វិនិយោគិន​ចិន​លំដាប់​ខ្ពស់​ជាង​១០០​នាក់​កំពុង​សម្លឹង​មើល​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​



វិនិយោគិននិង​ធុរជន​ចិន​ប្រមាណ​ជាង ១០០នាក់ មក​ពី​រដ្ឋធានី​ប៉េកាំង និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង (នាគអាស៊ី) ដែល​សុទ្ធសឹង​ជា​អ្នកវិនិយោគ​លំដាប់​ខ្ពស់ បាន​ធ្វើ​ដំណើរ​មក​ប្រទេស​មិត្ត​កម្ពុជា ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​គឺ​លើ​វិស័យទេសចរណ៍។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ទេសចរណ៍​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ។

 

ជា​មួយ​គ្នា​នេះ​ ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ពាណិជ្ជកម្ម​ហុងកុង (Hong Kong Trade Development Council-HKTDC) រៀបចំ​ជំនួប​ធុរកិច្ច​អាហារ​ថ្ងៃត្រង់​សម្រាប់​ពួកគេ ព្រម​ជាមួយ​សន្ទរកថា​ស្វាគមន៍​យ៉ាង​កក់ក្ដៅ នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូកេត្រា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩​ដើម្បី​ទទួល​ស្វាគមន៍​ចំពោះ​វិនិយោគិន និង​ធុរជន​ចិន​ខាងលើ។

 

នៅ​ក្នុង​ជំនួប​នេះ​ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​អំពាវនាវ​ដល់​វិនិយោគិន​ចិន​មក​ពី​ទីក្រុង​ហុងកុង និង​ប៉េកាំង ឱ្យ​មកបណ្តាក់​ទុនវិនិយោគ​លើវិស័យទេសចរណ៍​នៅ​កម្ពុជា ឱ្យ​កាន់​តែច្រើន​ថែម​ទៀត ពិសេស​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ដោយ​ឈរ​លើ​គោលការណ៍​ស្អាត​បៃតង ការ​ច្នៃប្រឌិត (Creative) និង​នវានុវត្ត (Innovative ) ក្នុង​យុគសម័យឌីជីថរូបនីយកម្ម (Digitalization)។

 

ឯកឧត្តម ថោង ខុន បាន​ថ្លែង​អំណរគុណ​ចំពោះ​គណៈប្រតិភូ​វិនិយោគ​ហុងកុង និងប៉េកាំង ដែល​ដឹកនាំ​ដោយ​លោក Peter Wong នាយក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ីខាងត្បូង និង​លោក Li Hengqing ប្រធាននាយកដ្ឋាន​កិច្ចការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ក្រុង​ប៉េកាំង និង​បណ្តា​វិនិយោគិន​នៅ​កម្ពុជា ដោយ​បញ្ជាក់​ថា នេះ​គឺជា​ជំនួប​លើក​ទី២ បន្ទាប់​ពីជំនួប​លើក​ទី១ ខែ្ស​ក្រវាត់ និងផ្លូវ ស្តីពី​កិច្ច​ពិភាក្សា​តុមូល​លើ​ការវិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដោយ​ទទួល​បាន​ជោគជ័យ​នៅ​ទីក្រុង​ហុងកុង​កន្លង​មក៕

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s