សុភាសិត ៣ឃ្លា របស់ អេត្យូពី បារាំង និងអេស្ប៉ាញ
តើជនជាតិអេត្យូពី បារាំង និងអេស្ប៉ាញ មានគតិបណ្ឌិតអ្វីខ្លះដែលអាចឲ្យយើងរៀនបានពីពួកគេ ? ខាងក្រោមនេះគឺជាសុភាសិតអមជាមួយនឹងការបកស្រាយចំនួន ៣ ពីជាតិសាសន៍ទាំង៣នេះ៖
១) «អ្នកគិតពីទឹកនៅពេលអណ្ដូងទទេ។»
សុភាសិតមួយឃ្លានេះមានដើមកំណើតមកពីជនជាតិអេត្យូពីដែលតំបន់ភូមិសាស្ត្ររបស់ពួកគេស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតនៃទ្វីបអាហ្វ្រិក។ ខ្លឹមសារនៅក្នុងសុភាសិតនេះក៏មិនខុសគ្នាប៉ុន្មានពីឃ្លាអប់រំផ្សេងទៀតដែលអ្នកធ្លាប់ឃើញរួចមកហើយ ពោលគឺគេចង់ដាស់តឿនអ្នកឲ្យចេះឲ្យតម្លៃអ្វីដែលអ្នកមាន។ ដោយសារតែទឹកជារបស់ធម្មតាពេក និងងាយស្រួលរកពេក ដូច្នេះហើយទើបបានជាអ្នកមិនដឹងថាទឹកមានសារសំខាន់ខ្លាំងប៉ុណ្ណាសម្រាប់ជីវិតអ្នកនោះទេ រហូតទាល់តែអណ្ដូងរបស់អ្នកអស់ទឹករលីងទើបអ្នកចាប់ផ្ដើមនឹកគិតដល់ទឹក ដឹងពីសារសំខាន់របស់ទឹក ខ្វះទឹកមិនបាន។ ប៉ុន្តែបើទោះជាមនុស្សយើងដឹងការពិតនេះក៏ដោយ ក៏ភាគច្រើនទាល់តែបាត់បង់ទើបពួកគេដឹងពីសារសំខាន់នៃអ្វីមួយ។
២) «អ្នកមិនអាចមានប្រាជ្ញាអស្ចារ្យបាននោះទេបើសិនជាអ្នកមិនធ្លាប់ធ្វើរឿងល្ងង់ខ្លៅទេនោះ។»
សុភាសិតរបស់ជនជាតិបារាំងមួយឃ្លានេះបានបង្ហាញពីគតិបណ្ឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់ជនជាតិបារាំង។ មនុស្សភាគច្រើនមានផ្នត់គំនិតថាប្រាជ្ញាឆ្លាតវៃមានមកពីកំណើតរបស់បុគ្គលម្នាក់ៗ។ បើអ្នកគ្មានប្រាជ្ញាឆ្លាតពីកំណើតទេនោះ នោះអ្នកនឹងមិនអាចក្លាយជាអ្នកវៃឆ្លាតបាននោះឡើយ។ តាមពិតទៅអ្វីដែលពួកគាត់យល់ឃើញគឺត្រឹមត្រូវណាស់ អ្នកខ្លះពិតជាឆ្លាតមកពីកំណើតមែន តែការយល់ឃើញបែបនេះនៅមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ។ ប្រាជ្ញាឈ្លាសវៃក៏អាចកើតចេញមកពីបទពិសោធន៍ជីវិតដែរ។ បើអ្នកមិនធ្លាប់ដើរផ្លូវខុសទេ នោះអ្នកក៏មិនអាចរកផ្លូវត្រូវឃើញដែរ។ ដូចគ្នាដែរបើអ្នកមិនធ្លាប់មានបទពិសោធន៍ធ្វើរឿងល្ងង់ខ្លៅទេ នោះអ្នកក៏មិនអាចមានប្រាជ្ញាឈ្លាសវៃបាននោះដែរ។ និយាយឲ្យចំសេចក្ដីគឺនៅក្នុងជីវិត ភាពបរាជ័យនិងភាពជោគជ័យគឺស្ថិតនៅជាមួយគ្នា។
៣) «មនុស្សអាចរៀនសូត្រចេះដឹងអំពីចំណេះដឹងបាន តែពួកគេមិនអាចរៀនសូត្រចេះដឹងអំពីគតិបណ្ឌិតបាននោះទេ។ មនុស្សដ៏ល្ងីល្ងើខ្លាំងបំផុតមួយចំនួនគឺជាមនុស្សដែលរៀនសូត្រចេះដឹងជ្រៅជ្រះនោះឯង។»
ពិតណាស់ការរៀនសូត្រជ្រៅជ្រះនរណាគេក៏ឲ្យតម្លៃដែរ វាគឺជារឿងដែលយើងមានមោទនភាព ជារឿងដែលផ្ដល់មុខមាត់ដល់យើង និងជារឿងដែលធ្វើឲ្យយើងទទួលបានការគោរពកោតសរសើរពីមនុស្សនៅក្នុងសង្គម។ យ៉ាងណាមិញ អ្វីដែលសំខាន់គឺស្ថិតនៅលើការគិតរបស់បុគ្គលនោះ។ ចំណេះដឹងតែម្យ៉ាងមិនគ្រប់គ្រាន់នោះទេ ដើម្បីដឹកនាំជីវិតរបស់អ្នកឲ្យមានតម្លៃ អ្នកត្រូវមានអត្តចរិតល្អ មានការយល់ដឹងពីជីវិតដែលជាចំណេះដឹងក្រៅសាលា ចេះរស់នៅចុះសម្រុងជាមួយមនុស្សច្រើនបែបច្រើនប្រភេទ មានក្រមសីលធម៌ និងមានភាពចាស់ទុំ។ ឧទាហរណ៍ដ៏ជាក់ស្ដែងនៅក្នុងប្រវត្តិសាស្ត្រពិភពលោក មនុស្សដែលអាចផលិតរាល់អាវុធប្រល័យជីវិតមនុស្សបានគឺមានតែមនុស្សដែលមានការចេះដឹងជ្រៅជ្រះពីរឿងរ៉ាវនេះឯង។ ដូច្នេះហើយចំណេះដឹងត្រូវតែអមដំណើរជាមួយបញ្ញាញាណ នោះទើបជាការចេះដឹងដ៏ល្អប្រពៃពិតប្រាកដ៕
ដោយ៖ ស្រីពៅ