លោក Warren Buffett៖ អនុវត្តន៍គន្លឹះសំខាន់ៗ ៦ចំណុចនេះ ដើម្បីឲ្យជោគជ័យធំធេងក្នុងជីវិត
លោក វ៉ារេន ប៊ូហ្វេត (Warren Buffett) គឺជាមហាសេដ្ឋីអាមេរិកដ៏ល្បីមួយរូបនៅលើពិភពលោក។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុបប្រមាណ៦៦,៧ ពាន់លានដុល្លារអាមេរិក។ ខាងក្រោមនេះ ជាគន្លឹះជោគជ័យសំខាន់ៗដែលមហាសេដ្ឋីរូបនេះ ណែនាំឲ្យអនុវត្ត៖
១) ពង្រឹងសតិ រាងកាយ និង ស្មារតីជាប្រចាំដើម្បីឲ្យមានសុខភាពល្អ៖ លោក Warren Buffett បានលើកឡើងថា សតិ រាងកាយ និង ស្មារតីពិតជាសំខាន់ សម្រាប់មនុស្សទូទៅដើម្បីជួយឲ្យពួកគេអាចដើរឆ្ពោះទៅរកផ្លូវជោគជ័យបាន។ លោកបន្តថា ទី១ ត្រូវអានសៀវភៅ កាសែត និង ឯកសារផ្សេងៗជាប្រចាំ ដើម្បីពង្រឹងសតិរបស់អ្នក ។ ទី២ គឺត្រូវហាត់ប្រាណ និង បរិភោគអាហារដែលមានប្រយោជន៍ ដើម្បីជួយឲ្យរាងកាយរឹងមាំ និង ទី៣ត្រូវព្យាយាមបួងសួង គិតរឿងល្អៗ ឬ អគុណទៅដល់នរណាម្នាក់ ដែលអាចផ្តល់កម្លាំងចិត្តធំធេង (បើទោះបីជាស្ថិតក្នុងសាសនាណាក៏ដោយ) ដើម្បីឲ្យអ្នកមានស្មារតីល្អ ក្នុងការធ្វើការងារផ្សេងៗ។
២) បន្តការរៀនសូត្រជាប្រចាំ៖ ការរៀនសូត្រ គឺមិនប្រកាន់អាយុ ឬ ភេទអ្វីនោះឡើយ ពោលគឺវាគ្មានដែនកំណត់។ លោក Warren Buffettឲ្យដឹងថា បើចង់ជោគជ័យក្នុងជីវិត មនុស្សគ្រប់រូបមិនត្រូវខ្ជិលច្រអូសក្នុងការរៀនសូត្រជាដាច់ខាត ទោះបីជាបច្ចុប្បន្នមានចំណេះដឹងខ្ពស់ហើយក៏ដោយ។
៣) បង្កើតទម្លាប់វិជ្ជមានប្រចាំ៖ ការគិតពិតជាសំខាន់ណាស់ ព្រោះសកម្មភាពទាំងឡាយគឺតែងចេញមកពីការគិត។ ដូច្នេះហើយអ្នកគិតអវិជ្ជមាន នោះលទ្ធផលរបស់អ្នកភាគច្រើនក៏មិនសូវល្អដែរ។ អ៊ីចឹងហើយបានជា មហាសេដ្ឋីអាមេរិករូបនេះចង់ឲ្យមនុស្សទាំងអស់ ព្យាយាមគិតវិជ្ជមានឲ្យបានច្រើន។
៤) បង្កើតទំនាក់ទំនងជាមួយបុគ្គលជោគជ័យ៖ បើអ្នកចង់ជោគជ័យ គួរតែដើរជាមួយបុគ្គលជោគជ័យឲ្យបានច្រើន ដើម្បីទទួលបានចំណេះដឹង និង យោបល់ល្អៗ ដើម្បីអាចរកឃើញផ្លូវជោគជ័យដូចគេដែរ។
៥) ត្រូវស្គាល់ថា ខ្លួនជានរណា៖ អ្នកពិតជាគ្មានថ្ងៃអាចជោគជ័យក្នុងជីវិតយូរអង្វែងបានឡើយ ប្រសិនបើអ្នកនៅតែមិនទាន់ស្គាល់ច្បាស់ថា ខ្លួនជានរណាទៀតនោះ។វាជាចំណុចសំខាន់ខ្លាំងណាស់ ប៉ុន្តែមនុស្សភាគច្រើនតែងតែមិនសូវចាប់អារម្មណ៍។ ការស្គាល់ច្បាស់ថា ខ្លួនជានរណានោះ គឺ មានន័យស្មើនឹងអ្នកដឹងច្បាស់អំពីគោលដៅជីវិតរបស់ខ្លួន អ៊ីចឹងដែរ ដូច្នេះហើយរាល់ការធ្វើដំណើរក្នុងវិថីជីវិត គឺតែងតែមានភាពវិជ្ជមានជានិច្ច។
៦) ត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត៖ ទោះបីជាអ្នកមានចំណេះដឹងខ្ពស់ និង មានទេពកោសល្យខ្ពស់ប៉ុណ្ណាក៏ដោយ ប៉ុន្តែអ្នកនឹងមិនអាចសម្រេចអ្វីជាដុំកំភួនបានឡើយ ប្រសិនបើអ្នកធ្វើអ្វីដែលខ្លួនមិនពេញចិត្ត។ ដូច្នេះហើយ គួរតែធ្វើអ្វីដែលអ្នកពេញចិត្តទើបជាការប្រសើរ ព្រោះវាជាការលើកទឹកចិត្តសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗក្នុងការជំនះរាល់បញ្ហាផ្សេងៗ៕
ដោយ៖ រតនា វិចិត្រ
ប្រភព៖ www.inc.com