បន្ទាប់ពីបើកការស៊ើបអង្កេតលើ FedEx ពេលនេះចិនពិន័យលើក្រុមហ៊ុន Ford ជាការវាយបកទៅអាមេរិក
យោងតាមសារព័ត៌មាន The New York Times បានឲ្យដឹងថាកាលពីថ្ងៃពុធទី ០៥ មិថុនា ២០១៩ អាជ្ញាធរប្រឆាំងការរំលោភសេចក្តីទុកចិត្តចិនប្រកាសធ្វើការផាកពិន័យជាទឹកប្រាក់ប្រមាណ ២៥ លានដុល្លារលើក្រុមហ៊ុន Ford របស់សហរដ្ឋអាមេរិក។ នេះជាសកម្មភាពថ្មីចុងក្រោយមួយដែលចិនធ្វើឡើងប្រឆាំងជាមួយសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ។
គយរបញ្ជាក់ថាកាលពីពេលថ្មីៗកន្លងមកនេះ ចិនក៏បានដាក់ការស៊ើបអង្កេតលើក្រុមហ៊ុនដឹកជញ្ជូនល្បីមួយរបស់អាមេរិកដែរគឺ FedEx បន្ទាប់ពីក្រុមហ៊ុន Huawei និយាយថាក្រុមហ៊ុនមួយនេះបានធ្វើការបង្វែរទំនិញចំនួនរបស់ Huawei ចំនួនទៅកាន់សហរដ្ឋអាមេរិក ខណៈដែលទំនិញនោះមានគោលដៅដឹកជញ្ជូនសម្រាប់ចិន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN។
សកម្មភាពរបស់ក្រុមហ៊ុន FedEx បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អតិថិជនខ្លួន ហើយបានបំពានច្បាប់និងបទប្បញ្ញត្តិរបស់ប្រទេសចិនលើវិស័យដឹកជញ្ជូនរហ័ស។ ពេលនេះ FedEx កំពុងរងសម្ពាធទោះបីខ្លួនអះអាងថាជាការយល់ច្រលំលើការដឹកជញ្ជូនក៏ដោយ ហើយក៏បានបញ្ជាក់បន្ថែមទៀតថា កញ្ចប់ទំនិញនោះមិនបានបញ្ជាក់ពីគោលដៅច្បាស់លាស់ពេលពេលបញ្ជូនពីជប៉ុនមកចិន ក្រុមហ៊ុនបានបង្ហួសវាទៅដល់សហរដ្ឋអាមេរិក។ ចុងក្រោយគេបាននិយាយថាវាជាកំហុសក្រុមហ៊ុន FedEx ហើយពួកគេក៏បានចេញមុខសុំទោសដល់ក្រុមហ៊ុន Huawei។
នៅពេលដំបូងរដ្ឋបាលដូណាល់ត្រាំបានដាក់របាំងលើក្រុមហ៊ុនអាមេរិកមួយចំនួន លើការផ្គត់ផ្គង់បច្ចេកវិទ្យាដល់ក្រុមហ៊ុន Huawei ចិន។ បន្ទាប់មកប្រទេសចិនបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងបង្កើតបញ្ជីខ្មៅនៃក្រុមហ៊ុនបរទេសដែលមិនគួរទុកចិត្ត ក៏ដូចជាបុគ្គលមួយចំនួនដែលធ្វើបាបផលប្រយោជន៍ក្រុមហ៊ុនចិនដោយគ្មានការបញ្ជាក់លម្អិត៕
ដោយ៖ យ៉ាយ៉ា