ហេតុអ្វីត្រឹមតែជាសហគ្រិន នៅតែមិនគ្រប់គ្រាន់ធ្វើឲ្យអ្នកក្លាយជាអ្នកមានបាន?
ធ្វើជាអ្នកជំនួញ គឺជាហេតុផលមួយដែលអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបាន ប្រសិនបើអ្នកជោគជ័យ។ មានមនុស្សជាច្រើនចូលចិត្តស្រមៃថា នៅពេលបើកជំនួញហើយ ពួកគេនឹងអាចសម្រេចក្តីសុបិនធ្វើជាអ្នកបានហើយ ខណៈដែលឧបសគ្គនៅពីក្រោយជាច្រើនទៀត ខ្លួនមិនទាន់ឆ្លងកាត់។ ក៏ប៉ុន្តែតើការពឹងតែលើមុខជំនួញរបស់អ្នកតែមួយមុខ វាគ្រប់គ្រាន់ហើយឬនៅដើម្បីធ្វើឲ្យអ្នកក្លាយជាអ្នកមាន?
១. ការប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើង
ប្រសិនបើអ្នកចង់កំណត់ពីទំហំទ្រព្យសម្បត្តិមួយដែលអ្នកចង់បាន អ្នកច្បាស់ណាស់ត្រូវតែសកម្ម និងប្ដេជ្ញាចិត្តឲ្យខ្លាំងក្លាជាទីបំផុតក្នុងការសម្រេចឲ្យបានគោលដៅមួយនេះ។ ក៏ប៉ុន្តែ ទ្រព្យសម្បត្តិមាសប្រាក់ដែលអ្នកចង់រកនោះ វាមិនមែនស្ថិតអាស្រ័យនៅក្នុងមុខជំនួញរបស់អ្នកតែមួយប៉ុណ្ណោះទេ ឬក៏វាកំពុងលាក់ខ្លួននៅកន្លែងផ្សេងទៀតក្រៅពីរង្វង់ដៃមុខជំនួញរបស់អ្នក។ នេះមានន័យថា ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រដែលអ្នកបានធ្វើឡើង រួមបញ្ចូលទាំងអាជីវកម្មរបស់អ្នក ត្រូវធ្វើយ៉ាងណាបម្លែងវាឲ្យក្លាយជាប្រភពទ្រព្យសម្បត្តិរបស់អ្នកកាន់តែច្រើនឡើង។
គេសង្កេតឃើញថា សហគ្រិនកំពូលៗ មានទំនួលខុសត្រូវខ្ពស់ណាស់ក្នុងការគិតតាមរយៈជម្រើសជាច្រើនរបស់ខ្លួនដោយប្រុងប្រយ័ត្ន។ ពួកគេមានឥទ្ធិពលខ្លាំងទៅលើគុណសម្បត្តិ និងគុណវិបត្តិ កំណត់លទ្ធផលដ៏មានសក្ដានុពលជាអាទិភាព និងវាយតម្លៃលើលទ្ធភាពផ្សេងៗដែលជំរុញឲ្យលទ្ធផលកើតមានឡើង។ នៅទីបំផុត ការសន្និដ្ឋានរបស់ពួកគេបានបញ្ចប់ទៅជាការទស្សន៍ទាយដ៏ល្អបំផុតមួយតាមរយៈសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែពួកគេនៅតែមានភាពសង្ស័យ សញ្ជឹងគិតអំពីបញ្ហាទាំងនោះ។
ការក្លាយទៅជាអ្នកមាន គឺជាកត្តាមួយដែលជំរុញឲ្យពួកគេបានដាក់បញ្ចូលទៅក្នុងសកម្មភាពទាំងអស់របស់ពួកគេ។ ពួកគេនឹងសួរខ្លួនឯងថា តើយុទ្ធសាស្ត្រ ឬការសម្រេចចិត្តណាមួយទំនងជានឹងធ្វើឲ្យពួកគេអាចរកលុយបានច្រើន? នេះមិនមែនជាការពិចារណាតែមួយគត់ ឬជាការពិចារណាដ៏សំខាន់បំផុតនោះទេ ប៉ុន្តែវាជាអ្វីដែលពួកគេមិនអាចព្រងើយកន្តើយឈប់គិតមិនបាន។
