CIC ប្រកាសបើកកម្មវិធីBIOរដូវកាលទី២ផ្ដល់ឱកាសដល់សហគ្រិនចូលរួមពង្រឹងផ្នែកអាជីវកម្ម
ដើម្បីបើកឱកាសដល់សហគ្រិនក៏ដូចជាវិនិយោគិននៅកម្ពុជាបានចូលរួមពង្រឹងសមត្ថភាពផ្នែកអាជីវកម្មរបស់ខ្លួន សមាគមអ្នកវិនិយោគកម្ពុជា (Cambodia Investor Club Association – CiC) ហៅកាត់ថា CIC បានបង្កើតនូវកម្មវិធី BIO ឡើងក្នុងគោលបំណងពង្រឹង ពង្រីក និងពន្លឿនល្បឿននៃការអភីវឌ្ឍអាជីវកម្ម និងចូលរួមក្នុងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅប្រទេសកម្ពុជា។ ហើយនេះគឺជារដូវកាលទីពីរនៃកម្មវិធី BIO ដែលទើបតែត្រូវបានបើកប្រកាសជាផ្លូវការឲ្យមានការចូលរួម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងកម្មវិធី ORIENTATION DAY។
ថ្លែងនៅក្នុងកម្មវិធីបើកប្រកាសនូវ BIO Batch2 នេះផងដែរលោក ឡែម ចាន់សម្រេច នាយកគ្រប់គ្រងនៃ CiC បានលើកឡើងថា កាលពីចាប់ផ្ដើមដំបូងនៅឆ្នាំ២០១៣ CiC មានសមាជិកតែប្រមាណ១០០នាក់ តែដោយឡែកសម្រាប់បច្ចុប្បន្ន CiC មានសមាជិករហូតដល់៣៣០នាក់ ដែលបានបែងចែកជា២ប្រភេទគឺជា qualified mamber និងassociate mamber ដែលមកពីវិស័យសំខាន់ៗផ្សេងៗគ្នា ហើយប្រភេទក្រុមហ៊ុនដែលCiC យកចូលមកគឺសុទ្ធសឹងជាក្រុមហ៊ុនដែលមានក្រមសីលធម៌ក្នុងការប្រកបអាជីវកម្ម ព្រមទាំងមានសមាជិកដែលមានវិជ្ជាជីវៈខ្ពស់ផងដែរ។
លោកបន្តថា កាលពីរដូវកាលទី១ BIO Batch1 មានសមាជិកចូលរួមប្រមាណ៨០នាក់ដែលបានបែងចែកជាពីរគឺទីមួយនៅរាជធានីភ្នំពេញ និងទី២គឺនៅខេត្ត សៀមរាប ដែលមានទាំងហគ្រិននិងវិនិយោគិន។ ហើយលោកក៏សង្ឃឹមថា នៅក្នុងរដូវកាលទី២នេះនឹងមានការចូលរួមកាន់តែច្រើនពីសំណាក់សហគ្រិននិងអ្នកវិយោគ ព្រោះតាមរយៈកម្មវិធីអ្នកចូលរួមនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មរបស់ពួកគាត់។
បង្ហាញពីចំណាប់អារម្មណ៍ លោក សុខ ឃាង ស្ថាបនិកក្រុមហ៊ុន MSK Travel និងជាសមាជិករបស់ BIO Batch1 បានចែករំលែកថា នៅក្នុង BIO គឺមានកម្មវិធីជាច្រើនដែលបានបើកឱកាសដល់លោកក្នុងការសិក្សាពីការធ្វើអាជីវកម្ម ដែលពីមុនមកលោកមិនសូវជាយល់ប៉ុន្មានទេ។ លោកថា នៅក្នុងកម្មវិធីនេះ មិនត្រឹមតែមានកម្មវិធីបណ្ដុះបណ្ដាលល្អៗជាច្រើននោះទេ ប៉ុន្តែថែមទាំងមានការចូលរួមពីអ្នកដែលមានជំនាញលើវិស័យខុសៗគ្នាជាច្រើនមកចែករំលែកនូវចំណេះដឹងទៀតផង។
នេះគឺជាឱកាសយ៉ាងពិសេសសម្រាប់សហគ្រិនដែលចង់ធ្វើឲ្យអាជីវកម្មរបស់ខ្លួនកាន់តែមានលំនឹង រីកចម្រើន ឱកាសពង្រីកទីផ្សារអាជីវកម្ម អាចស្វែងរកដៃគូរសហការវិនិយោគ និងឱកាសបានជួបជាមួយនឹងអ្នកប្រឹក្សាយោបល់ដែលពោពេញដោយសមត្ថភាពនឹងបទពិសោធន៍។
គួរបញ្ជាក់ផងដែរថាអ្នកដែលអាចចូលរួមជាមួយកម្មវិធីលុះត្រាតែ ជាអាជីវកម្មក្នុងដំណើរការច្រើនឆ្នាំ និងអាជីវកម្មដំបូងដែលមានដំណើរការបានយ៉ាងតិចរយៈពេល៦ខែ ជាអាជីវកម្មដែលមានសហប្រត្តិបត្តិការក្នុងវិស័យឧស្សាហកម្ម ជាម្ចាស់អាជីវកម្ម ជាសហស្ថាបនិក ឬជាអ្នកគ្រប់គ្រងជាន់ខ្ពស់។ សម្រាប់ការចូលរួមសហគ្រិនត្រូវចំណាយ៧៥០ដុល្លារ។ សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់ក្រុមការងារ CiC៕
ដោយ៖ ជួប ស្រីរ័ត្ន