សុភាសិតមួយឃ្លា៖ «អ្នកធ្វើការមិនល្អតែងតែបន្ទោសឧបករណ៍របស់គាត់។»​



របស់ប្រើប្រាស់អ្វីមួយនៅពេលអ្នកមិនចេះប្រើប្រាស់វា អ្នកនឹងតែងតែរអ៊ូរទាំថារបស់នេះពិបាកប្រើ របស់នេះមានបញ្ហាត្រង់នេះត្រង់នោះជាដើម ប៉ុន្តែនៅពេលធ្លាក់ទៅលើដៃអ្នកចេះប្រើ នោះគេបែរជាអាចប្រើប្រាស់វាឲ្យមានប្រយោជន៍យ៉ាងងាយស្រួល។ ចំណុចនេះធ្វើឲ្យនឹកឃើញដល់សុភាសិតមួយដែលបានលើកឡើងថា «អ្នកធ្វើការមិនល្អតែងតែបន្ទោសឧបករណ៍របស់គាត់។» បើរបស់ប្រើប្រាស់ណាមួយនោះពិតជាមានបញ្ហាមែន នោះមិនមែនមានមនុស្សមួយចំនួនអាចប្រើប្រាស់វាឲ្យកើតជាប្រយោជន៍បាន ខណៈពេលដែលអ្នកមិនអាចប្រើវាឲ្យកើតជាប្រយោជន៍នោះទេ និយាយឲ្យចំសេចក្ដីបញ្ហាគឺស្ថិតនៅត្រង់អ្នកខ្លួនឯងនេះឯង។

អ្វីក៏ដោយនៅពេលអ្នកមិនយល់ពីវា អ្នកនឹងតែងតែមានបញ្ហាក្នុងការសហការជាមួយវា ឬក្នុងការប្រើប្រាស់វា។ ម៉ូតូ១គ្រឿងអ្នកដេរយ៉ាងណាក៏វាមិនឆេះ ប៉ុន្តែនៅពេលអ្នកចេះដេរ នោះគេដេរតែបន្តិច ម៉ូតូនេះនឹងឆេះទៅយ៉ាងងាយស្រួល។ នេះក៏ដោយសារតែគាត់យល់ពីម៉ូតូ១គ្រឿងនេះ ថាតើវាខ្វះខាតអ្វី វាខុសពីម៉ូតូដទៃបែបណា តើអ្វីទៅដែលធ្វើឲ្យវាដេរមិនឆេះទៅតាមរបៀបដូចម៉ូតូដទៃដូច្នោះ។

សូម្បីតែការសិក្សាស្វែងយល់អំពីអ្វីមួយក៏ដូចគ្នាដែរ។ នៅក្នុងដំណើរស្វែងយល់អំពីអ្វីមួយ អ្នកនឹងតែងតែចៀសមិនផុតនោះឡើយក្នុងការមួម៉ៅរអ៊ូរទាំពីអ្វីមួយដែលពិបាកក្នុងការស្វែងយល់។ ជាជាងរអ៊ូរទាំថាវាពិបាក ចូរផ្លាស់ប្ដូរការគិតរបស់អ្នកមកយល់ឃើញថាបញ្ហាគឺស្ថិតនៅត្រង់អ្នកខ្លួនឯង ដែលជួនកាលហេតុផលគឺមកពីអ្នកប្រើប្រាស់វិធីសាស្ត្រមិនត្រូវសម្រាប់ខ្លួនឯង ខ្វះការតស៊ូប្រឹងប្រែង ខ្វះអំណត់អត់ធ្មត់ ឬខ្វះពេលវេលាសម្រាប់ផ្ចង់គិតអំពីវា ព្រោះប្រាកដណាស់ថាមនុស្សមួយចំនួនបានជោគជ័យក្នុងការស្វែងយល់ពីវារួចមកហើយ។

ហេតុនេះអ្នកត្រូវផ្លាស់ប្ដូរខ្លួនឯង ត្រូវព្យាយាមស្វែងយល់ពីចិត្តរបស់វា ស្នូលរបស់វា ចំណុចសំខាន់របស់វា ដំណើរការរបស់វា ហើយអ្នកអាចជោគជ័យក្នុងរឿងនេះបាន វាទាមទារឲ្យអ្នកពូកែសង្កេត ពូកែងឿងឆ្ងល់ ពូកែរិះគិត នោះក្នុងពេលណាមួយអ្នកនឹងអាចចាប់យកស្នូលសំខាន់របស់វាបានហើយ មិនថាជាអ្វីក៏ដោយដែលអ្នកព្យាយាមសិក្សាស្វែងយល់។

អ្នកធ្វើការមិនល្អតែងតែបន្ទោសឧបករណ៍របស់គាត់។ នៅពេលអ្នកបន្ទោសឧបករណ៍របស់ខ្លួនឯងថាមានបញ្ហានេះនោះ បើទោះជាពិតមែនថាបែបនោះក៏ដោយ តែបើអ្នកពិតជាមានជំនាញពិតមែន អ្នកយល់ពីវាពិតមែន នោះអ្នកនឹងអាចស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនឹងបញ្ហាដែលវាមាន មិនមែនចាំតែបន្ទោសវាដែលគ្រាន់តែជាលេសដើម្បីបិទបាំងពីភាពខ្វះខាតរបស់ខ្លួនឯងនោះឡើយ៕

ដោយ៖ ស្រីពៅ

X
5s