ដំណឹងល្អ! ឡាវនឹងបើកការហោះហើរត្រង់មកកម្ពុជាវិញ ក្រោយផ្អាកដំណើរការមួយរយៈ
ឡាវជាប្រទេស ឈរលើចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមទេសចរអន្តរជាតិចំនួន១០ប្រទេស ដែលមកទស្សនាកម្ពុជា (Top 10) ហើយនេះគឺជាដំណឹងល្អសម្រាប់កម្ពុជា ដែលក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ (Loas Airline) របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នឹងបើកការហោះហើរមកកាន់កម្ពុជាឡើងវិញនាអំឡុង ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយពីផ្អាកការហោះហើរអស់មួយរយៈកន្លងមក ហើយគោលដៅសំខាន់នៅចំពោះសម្រាប់ការហោះហើរនេះរួមមានរាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ និងខេត្តផ្សេងទៀតនៅតំបន់ឆ្នេរ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៩។
ប្រភពរូបភាព៖ ក្រសួងទេសចរណ៌
ជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ឯកឧត្តម អាមផៃ គីនដាវង្ស (Amphay Kindavong) នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ បានលើកឡើងថា តាមរយៈការភ្ជាប់ជើងហោះហើរឡើងវិញនេះ កម្ពុជា-ឡាវ នឹងខិតខំរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ជូនដល់ភ្ញៀវទេសចរឱ្យកាន់តែសម្បូរបែបថែមទៀត ពិសេសគោលដៅទេសចរណ៍នៅតំបន់មាត់សមុទ្ររបស់កម្ពុជា។
ប្រភពរូបភាព៖ ក្រសួងទេសចរណ៌
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឯកភាពជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតឡាវថា តាមរយៈការភ្ជាប់ជើងហោះហើរឡើងវិញនេះ កម្ពុជា-ឡាវ នឹងខិតខំរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ជូនដល់ភ្ញៀវទេសចរឱ្យកាន់តែសម្បូរបែបថែមទៀត ពិសេសគោលដៅទេសចរណ៍នៅតំបន់មាត់សមុទ្ររបស់កម្ពុជា។ មួយវិញទៀត កម្ពុជា-ឡាវ ក៏ចង់ឱ្យខ្សែទស្សនកិច្ច «គោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក» កាន់តែត្រូវបានជំរុញឱ្យមានសកម្មភាពច្រើនឡើងថែមទៀត ដោយប្រទេសទាំងពីរក៏មានគោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក «សៀមរាប-អង្គរ តំបន់ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូរបស់ឡាវ» ផងដែរ។
ប្រភពរូបភាព៖ ក្រសួងទេសចរណ៌
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរឡាវប្រមាណជាង ៤២ម៉ឺននាក់។ ដោយឡែក ក្នុងរយៈពេល៤ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានទេសចរឡាវប្រមាណជាង ១២ម៉ឺននាក់ ឈរលើចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមទេសចរអន្តរជាតិ ១០ប្រទេស ដែលមកទស្សនាកម្ពុជា (Top 10)៕
ដោយ៖ ជួប ស្រីរ័ត្ន