអ្វី? ពីព្រោះថា មនុស្សម្នាក់ៗមានគោលដៅ ផ្លូវដែលត្រូវទៅ ស្ថានភាព និងក្តីសុបិនខុសគ្នា។ អ្នកសម្រេចចិត្តធ្វើអ្វីមួយស្តាប់តាមបេះដូងរបស់អ្នក។ អ្នកផ្សេងធ្វើអ្វីមួយតាមតម្រូវការរបស់គេ។ អ្នកគឺជាអ្នកគ្រប់គ្រង ដឹកនាំ និងកំណត់ជោគវាសនារបស់អ្នក។ គ្មានអ្នកណាម្នាក់មកឈឺឆ្អាល យកចិត្តទុកដាក់ និងបារម្ភអ្នកជាងខ្លួនអ្នក និងគ្រួសាររបស់អ្នកឡើយ។ ភាពជោគជ័យ បរាជ័យ ឬគុណតម្លៃក្នុងការសិក្សា អាជីពការងារ ស្នេហា ។ល។ គឺមានតែអ្នកប៉ុណ្ណោះដែលដឹងច្បាស់ជាងអ្នកណាទាំងអស់៕
ប្រភព៖ Forbes