គោលការណ៍ ១០យ៉ាង របស់អតីតមហាសេដ្ឋីដែកថែបលោក Andrew Carnegie ដើម្បីក្លាយជាកំពូលអ្នកមាន
លោក Andrew Carnegie គឺជាអតីតមហាសេដ្ឋីឧស្សាហកម្មដែកថែបរបស់អាមេរិក ដែលមានដើមកំណើតពីចក្រភពអង់គ្លេស។ លោកធ្លាប់ត្រូវបានសម្ភាសដោយលោក Napoleon Hillដែលជាអ្នកសារព័ត៌មាន និង ជាអ្នកនិពន្ធដ៏ល្បីរបស់អាមេរិក ស្តីពីគន្លឹះក្នុងការជោគជ័យក្នុងជីវិត និង ការក្លាយទៅជាអ្នកមាន។ ខាងក្រោមនេះ ជាគោលការណ៍ ១០យ៉ាង របស់លោក ដែលត្រូវបានដកស្រង់ខ្លឹមសារដោយសារព័ត៌មានBusiness Insider៖
១) កំណត់ឲ្យច្បាស់ពីបំណងរបស់អ្នក៖ ត្រូវរកឲ្យឃើញ និង កំណត់ឲ្យច្បាស់ពីគោលបំណងរបស់អ្នក ថាខ្លួនចង់ធ្វើអ្វី ឬ ចង់ជោគជ័យផ្នែកអ្វីឲ្យប្រាកដ។ នៅពេលដែលអ្នកកំណត់រួចហើយ ត្រូវដើរឆ្ពោះទៅកាន់វាជាបន្ទាន់។
២) ត្រូវបង្កើតគំនិតក្នុងការចងក្រងជាបណ្ដាញ៖ ត្រូវចាំថា អ្នកអាចធ្វើអ្វីបានម្យ៉ាង តែមិនអាចធ្វើបានគ្រប់យ៉ាងនោះទេ ព្រោះសមត្ថភាព និង លទ្ធភាពខុសៗគ្នា។ ដូច្នេះហើយ ត្រូវរាប់អានមនុស្សឲ្យបានច្រើន ជាពិសេសមនុស្សណាដែលអាចជួយអ្នកបាន ជាពិសេសផ្នែកគំនិត។
៣) ធ្វើឲ្យលើសពីធម្មតា៖ ត្រូវចាំថា អ្នកនឹងទទួលបានលទ្ធផលធម្មតាៗ ប្រសិនបើអ្នកធ្វើតែអ្វីធម្មតាៗ។ អ៊ីចឹងហើយ បើចង់បានលទ្ធផលអស្ចារ្យ អ្នកក៏ត្រូវហ៊ានចេញក្រៅ ដើម្បីធ្វើរឿងដ៏អស្ចារ្យ ហើយកុំខ្លាចហត់ និង ខ្លាចលំបាកឲ្យសោះ ព្រោះវាជាផ្លូវដែលជួយឲ្យអ្នកសម្រេចគោលដៅបាន។
៤) ត្រូវជឿជាក់ និង មានជំនឿលើខ្លួនឯង៖ កុំទាន់និយាយថា គេមិនជឿជាក់ ឬ មិនទុកចិត្តអ្នក តែត្រូវសួរខ្លួនឯងសិនថា អ្នកបានទុកចិត្ត និង ជឿជាក់លើខ្លួនឯងបានកម្រិតណាហើយ។ បើអ្នកជឿជាក់លើខ្លួនឯង និង ការគិតរបស់ខ្លួននោះ មិនថាមានអ្វីក៏ឡើងនោះទេ អ្នកនឹងនៅតែបន្តដំណើរទៅមុខទៀតជានិច្ច។
