សម្រង់គំនិតចំនួន ១០ឃ្លា របស់លោក Haruki ប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់អ្នកយកទៅរិះគិត
Haruki Murakami គឺជាអ្នកនិពន្ធជនជាតិជប៉ុនជំនាន់ក្រោយដ៏ល្បីល្បាញមួយរូប និងជាអ្នកបកប្រែមួយរូបផងដែរ។ ស្នាដៃរបស់គាត់ត្រូវបានគេពណ៌នាថាងាយស្រួលក្នុងការយល់ តែមានភាពស្មុគស្មាញយ៉ាងស៊ីជម្រៅ។ គាត់លូតលាស់ធំធាត់ឡើងជាមួយនឹងការអានសៀវភៅរបស់អ្នកនិពន្ធជនជាតិអាមេរិកជាច្រើន ដែលចំណុចនេះបានជះឥទ្ធិពលធ្វើឲ្យស្នាដៃនិពន្ធរបស់គាត់មានភាពលេចធ្លោខុសប្លែកពីអ្នកនិពន្ធរបស់ជប៉ុនដទៃទៀត។ ខាងក្រោមនេះគឺជាសម្រង់គំនិតចំនួន ១០ឃ្លា របស់លោក Harukiដែលប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់អ្នកយកទៅរិះគិត៖
១) «អ្វីក៏ដោយដែលអ្នកស្វែងរកមិនបង្ហាញមកនៅក្នុងរូបរាងដែលអ្នករំពឹងទុកវានោះឡើយ។»
២) «មិនថាទុក្ខវេទនាកម្រិតណាដែលអ្នកបានឆ្លងកាត់ក៏ដោយ អ្នកមិនដែលគិតចង់បំភ្លេចការចងចាំទាំងនោះចោលនោះឡើយ។»
៣) «កុំមានអារម្មណ៍អាណិតអាសូរខ្លួនឯងឲ្យសោះ។ មានតែមនុស្សភ្លីភ្លើប៉ុណ្ណោះដែលធ្វើបែបនេះ។»
៤) «គ្មានសង្គ្រាមណាមួយដែលអាចបញ្ចប់រាល់សង្គ្រាមទាំងអស់បាននោះទេ។»
៥) «មិនថាអ្នកធ្វើដំណើរបានឆ្ងាយប៉ុណ្ណាក៏ដោយ អ្នកមិនអាចគេចផុតពីខ្លួនឯងបាននោះឡើយ។»
៦) «បើអ្នកស្ថិតនៅក្នុងទីងងឹតសូន្យសុង អ្វីដែលអ្នកអាចធ្វើបានគឺអង្គុយឲ្យស្ងៀមរហូតទាល់តែភ្នែករបស់អ្នកស៊ាំជាមួយនឹងភាពងងឹតនោះ។»
៧) «កោសិការបស់រាងកាយជម្រុះនិងផ្លាស់ប្ដូរខ្លួនវាជារៀងរាល់ខែ សូម្បីតែនៅក្នុងខណៈពេលនេះក៏ដោយ។ ភាគច្រើននៃអ្វីដែលអ្នកគិតថាអ្នកដឹងអំពីខ្ញុំគ្មានអ្វីក្រៅអំពីការចងចាំប៉ុណ្ណោះ។»
៨) «បើទោះជាយើងអាចត្រឡប់ថយក្រោយក៏ដោយ ក៏ពួកយើងប្រហែលជាមិនស្ថិតនៅក្នុងចំណុចដែលយើងបានចាប់ផ្ដើមនោះដែរ។»
៩) «រឿងរ៉ាវនៅក្នុងជីវិតត្រូវបានតាក់តែងឡើងដោយអតីតជាតិរបស់យើង។ ទោះបីគ្រាន់តែជាហេតុការណ៍តូចបំផុតមួយក៏ដោយ គ្មានអ្វីមួយដែលជាភាពចៃដន្យនោះឡើយ។»
១០) «សេចក្ដីស្អប់ប្រៀបបានទៅនឹងស្រមោលងងឹតដ៏យូរ។ ភាគច្រើន សូម្បីតែមនុស្សដែលវាធ្លាក់ទៅលើហើយក៏មិនទាំងដឹងផងថាវាមកពីណា។ វាប្រៀបដូចជាកាំបិតមុខពីរដូច្នោះ។ នៅពេលអ្នកកាត់អ្នកដទៃ អ្នកក៏កាត់ខ្លួនឯងដែរ។ នៅពេលអ្នកកាប់អ្នកដទៃសាហាវឃោរឃៅប៉ុណ្ណា អ្នកក៏កាប់ខ្លួនឯងសាហាវឃោរឃៅខ្លាំងប៉ុននោះដែរ។»
ដោយ៖ ស្រីពៅ