ក្រុមហ៊ុន​កូរ៉េ​គ្រោង​វិនិយោគ​លើ​ប្រព័ន្ធ​ទឹកស្អាត​និង​ថាមពលកម្ពុជា​​ដោយ​បច្ចេកវិជ្ជា​​ថ្មី​



នៅ​ក្នុង​ជំនួប​ជា​មួយ​ឯកឧត្តម ប៉ាន សូរស័ក្ក រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩​ កន្លង​ទៅ​ លោក ហ្គូហា ជាំង (Gyu-Ha Jang) អនុប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ (KOIMA) បាន​ជម្រាប​ជូន​ឯក​ឧត្តម​ពី​គំនិត​ផ្ដួចផ្ដើម​វិនិយោគ​លើ​ប្រព័ន្ធ​ទឹកស្អាត និង​ថាមពល ដោយ​ប្រើប្រាស់​បច្ចេកវិជ្ជា Solar Hope Farm ដែល​បច្ចេកវិជ្ជាថ្មី ដែល​អាច​ស្ដុក​ទុក​នូវ​ទឹកស្អាត ក៏​ដូច​ជា​ផ្ដល់​ថាមពល​អគ្គិសនី ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម។

 

លោក ជាំង ជម្រាបថា លោកមានគំនិតធ្វើការសាកល្បងគម្រោងនេះជាមុនសិន ប៉ុន្តែ​លោក​មាន​បំណង​ចាប់ដៃគូ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក ដើម្បី​អនុវត្ត​គម្រោង​នេះ។ ក្រៅពីនោះ លោកក៏បានជម្រាបជូនថា សហការីរបស់លោក មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការពិនិត្យលទ្ធភាពនាំចូលម្រេចកំពតពីកម្ពុជាទៅកូរ៉េ។

 

ជា​មួយ​គ្នា​នេះ ឯកឧត្តមរដ្ឋមន្ត្រី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​លោក ជាំង ដោយ​យល់​ថា​ការ​ប្រើប្រាស់​បច្ចេកវិជ្ជា​ថ្មីនេះ នឹង​ផ្ដល់ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ជាពិសេស​នៅ​តំបន់​ដែល​មិនទាន់​មាន​អគ្គិសនី និង​ទឹកស្អាត។ ឯកឧត្តម ស្នើសុំឲ្យលោក ជាំង រៀបចំជាសំណើ និង​ផែនការ​ធុរកិច្ច ឲ្យ​បាន​លម្អិត សម្រាប់​សម្រួល​ដល់​ការ​ពិភាក្សា និង​ស្វែងរក​ដៃ​គូធុរកិច្ច៕

 

X
5s