៥) ត្រូវមានគំនិតផ្ដួចផ្ដើម៖ បុគ្គលជោគជ័យ ជាមនុស្សដែលដើរទៅមុខមុនគេ ហើយផ្ដួចផ្ដើមធ្វើកិច្ចការផ្សេងៗ ដោយមិនចាំនរណាម្នាក់មករម្លឹក ឬ ប្រដៅនោះឡើយ។ ដូច្នេះហើយ ត្រូវតែបង្កើតផ្នត់គំនិត«ផ្ដួចផ្ដើម»ឲ្យបាន ប្រសិនបើអ្នកចង់ជោគជ័យក្នុងជីវិត។
៦) រីករាយ ឬ ពេញចិត្តជាក្ដីសុបិនរបស់ខ្លួន៖ មិនបាច់មាននរណាពេញចិត្តជាមួយនឹងក្តីសុបិនរបស់អ្នកក៏បាន ប៉ុន្តែសំខាន់បំផុត គឺខ្លួនឯងត្រូវតែពេញចិត្ត។ បើអ្នកពេញចិត្តហើយ នោះអ្នកនឹងប្ដូរផ្ដាច់ដើម្បីធ្វើវា រហូតក្លាយជាការពិត ពោលគឺការពិតដែលមនុស្សដែលធ្លាប់មិនពេញចិត្ត ងាកមកសរសើរអ្នកវិញ។
៧) ត្រូវមានគំនិតវិជ្ជមាន៖ ការគិតវិជ្ជមាន គឺពិតជាសំខាន់ព្រោះថា អ្វីៗគឺដំបូងឡើយកើតចេញពីការគិត។ បើអ្នកមានការគិតមិនល្អហើយ នោះវានាំឲ្យសកម្មភាព និង លទ្ធផលចេញមកក៏មិនល្អដែរ។ អ៊ីចឹងហើយ ត្រូវព្យាយាមទន្ទេញពាក្យថា «វិជ្ជមាន»ក្នុងចិត្តជានិច្ច។
៨) ត្រូវគិតឲ្យច្បាស់ និង ត្រឹមត្រូវ៖ ដូចដែលបានដឹងហើយថា ការគិតគឺពិតជាមហាសំខាន់ អ៊ីចឹងហើយត្រូវគិតឲ្យហ្មត់ហ្មង និង គិតឲ្យល្អិតបំផុតចំពោះកិច្ចការនីមួយៗ ជាពិសេសចំណុចសំខាន់ៗ ដើម្បីប្រាកដថា វាមិនខុស ឬ នាំឲ្យអន្តរាយដល់ខ្លួន។ បើខ្ជិល វាអាចមានន័យស្មើនឹងពាក្យថា ខ្ជិលជោគជ័យដែរ។
៩) ផ្ដោតលើការខិតខំប្រឹងប្រែងរបស់អ្នកឲ្យខ្លាំង៖ កុំបន្ទោសថា បញ្ហានោះលំបាកខ្លាំងពេកទើបអ្នកធ្វើមិនបាន តែត្រូវបន្ទោសវិញថា មកពីខ្លួនអ្នកមិនទាន់ព្យាយាមគ្រប់គ្រាន់ អ៊ីចឹងហើយបានជាលទ្ធផលចេញមកមិនសមតាមបំណង។ ត្រូវចាំថា មានតែការខិតខំប្រឹងប្រែងនោះទេ ទើបធ្វើឲ្យរឿងអស្ចារ្យកើតឡើង។
១០) ត្រូវមានចំណូលច្រើនប្រភព៖ ត្រូវចាំថា បើអ្នកចង់មានសុវត្ថិភាពខ្ពស់ និង ឆាប់មានបាននោះ គឺត្រូវបង្កើតប្រភពក្នុងការបង្កើតចំណូលឲ្យបានច្រើនទើបជារឿងល្អ ព្រោះបើអ្នកមានប្រភពចំណូលតែមួយ នៅពេលវាមានបញ្ហាកើតឡើង អ្នកនឹងត្រូវជួបស្ថានភាពលំបាកខ្លាំងមិនខាន៕
ដោយ៖ រតនា វិចិត្រ