សុភាសិតអៀរឡង់៖ «សមិទ្ធផលការងារនឹងលើកសរសើរបុគ្គលម្នាក់នោះ។»​



ដូចពាក្យដែលគេចំណាំនិយាយថា អ្វីៗមិនអាចសម្លឹងមើលតែសម្បកក្រៅបាននោះទេ។ នៅក្នុងសង្គម ប្រភេទមនុស្សដែលអ្នកនឹងតែងតែជួបប្រទះជាញឹកញាប់គឺជាមនុស្សដែលបានតែសម្ដីតែមិនអាចធ្វើបានដល់កម្រិតដែលខ្លួននិយាយ គឺជាប្រភេទមនុស្សដែលមើលទៅទំនងខាងក្រៅតែប្រហោងខាងក្នុង។

សុភាសិតមួយឃ្លារបស់ជនជាតិអៀរឡង់បានពោលថា «សមិទ្ធផលការងារនឹងលើកសរសើរបុគ្គលម្នាក់នោះ។» បើសិនជានរណាម្នាក់ស្គាល់ខ្លួនឯងច្បាស់ថាខ្លួនឯងមានសមត្ថភាពអ្វី មានទេពកោសល្យអ្វីពិតប្រាកដ នោះពួកគេមិនត្រូវការការនិយាយលើកជើងអ្វីបន្ថែមទៀតឲ្យខ្លួនឯងនោះទេ។ បុគ្គលដែលលើកជើងខ្លួនឯង មានទម្លាប់ចូលចិត្តអួតសរសើរខ្លួនឯង ក៏ព្រោះតែពួកគេមិនទុកចិត្តខ្លួនឯង មិនស្គាល់ខ្លួនឯងថាចេះអ្វីឲ្យពិតប្រាកដ ហេតុនេះហើយទើបពួកគេច្រើនតែអួតសរសើរខ្លួនឯងដើម្បីបិទបាំងចំណុចខ្វះខាតទាំងនេះ។

បើបុគ្គលណាម្នាក់ពិតជាស្គាល់ខ្លួនឯងនិងសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង នោះផ្លែផ្កានៃការងាររបស់ពួកគេ សមិទ្ធផលការងាររបស់ពួកគេនឹងធ្វើជាអ្នកលើកសរសើរពីសមត្ថភាពពិតប្រាកដរបស់បុគ្គលម្នាក់នោះហើយ ហើយពួកគេក៏មិនចាំបាច់និយាយអ្វីបន្ថែមឲ្យខ្លួនឯងទៀតនោះដែរ ព្រោះសមិទ្ធផលការងាររបស់ពួកគេគឺជាភស្តុតាងជាក់ស្ដែងស្រាប់ទៅហើយ។

ប៉ុន្តែនៅក្នុងសង្គមមនុស្សភាគច្រើនច្រើនតែចូលចិត្តប្រភេទមនុស្សដែលពូកែនិយាយ ចេះអួតសរសើរខ្លួនឯង ចេះអែបអបអ្នកដទៃ និងមិនសូវយកចិត្តទុកដាក់ប៉ុន្មានទៅលើបណ្ដាបុគ្គលដែលមិនប្រសប់ក្នុងការនិយាយស្ដី តែខ្លឹមខាងក្នុង មានសមត្ថភាពច្បាស់លាស់និងមានអត្តចរិតល្អនោះទេ។ ហេតុផលម្យ៉ាងគឺដោយសារតែបុគ្គលប្រភេទនេះត្រូវការពេលវេលាយូរទើបអ្នកអាចមើលឃើញពីសមត្ថភាពពិតរបស់ពួកគេនិងអត្តចរិតល្អរបស់ពួកគេ ខណៈពេលដែលមនុស្សភាគច្រើនឆាប់វាយតម្លៃអ្វីៗនៅសម្បកក្រៅ ហើយចុងក្រោយក៏អូសទាញបុគ្គលប្រភេទនេះចេញពីពួកគេដោយមិនដឹងខ្លួន។

មិនថាភាគច្រើនគេមានទំនោរបែបណា ដើរផ្លូវណា គិតបែបណាក៏ដោយ ឃើញគេធ្វើច្រើនមិនប្រាកដថាត្រឹមត្រូវនោះទេ។ ហេតុនេះហើយទើបបានជាមនុស្សម្នាក់ៗត្រូវចេះអភិវឌ្ឍការរិះគិតពិចារណារបស់ខ្លួន ដើម្បីយកមកវែកញែកអ្វីខុសនិងអ្វីត្រូវក្នុងជីវិត។ និយាយឲ្យចំសេចក្ដីគឺ អ្នកត្រូវចេះកសាងខ្លួនឲ្យក្លាយជាមនុស្សដែលខ្លឹមក្នុង បើទោះជាសម្បកក្រៅរបស់អ្នកមិនសូវល្អមើលក៏ដោយ។ កុំដើរលើផ្លូវដែលធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដែលល្អខាងក្រៅតែប្រហោងខាងក្នុងឲ្យសោះ។ នៅពេលអ្នកមានសមត្ថភាពពិតប្រាកដបូកផ្សំជាមួយនឹងអត្តចរិតល្អផងនោះ នោះអ្នកនឹងផលិតបាននូវសមិទ្ធផលការងារល្អៗ ហើយទឹកដៃនៃការងាររបស់អ្នកនឹងលើកសរសើរពីសមត្ថភាពរបស់អ្នក៕

ដោយ៖ ស្រីពៅ

 

X
5s