មិនធម្មតា! ​សក្ដានុពល​ធំៗ​ទាំង៣​នេះ​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហនុ​រីកចម្រើនយ៉ាងលឿនបែបនេះ​



ថ្លែង​នៅ​ក្នុង​ជំនួប​ឈ្វេងយល់​ពីសក្តានុពល​វិនិយោគ​ ជា​មួយ លោក តឹង អ៊ីងគ័ង ប្រធានធ​នាគារ​ខេត្តជាំងស៊ី នឹង​គណ:​ប្រតិភូ​ កាល​ពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩ នា​សាលា​ខេត្តព្រះសហនុ​ ឯកឧត្តម​ យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​បង្ហាញ​ពី​​វិស័យ​គោលដៅ​​ចំនួន៣ ​ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​ក្លាយ​ជា​គោលដៅ​នៃ​វិនិយោគិន​ជា​ច្រើន​មក​វិនិយោគ​យ៉ាង​គំហុក​នាយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​មហាផ្ទៃ។

ក្នុង​ជំនួប​នេះ ឯកឧត្តម​អភិបាល​ខេត្ត​ មាន​ប្រសាសន៍​លើក​ឡើង​នូវ​វិស័យ​អទិភាព​ក្នុង​ខេត្ត​ចំនួន​៣ ដែល​ឈានមុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​នា​ពេល​បច្ចុប្បន្ន​គឺ ទី១ ខេត្ត​ព្រះសីហនុ​មាន កំពង់ផែ​សមុទ្រ​អន្តរជាតិ​ក្រុង​ព្រះសីហនុក្នុងការដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ជា​លក្ខណៈជាតិ អន្តរជាតិ ដែល​មាន​ទំនិញ​ជា​កុងតឺន័រ ចេញ-ចូលប្រមាណ ៧៣​ភាគរយ នៃ​បរិមាណ​ទំនិញ​នាំចេញ-ចូល​ទូទាំង​ប្រទេស។

ទី២ ខេត្ត​ព្រះសីហនុ មាន​ព្រលានយន្តហោះ ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នា​ពេល​បច្ចុប្បន្ន បាន​នឹង​កំពុង​ប្រតិបត្តិការ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១០ មាន​ជើង​ហោះហើរ​ចំនួន ១៣៣ជើង ក្នុងមួយសប្តាហ៍ ហោះហើរ​ទៅកាន់​អន្តរជាតិ​មាន ៩១​ជើង​ក្នុង​មួយ​សប្តាហ៍។

ទី៣ ខេត្ត​ព្រះសីហនុ មាន​តំបន់សេដ្ឋកិច្ច​ពិសេស​ ដែល​ដើរ​តួរនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក កម្ពស់​សេដ្ឋកិច្ច បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ។ ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥ កំពុង​ដំណើរការ​និង​មាន​រោងចក្រ​ធំ តូច​សរុប ២១៩ កន្លែង សិប្បកម្ម​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មាន ១.០៣៧ ​កន្លែង និង​សេវាកម្ម​ផ្សេងៗ​ទៀត ស្រូប​យក​កម្លាំង​ពលកម្ម​សរុប ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២ នាក់ ក្នុង​នោះ​ទុនវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​ចំនួន ៨​ពាន់​លាន​ដុល្លាអាមេរិក និង​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​អ្នកវិនិយោគ​នៅខេត្ត​ព្រះសីហនុ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s