ស្ថាបនិក​ Amazon និយាយ​ថា អាថ៌កំបាំង​ជោគជ័យ​អាជីវកម្ម​គឺ​ត្រូវ​​ផ្ដោត​លើ​អ្វី​ដែល​មិន​​ផ្លាស់ប្ដូរ​



ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​ Amazon មហាសេដ្ឋី Jeff Bezos  ត្រូវ​បាន​ចោទសួរ​ថា តើ​អ្វី​ដែល​​ទៅ​ជា​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​? លោក​​បាន​ឆ្លើយតប​ទៅ​នឹង​សំនួរ​នេះ​ថា អាថ៌កំបាំង​ជោគជ័យ​អាជីវកម្ម​គឺ​ត្រូវ​​ផ្ដោត​លើ​អ្វី​ដែល​​​មិន​អាច​​ផ្លាស់ប្ដូរ​បាន មិនមែន​លើ​​អ្វី​ដែល​​ផ្លាស់ប្ដូរ​នោះ​ទេ។

នៅ​ក្នុង​វេទិកា​បច្ចេកវិទ្យា​​ដ៏​ធំ​មួយ​នៅ​ទីក្រុង LAS VEGAS កាល​ពី​ម្សិលមិញ លោក​ Jeff Bezos បាន​លើកឡើង​ដូច្នេះ​ថា៖« វា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ ដែល​ជា​រឿយៗ​ខ្ញុំ​ត្រូវ​បាន​គេ​សួរ​ថា តើ​នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ? មាន​រឿង​មួយ​ដែល​​កម្រ​មាន​អ្នកណា​សួរ​ខ្ញុំ​! ​វា​​ប្រហែល​ជា​រឿង​សំខាន់​ជាង ហើយ​ខ្ញុំ​ជំរុញ​ឲ្យ​អ្នក​ទាំងអស់​គ្នា​គិត​ពី​វា​​ នោះ​គឺ​សំនួរ ដែល​សួរ​ថា តើ​មាន​​អ្វី​ដែល​មិន​​ផ្លាស់ប្ដូរ​​ខ្លះ​នៅ​ក្នុង​រយៈពេល ១០ឆ្នាំ​ទៅ​មុខ​ទៀត?»។ ​

ចម្លើយ​ដែល​ឆ្លើយតប​ទៅ​សំនួរ​​នេះ​ អាច​អនុញ្ញាត​ឲ្យ​អ្នក​ចេះ​រៀបចំ​សកម្មភាព​របស់​អ្នក។ អ្នក​អាច​ធ្វើការ​លើ​រឿង​ទាំង​នេះ​ដោយ​មាន​ទំនុកចិត្ត​ខ្ពស់​ដើម្បី​ដឹង​ថា  ថាមពល​ដែល​​លះបង់​ទៅ​​លើ​ពួកវា​នៅ​ថ្ងៃ​នេះ​ នៅតែ​​ហុច​ផល​ចំណេញ​ឲ្យ​អ្នក​មក​វិញ​បាន​នៅ ក្នុង​រយៈពេល ១០​ឆ្នាំ​ក្រោយ។ 

ថ្វីត្បិត​តែ​ពិភពលោក​មាន​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់​ក៏​ពិតមែន ក៏​ប៉ុន្តែ​មូលដ្ឋាន​គ្រឹះ​ជំនួញ​របស់​ក្រុមហ៊ុន Amazon នៅ​តែ​យល់​ថា នៅ​ទសវត្ស​ខាងមុខ មនុស្ស​នៅ​តែ​ចង់​បាន​ទំនិញ​ដែល​មាន​តម្លៃ​ថោក ដឹក​ជញ្ជូន​បាន​ឆាប់រហ័ស និង​មាន​ជម្រើស​ច្រើន​សំបូរ​បែប​។

លោក​បាន​​និយាយ​​​ ហើយ​សើច​បែប​កំប្លែង​​ដូច្នេះ​ទៀត​ថា៖« វា​ជា​រឿង​ដែល​មិន​អាច​ស្រមៃ​ទៅ​កើត​ថា នៅ​ពេល​ខាងមុខ មនុស្ស​​ជា​ច្រើន​នឹង​និយាយ​​មក​កាន់​ខ្ញុំ​ថា លោក Jeff ខ្ញុំ​ស្រលាញ់ Amazon។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹកជញ្ជូន​ទំនិញ​មក​ឲ្យ​ខ្ញុំ​ឲ្យ​យឺត​ជាង​នេះ​បាន​ទេ ឬ​ក៏​ថា​​ ខ្ញុំ​ស្រលាញ់ Aamzon ខ្ញុំ​ចង់​ឲ្យ​ទំនិញ​របស់​អ្នក​លក់​ថ្លៃ​ជាង​នេះ​បន្តិច​បាន​ទេ»។ 

«នៅ​ពេល​ម្ចាស់​អាជីវកម្ម​ទាំងអស់​អាច​កំណត់​បាន​​នូវ​គំនិត​ជា​ច្រើន​ដែល​​​​​​មាន​ស្ថិរភាព  ហើយ​ជា​រឿយៗ​អតិថិជន​ត្រូវការ  នេះ​គឺ​ជា​របៀប​គ្រប់គ្រង​អាជីវកម្ម​​របស់​​ម្ចាស់​​អាជីវកម្ម​ទាំង​នោះ អ្វី​ដែល​ពួកគេ​រក​ឃើញ ​​អ្វី​ដែល​ជា​បញ្ហា​របស់​ពួកគេ ជាដើម។ ការ​ផ្ដោត​លើ​អ្វី​ដែល​មិន​ផ្លាស់ប្ដូរ​​ដូច​ជា​សួរ​ថា តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​​អាច​​លក់​ផលិតផល​ក្នុង​តម្លៃ​ទាប​មួយ​? អាច​ដឹក​ជញ្ជូន​បាន​ឆាប់​រហ័ស​ជាង​នេះ?»។ លោក Jeff Bezos បញ្ជាក់។

លោក​បាន​លើក​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ផ្ទុយ​ទៅ​វិញ បើ​ម្ចាស់​អាជីវកម្ម​ពឹង​តែ​ទៅ​លើ​យុទ្ធសាស្ត្រ​​អ្វី​ដែល​នឹង​ផ្លាស់ប្ដូរ​ដូច​ជា ​ដាក់​សំនួរ​ថា តើ​គូប្រជែង​​ជា​អ្នកណា? តើ​ពួកគេ​​ធ្វើ​អ្វី​ខ្លះ? តើ​ពួកគេ​ខ្លាំង​លើ​ចំណុច​អ្វី? នេះ​មានន័យ​ថា អ្នក​​ត្រូវតែ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​អ្នក​គ្រប់ពេល។ លោក​បន្ថែម​ថា នៅ​ពេល​អ្នក​ដឹង​ថា អ្វី​ដែល​​អ្នក​អាច​កំណត់​បាន​ថា អ្វី​ដែល​មិន​ផ្លាស់ប្ដូរ អ្នក​នឹង​មិន​ចាំបាច់​ប្រើ​កម្លាំង​ស្រាវជ្រាវ​ច្រើន​ពេក​ទេ។ បើ​អ្នក​គិត​លើ​អ្វី​ដែល​ផ្លាស់ប្ដូរ​ច្រើន​ពេក​ក្នុង​ជំនួញ​របស់​អ្នក​ អ្នក​នឹង​កាន់តែ​ឈឺក្បាល៕ 

ប្រភព៖ CNBC 

X
5s