២. ធ្វើការជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងច្បាប់ដែលមានសមត្ថភាពខ្ពស់
ការប្ដេជ្ញាចិត្តក្នុងការកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួនគឺជាផ្នែកមួយនៃផែនការដើម្បីក្លាយទៅជាអ្នកមានហើយវាត្រូវតែមានសកម្មភាពជាក់លាក់ដែលជួយធានាទ្រព្យសម្បត្តិរបស់អ្នកត្រូវបានយកចិត្តទុកដាក់គិតគូរបានយ៉ាងល្អ។ សកម្មភាពដ៏សំខាន់មួយ ប៉ុន្តែជាញឹកញាប់ត្រូវបានគេមើលរំលងនោះគឺត្រូវគ្រប់គ្រងលុយកាក់ដែលអ្នករកបានតាមរយៈមុខជំនួញរបស់អ្នក ដើម្បីឲ្យវាកាន់តែរីកធំធាត់ និងត្រូវបានការពារយ៉ាងតឹងរ៉ឹង ដូចជាការប្តឹងផ្តល់ដោយគ្មានមូលដ្ឋានពីអ្នកផ្សេងទៀតជាដើម។ សូមចាំថា ភាពអស្ចារ្យក្នុងការរកលុយ មិនមែនសុទ្ធតែធ្វើឲ្យអ្នកក្លាយជាអ្នកគ្រប់គ្រងលុយដោយឈ្លាសវៃ ឬមានប្រសិទ្ធភាពនោះទេ។
មានសហគ្រិនច្រើនណាស់បន្ទាប់ពីទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីការលក់ក្រុមហ៊ុនរបស់ខ្លួនហើយបានបាត់បង់ចំណែកទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈភាពខ្វះចន្លោះក្នុងការវិនិយោគ និងបញ្ហាផ្លូវច្បាប់មួយចំនួន។ ខណៈដែលសហគ្រិនទាំងនេះត្រូវគេមើលឃើញថា ជាមនុស្សឆ្លាតវៃ ហើយចេះស្ទាត់ជំនាញក៏ដោយ ក៏ពួកគេនៅតែអាចភ្លាត់ស្នៀត និងបង្កើតកំហុសឆ្គងធំៗដោយសារតែភាពខ្វះចន្លោះក្នុងជំនាញទុកដាក់ហិរញ្ញវត្ថុ ឬមាសប្រាក់។
នៅក្នុងស្ថានភាពបែបនេះជារឿយៗ សហគ្រិនអាចជៀសផុតបានពីបញ្ហាទាំងនេះតាមរយៈការចូលរួមជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងអ្នកច្បាប់ពូកែៗដែលបានចូលរួមប្ដេជ្ញាចិត្តចំពោះភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់អ្នក។ ដើម្បីឲ្យលទ្ធផលនេះអាចសម្រេចបានអ្នកត្រូវបង្កើតក្រុមអ្នកជំនាញដែលមានគុណភាពខ្ពស់ និងមានម្នាក់ក្នុងចំណោមពួកគេអាចធ្វើសកម្មភាពដើម្បីសម្របសម្រួលការងារនេះ។ ជាការពិតណាស់វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដោយសហគ្រិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភដើម្បីធានាថា ពួកគេបានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុទាំងនោះ ហើយគ្មានចន្លោះប្រហោងប្រេះស្រាំដែលនាំឲ្យទ្រព្យសម្បត្តិរបស់ខ្លួនត្រូវហូរច្រោះ៕
ប្រភព៖ Entrepreneur