ខ្លីតែខ្លឹម! Jeff Bezos ទូន្មានដល់អ្នកដែលមានបំណងចង់ចេញរកស៊ីថ្មីថ្មោង
នៅថ្ងៃនេះ មហាសេដ្ឋីប្រធានក្រុមហ៊ុនយក្ស Amazon លោក Jeff Bezos បានបង្ហើបនូវសារដ៏មានតម្លៃយ៉ាងខ្លីមួយដល់អ្នកដែលមានបំណងចង់ចេញរកស៊ី។ លោកថា អ្នកដែលចង់ចេញរកស៊ី អ្នកត្រូវតែហ៊ានទទួលយកហានិភ័យធំៗ និងហ៊ានប្រឈមនឹងភាពបរាជ័យ។
ការលើកឡើងរបស់មហាសេដ្ឋីរូបនេះបានធ្វើឡើងនៅវេទិកាមួយនៅទីក្រុង Las Vegas កាលពីកន្លងទៅ ថ្មីៗ និងក្រោយពេលដែលមានសំនួរមួយចោទសួរលោកថា តើលោកមានដំបូន្មានដូចម្តេចសម្រាប់អ្នកដែលចង់ចេញរកស៊ីថ្មីថ្មោង?
"ហ៊ានទទួលយកហានិភ័យ។ អ្នកត្រូវតែរីករាយហ៊ានប្រឈមមុខទៅនឹងហានិភ័យ។ បើអ្នកមានគំនិតធ្វើអាជីវកម្មមួយដែលគ្មានហានិភ័យ វាប្រហែលជាកំពុងមានបញ្ហាហើយ។ អ្នកត្រូវដឹងពីអ្វីដែលមិនដំណើរការនៅក្នុងអាជីវកម្មរបស់អ្នក។ វិធីមួយនៅក្នុងវិធីជាច្រើន គឺការធ្វើតេស្ត” ។ នេះជាទស្សនៈរបស់លោក Jeff Bezos ។
លោកបន្តថា ភាគច្រើននៃការធ្វើតេស្តទាំងនោះនឹងបរាជ័យ ប៉ុន្តែ "ការបរាជ័យដ៏ធំ" គឺជាភាពចាំបាច់នៃដំណើរឆ្ពោះទៅកាន់ភាពជោគជ័យ។
“យើងទទួលយកហានិភ័យគ្រប់ពេល! យើងនិយាយពីភាពបរាជ័យ។ យើងត្រូវការការបរាជ័យធំមួយ ដើម្បីផ្លាស់ទីទៅកាន់កន្លែងមួយទៀត។ បើយើងមិនបានជួបវាទេ មានន័យថា យើងមិនអាចហើរទៅមុខបានឆ្ងាយទេ។ អ្នកគួរជួបព្យុះភ្លៀងពេលហោះហើរ ហើយអ្នកនឹងបរាជ័យ តែវាជារឿងល្អទៅវិញទេ”។ លោក Jeff Bezos បានបន្ថែម។
បន្ថែមពីលើការទទួលយកហានិភ័យ និងហ៊ានប្រឈមទៅនឹងភាពបរាជ័យ មហាសេដ្ឋីមានទ្រព្យសម្បត្តិ ជិត ១៥០ ពាន់លានដុល្លាររូបនេះបានផ្តាំបន្ថែមដូច្នេះថា៖« ក្រៅពីទទួលយកហានិភ័យ និងហ៊ានប្រឈមនឹងការបរាជ័យ អ្នកគួរតែជាមនុស្សដែលមានមហិច្ឆតាធំពិតជាមានចំណង់ចំណូលចិត្តស្រលាញ់មុខជំនួញខ្លួនឯង។ ប៉ុន្តែអ្នកនឹងប្រកួតប្រជែងជាមួយមនុស្សដែលមានមហិច្ឆតាដូចគ្នា។ ដូចនេះវាជារឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើខ្លួនជាមនុស្សដែលយល់ចិត្តអតិថិជន។ កុំផ្គាប់ចិត្តពួកគេគ្រប់ពេល តែត្រូវធ្វើឲ្យពួកគេសប្បាយចិត្តពេលពួកគេរកស៊ីជាមួយអ្នក»៕
ប្រភព៖ Entrepreneur