សម្រាប់ម្ចាស់អាជីវកម្មទេចរណ៍! ក្រសួងប្រកាស៦ចំណុចដែលត្រូវអនុវត្តលើអាជីវកម្ម
ដើម្បីធានាបានថាសេវាកម្មទេសចរណ៍ ដែលប្រតិបត្តិករផ្ដល់ជូនភ្ញៀវទេសចរជាសេវាកម្ម នូវគុណភាព មានសុវត្ថិភាព នឹងអាចជឿទុកចិត្តបាន ក្រសួងទេសចរណ៍បានដាក់ចេញនូវប្រកាសលេខ ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដែលស្ដីអំពី «កាព្វកិច្ចប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍» ដែលនៅក្នុងប្រកាសនេះបានណែនាំលម្អិតដល់ប្រតិបត្តិករទេសចរណ៍ឱ្យមាននូវបញ្ជីរាយនាមសេវាកម្មទេសចរណ៍ផ្ទាល់សម្រាប់អាជីវកម្មរបស់ខ្លួន និងត្រូវដាក់ឱ្យប្រើប្រាស់ ឬតាំងបង្ហាញ ក្រោមទម្រង់ដូចតទៅ៖
១). ត្រូវសរសេរជា ០៣ ភាសាយ៉ាងតិច ដែលរួមមានភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងភាសាអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទីបីនៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាព ជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម
២). ប្រភេទនៃសេវាកម្មទេសចរណ៍នីមួយៗ គួរមានបង្ហាញជារូបភាព ឬការបរិយាយសេវាកម្ម
៣). ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំងអាជីវកម្ម ឬកន្លែងងាយមើលឃើញ
៤). ត្រូវមានបញ្ជាក់ពីសេវាកម្មដែលភ្ជាប់ជាមួយ និងព័ត៌មានផ្សេងៗបន្ថែមទៀត ដែលចាំបាច់សម្រាប់ ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ
៥). ត្រូវមានបញ្ជាក់តម្លៃឱ្យបានជាក់លាក់ និងការប្រើប្រាស់តម្លៃតាមជម្រើសបន្ថែមផ្សេងៗដែលមាន
៦). ត្រូវផ្ដល់ជូនភ្ញៀវទេសចរមុនពេលពួកគេសម្រេចចិត្តប្រើប្រាស់ ឬទទួលយកសេវាកម្មទេសចរណ៍នោះ។
បើទោះជាមានអាជីវកម្មសេវាកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេសបានអនុវត្តត្រឹមត្រូវតាមការណែនាំក្ដី ក៏យើងនៅសង្កេតឃើញមានអាជីវកម្មខ្លះនៅតែមិនទាន់បានរៀបចំត្រឹមត្រូវទៅតាមការណែនាំនៅឡើយទេ៕
ដោយ៖ ជួប ស្រីរ័ត្ន