ក្រុមហ៊ុនចិនមួយគ្រោងវិនិយោគលើវិស័យធនាគារនិងសំណង់នៅខេត្តព្រះសីហនុ
ប្រធានធនាគារខេត្តជាំងស៊ី នៃប្រទេសចិន លោក តឹង អ៊ីងគ័ង បានបង្ហាញពីគោលបំណងក្នុងការវិនិយោគលើវិស័យធនាគារ និងសំណង់ក្នុងខេត្តព្រះសីហនុ។ ដោយការលើកឡើងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាស្វែងយល់ពីសក្ដានុពលនៃខេត្តព្រះសីហនុជាមួយនិង អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នាសាលាខេត្តព្រះសីហនុ នេះបើតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះ លោក តឹង អ៊ីងគ័ង លើកឡើងថា គណៈប្រតិភូមានគោលបំណងឈ្វេងយល់ពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុនវិនិយោគរបស់លោកចង់មកធ្វើការវិនិយោគលើវិស័យធនាគារ និងសំណង់នៅខេត្តនេះ ព្រមទាំងបានកោតសរសើរឯកឧត្តម យន្ត មីន ជាអភិបាលខេត្ត បានដឹកនាំខេត្តប្រកបដោយអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានអ្នកវិនិយោគិន មកកាន់ខេត្តព្រះសីហនុយ៉ាងគំហុក។
ថ្លែងនៅក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិបាល បានមានមានប្រសាសន៍បង្ហាញពីសក្ដានុពលនៃខេត្តព្រះសីហនុថា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ ខេត្តមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ៣៣ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនិងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥៕
ដោយ៖ ជួប ស្រីរ័ត្ន