លក្ខណៈ ៤យ៉ាង ដែលសហគ្រិនត្រូវតែប្រកាន់ជាប់ខ្លួន​



អ្វីទៅដែលអាចនាំឲ្យមនុស្សម្នាក់ក្លាយជាសហគ្រិនបាន ឬមនុស្សម្នាក់នោះ កើតមកដើម្បីក្លាយជាសហគ្រិន  ឬគេកើតមមកជាមួយភាពជោគជ័យក្នុងជីវិតតែម្តង? គ្មាននរណាម្នាក់អាចស្ពាយសម្បត្តិនៃភាពជោគជ័យមកជាប់ខ្លួនរហូតទេបើគ្មានការខឹតខំប្រឹងប្រែង និងការស្វែងរកចំនេះដឹងដាក់ខ្លួន។ តែការដែលធ្វើជាសហគ្រិនមួយរូបទាមទារភាពអំណត់ច្រើនណាស់ អ្នកត្រូវឆ្លងកាត់ទុក្ខលំបាក ជួបព្យុះភ្លៀងក៏មិនតិចដែរ។ លក្ខណៈ ៤យ៉ាង ខាងក្រោមនេះជាអ្វីដែលសហគ្រិននីមួយៗគួរតែមានជាប់ខ្លួន៖

១) ទស្សនៈវិស័យ

គេថាសហគ្រិនជាមនុស្សដែលមើលឃើញដុំដីជាមាស មើលអ្វីក៏ជាលុយខណៈដែលអ្នកដទៃមើលវាត្រឹមជារបស់ធម្មតាៗមួយ។ វាមិនមែនជាវិញ្ញាញទី ៦ ទី ៧ អីទេ តែវាជាការសំលឹងឃើញឱកាសទៅវិញទេ គេអាចមើលឃើញពីសក្តានុពលនៃអ្វីមួយរកដំណោះស្រាយបែបណាឲ្យវាក្លាយជាប្រយោជន៍សម្រាប់ខ្លួនគេ ក៏ផ្តល់ជាប្រយោជន៍ដល់តម្រូវការសង្គមបានទៀត។ ពេលដែលគេអាចបំពេញតម្រូវការខ្លួនឯងបាន ហើយឈានដល់អាចបំពេញតម្រូវការអ្នកដទៃ និងសង្គមបានទៀតនោះបង្ហាញឲ្យឃើញថាមនុស្សម្នាក់នោះកំពុងមានទស្សនៈវិស័យច្បាស់លាស់មួយក្នុងភាពជាសហគ្រិនរបស់គេ។

២) អាចគ្រប់គ្រងខ្លួនឯងបាន

កុំថាឡើយការគ្រប់គ្រងអ្នកដទៃវាលំបាក តែការគ្រប់គ្រងខ្លួនឯងក៏មិនមែនជារឿងមួយងាយស្រួលដែរ។ មនុស្សមិនច្រើនប៉ុន្មានទេដែលមានវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ អាចជំនះភាពឆេវឆាវក្នុងខ្លួនបានគ្រប់ពេលនោះ។មា នពាក្យមួយឃ្លានិយាយថា “កុំស្រមៃថាចង់គ្រប់គ្រងពិភពលោក ដរាបណាអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងអ្នកបាន”។ ជាសហគ្រិនទោះអ្នកមិនអាចគ្រប់គ្រងអារម្មណ៍អ្នកបានគ្រប់ពេលក៏ដោយ តែអ្វីដែលអ្នកត្រូវធ្វើគឺអ្នកត្រូវចេះប្រឈមនឹងបញ្ហា ហើយព្យាយាមដោះស្រាយវាដោយសន្តិវិធីបំផុត ព្យាយាមស្វែងរកអ្វីដែលជាហេតុនិងផល ព្រោះរាល់បញ្ហាគឺសុទ្ធតែមានដំណោះស្រាយ ហើយវានឹងជួយឲ្យអ្នកកាន់តែឆ្លាតជាងមុនទៀត។

៣) ហ៊ានធ្វើវា

សហគ្រិនហាក់ដូចជាមនុស្សម្នាក់ដែលមានថាមពលក្នុងភាពក្លាហានជាងអ្នកធម្មតាបន្តិច លើការសម្រេចចិត្តទទួលយកហានិភ័យ។ មិនមែនរាល់សហគ្រិនសុទ្ធតែសម្រេចចិត្តបានត្រឹមត្រូវគ្រប់ពេលទេ តែគេហ៊ានលូកដៃទៅក្នុងទឹកក្តៅដើម្បីដឹងថាវាក្តៅកម្រិតណា គេអាចទ្រាំទ្រនឹងកម្តៅនោះបានទេ ហើយវាជាមេរៀនដ៏ល្អសម្រាប់គេដើម្បីសម្រេចចិត្តបន្តទៅថ្ងៃមុខថានឹងដើរផ្លូវណាល្អ ផ្លូវណាគ្រោះថ្នាក់។ 

៤) មានភាពបត់បែន

ដូចដែលបានបញ្ជាក់ក្នុងចំនុចទី ១ សហគ្រិនជាមនុស្សដែលមានទស្សនៈវិស័យសម្រាប់ដំណើរការអាជីវកម្ម និងដំណើរជីវិតរបស់គេផ្ទាល់។ ពេលគេមានទស្សនៈវិស័យ ប្រាកដណាស់ថាគេច្បាស់ជាមានចក្ខុវិស័យ (ផ្លូវដែលនាំគេដើរទៅដល់គោលដៅ) គេបានរៀបចំផ្លូវដើរសម្រាប់ខ្លួនឯងគេរួចទៅហើយ ហើយក៏មិនមែនមានតែផ្លូវមួយដែលគេអាចដើរបានទេ។ សហគ្រិនតែងមានភាពបត់បែនទៅតាមកាលៈទេសៈ ដៃរបស់គេនៅលើពពក តែជើងរបស់គេជាន់នៅលើដី គេអាចមើលឃើញផ្លូវច្រើនក្នុងការបញ្ចៀសខ្លួនចេញពីបញ្ហា ទោះបីគេចមិនផុតពីបញ្ហាទាំងអស់ តែគេក៏មិននៅចាំរងភ្នំថ្មដែលកំពុងបាក់សង្កត់ខ្លួនគេដែរ។ 

តែចំនុចនេះគួរបញ្ជាក់ថា មិនមែនតែសហគ្រិនទេមនុស្សគ្រប់គ្នាត្រូវចេះមានភាពបត់បែនក្នុងការរស់នៅប្រចាំថ្ងៃ ជីវិតការងារ ជីវិតស្នេហា មិនមែនដើរតែលើផ្លូវត្រង់មួយមិនគេពីឧបសគ្គដែលចាំរាំងផ្លូវពីមុខយើង ហើយទ្រាំនឹងការឈឺចាប់គ្រប់បែបយ៉ាងនោះទេ។ មនុស្សឆ្លាតតែរំដោះខ្លួនពីបញ្ហាទុក្ខលំបាក ដោយមិនបណ្តោយខ្លួនតោកយ៉ាកតាមការយាយីពីសត្រូវបញ្ហា ឬបណ្តោយខ្លួនស្លាប់តាមយថាកម្មឡើយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s