ចិនចង់ក្រឡុកតម្លៃទីផ្សាររ៉ែកម្រលើពិភពលោកក្នុងការតបតទៅនឹងអាមេរិកលើសង្គ្រាមពាណិជ្ជកម្ម​



តម្លៃរបស់សារធាតុរ៉ែកម្រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចមានសន្ទុះកើនឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើការគំរាមក្រឡុកតម្លៃទីផ្សារសារធាតុរ៉ែកម្រទាំងនោះដោយចង់កាត់បន្ថយការផ្គត់ផ្គង់រ៉ែកម្រទាំងនោះដល់ពិភពលោក។ 

រូបតំណាង

តួរយ៉ាង ក្នុងប្រទេសចិនតម្លៃសារធាតុរ៉ែកម្រដែលលក់ដោយក្រុមហ៊ុនរុករករ៉ែចិន JL Mag Rare-Earth មានសន្ទុះកើនឡើងជាង ១០ ភាគរយហើយក្រុមហ៊ុនរុករករ៉ែរបស់ចិនមួយទៀត Innuovo Technology មានតម្លៃកើនឡើងជាង ៩.៩៥ ភាគរយ។ រីឯក្រុមហ៊ុនរុករករ៉ែ Lynas របស់ប្រទេសអូស្ត្រាលីមានការកើនឡើងតម្លៃក្នុងអត្រា ១០ ភាគរយដែរ។

រូបតំណាង

យោងតាមសារព័ត៌មានរបស់ CCTV បានឲ្យដឹងថាការគំរាមនេះគឺប្រទេសចិនមិនបានបញ្ជាក់ថាខ្លួនសំដៅទៅលើទីក្រុងវ៉ាស៊ីនតោននោះទេ។ ប៉ុន្តែប្រទេសចិនមានចេតនាចង់សំដៅទៅលើអាមេរិកនិងក្រុមហ៊ុនអេឡិចត្រូនិកអាមេរិកនិងប្រទេសផ្សេងៗដែលកំពុងពឹងផ្អែកលើក្រុមហ៊ុនចិនក្នុងការផ្ដល់នូវសារធាតុរ៉ែកម្រទាំងនោះដល់ពួកគេ។ ម្យ៉ាងវិញទៀត ថ្មីៗនេះប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចទៅកន្លែងដែលក្រុមហ៊ុនរករ៉ែកម្ររបស់ចិនកំពុងតែប្រតិបត្តិការដែលទស្សនកិច្ចរបស់មេដឹកនាំចិននេះបានធ្វើឲ្យសាធារណជនមានការមន្ទិលសង្ស័យថាប្រទេសចិនអាចនឹងយកចំណុចដែលក្រុមហ៊ុនចិនផ្ដល់សារធាតុរ៉ែកម្រទៅឲ្យក្រុមហ៊ុនអេឡិចត្រូនិកអាមេរិកធ្វើជាអាវុធក្នុងការវាយបកទៅលើទីក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាមពាណិជ្ជកម្មនេះដោយក្រឡុកតម្លៃទីផ្សាររបស់សារធាតុកម្រឬក៏អាចបញ្ឈប់ការផ្គត់ផ្គង់សារធាតុរ៉ែទៅដល់ក្រុមហ៊ុនអេឡិចត្រូនិកផ្សេងទៀតក្នុងមួយគ្រាសិនខណៈដែលជម្លោះសង្គ្រាមពាណិជ្ជកម្មកំពុងតែជាបញ្ហាធំដល់ប្រទេសចិន។

រូបតំណាង

បច្ចុប្បន្ននេះចិនគឺជាប្រទេសដែលផ្គត់ផ្គង់សារធាតុរ៉ែកម្រទាំងនោះច្រើនជាងគេ (៩០ ភាគរយ) ដល់ក្រុមហ៊ុនផលិតបច្ចេកវិទ្យាជុំវិញពិភពលោកដែលសារធាតុរ៉ែទាំងនោះមានសារសំខាន់ក្នុងការផលិតបច្ចេកវិទ្យាផ្សេងៗតាំងពីស្មាតហ្វូនរហូតដល់បច្ចេកវិទ្យាយាន្តជំនិះផ្សេងៗនិងសម្រាប់វិស័យយោធា។

យោងតាមសម្ដីរបស់លោក Fraser Howie ដែលជាអ្នកវិភាគមួយរូបបានប្រាប់សារព័ត៌មាន CNBC ថាមិនមែនជាលើកទីមួយទេដែលទីក្រុងប៉េកាំងប្រើស្នៀតនេះក្នុងការប្រើប្រាស់មធ្យោបាយកាត់បន្ថយការផ្គត់ផ្គង់ផលិតផលផ្សេងៗដល់ប្រទេសដទៃដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ប្រទេសនោះ។ តួរយ៉ាងដូចកាលពីមុនក្នុងឆ្នាំ ២០១០ ចិនបានធ្លាប់កាត់បន្ថយការផ្គត់ផ្គង់រ៉ែកម្រនិងផលិតផលបច្ចេកវិទ្យាផ្សេងៗដល់ប្រទេសជប៉ុនបន្ទាប់ពីទីក្រុងតូក្យូបានធ្វើការចាប់ខ្លួនកាពីទែនចិនម្នាក់របស់ទូកនេសាទត្រីពេលដែលទូកនេះបានចូលទៅនេសាទត្រីក្នុងតំបន់ព្រំដែនទឹកដែលជប៉ុនគ្រប់គ្រងប៉ុន្តែប្រទេសចិនបានប្រកាសថាតំបន់នោះជាទឹកដីរបស់ខ្លួន។ ទទឹមនឹងរឿងនេះ ប្រទេសចិនក្នុងឆ្នាំដដែលនោះបានធ្វើការកាត់បន្ថយការផ្គត់ផ្គង់ត្រីសាលមុន (salmon fish) ទៅដល់ប្រទេសន័រវែសដោយសារប្រទេសចិនមានការមិនពេញចិត្តចំពោះសមាជិកគណៈកម្មាធិការបានផ្តល់មេដាយរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ដល់ជនជាតិចិនម្នាក់ដែលធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលចិន។

ចំពោះសារធាតុរ៉ែកម្រនេះ អ្នកវិភាគមួយរូបម្នាក់នេះក៍បានប្រាប់ដែរថាសារធាតុរ៉ែកម្រនេះគឺត្រូវបានគេស្រាវជ្រាវរកឃើញក្នុងតំបន់ផ្សេងៗជាច្រើនកន្លែងលើពិភពលោក។ ប៉ុន្តែប្រទេសផ្សេងៗដូចជាអាមេរិកជាដើមមិនអាចទាញយករ៉ែកម្រទាំងនោះបានដោយសារកត្តាបញ្ហាបរិស្ថានដែលជាឧបសគ្គដល់ការទាញយករ៉ែនេះហើយម្យ៉ាងទៀតក៍ត្រូវការចំណាយលុយច្រើនក្នុងការទាញយករ៉ែនេះចេញពីដីផងដែរ។ ហេតុនេះហើយបានជាប្រទេសចិនសព្វថ្ងៃជាប្រទេសដែលអាចផ្គត់ផ្គង់សារធាតុរ៉ែកម្រនោះច្រើនជាងគេលើពិភពលោក។

ចំណុចនេះហើយដែលធ្វើឲ្យចិនហ៊ានក្រឡុកតម្លៃទីផ្សាររ៉ែកម្រទាំងនោះជុំវិញពិភពលោក។ ជាពិសេសនោះគឺចិនចង់ធ្វើស៊ីអាមេរិកដោយប្រើមធ្យោបាយនេះ។ ប៉ុន្តែមិនដឹងថាចិនហ៊ានប្រើសន្លឹកបៀរមួយនេះឬទេក្នុងការតបតទៅនឹងសកម្មភាពរបស់អាមេរិកដែលបានប្រើវិធានការទើបនឹងចេញថ្មីៗនេះក្នុងការដាក់គំនាបក្រុមហ៊ុនអេឡិចត្រូនិកយក្សចិន Huawei ។ ទោះជាយ៉ាងណាក្ដីសម្ពាធសង្គ្រាមពាណិជ្ជកម្មក្នុងពេលនេះកំពុងតែជាបញ្ហាធំចំពោះភាគីទាំងសងខាងរវាងអាមេរិកនិងចិន៕

 

ដោយ៖ នឿន វណ្ណៈ

X
5s