បញ្ហាពស់ចឹកបានធ្វើឲ្យមនុស្សប្រមាណ ២០០ នាក់ស្លាប់ជារៀងរាល់ថ្ងៃនៅលើពិភពលោក​



ប្រហែលជាគ្មានអ្នកដឹងច្រើនទេថា មនុស្សប្រមាណ ២០០ នាក់ត្រូវបានស្លាប់ដោយសារតែពស់ចឹកទូទាំងពិភពលោកយើងនេះ។ ស្ទើរតែគ្មាននរណាម្នាក់អាចរួចផុតពីពិសពស់សាហាវ ពិសេសពពួកពស់វែក King Cobra  ប្រសិនបើគេមិនបានទទួលការសង្គ្រោះទាន់ពេល ឬការសង្គ្រោះដែលមិនត្រឹមត្រូវ។   

ករណីពស់ចឹកស្លាប់អាចកើតមានចន្លោះពី ៨១,០០០នាក់ ទៅ ១៣៨,០០០នាក់ក្នុងជារៀងរាល់ឆ្នាំ ហើយក៏មានអ្នកពិការដោយសារពស់ចឹកកើតមានប្រមាណ ៤០០,០០០នាក់ ដែរក្នុងមួយឆ្នាំៗ។ តួលេខនេះមិនមែនតិចតួចទេ តែក៏មិនសូវមានការចាប់អារម្មណ៍តាមដានឲ្យបានដឹតដល់ដែរពីបញ្ហាមួយនេះ វាអាចចាត់ទុកថាជាបញ្ហាសកលហើយក៏កាន់តែជាបញ្ហាធ្ងន់ធ្ងរដោយសារតែកង្វះថ្នាំប្រឆាំងនឹងពិសពស់ ក៏ដូចជាកង្វះបច្ចេកទេស ចំណេះដឹងសង្គ្រោះនៅពេលមានពស់ចឹក។

 

រូបភាពពី BBC

ស្ថានភាពជាសកល

ការវាយប្រហារដោយសត្វពស់ ហាក់ដូចជាមិនត្រូវបានគេអើពើប៉ុន្មានទេសម្រាប់សុខភាពសាធារណៈនៅក្នុងតំបន់ត្រូពិច តែបញ្ហាសត្វពស់ចឹកនៃបង្កជាការស្លាប់ និងអ្នកពិការស្ទើរច្រើនជាងជំជឺឆ្លងដទៃទៀតនៅតំបន់នេះ។ គេសង្កេតឃើញថាតំបន់ដែលមានការវាយប្រហារច្រើនដោយសត្វពស់គឺ នៅ អាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន។ ក្នុងតំបន់អាស៊ី មានមនុស្សច្រើនជាង ២លាននាក់ត្រូវរងឥទ្ធិពលនៃពិសពស់ក្នុងមួយឆ្នាំៗ ខណៈដែលនៅតំបន់អាព្រិក គេបានសន្មត់ថាមនុស្សចន្លោះពី ៤៣៥ ០០០នាក់ ទៅ ៥៨០,០០០នាក់ត្រូវពស់ចឹកក្នុងមួយឆ្នាំដែលពួកគេត្រូវការការព្យាបាល។ ពិសពស់បានបង្កជាផលប៉ះពាល់ដល់ស្ត្រី កុមារ និងកសិករក្រីក្រនៅតាមជនបទនៃប្រទេសដែលមានចំនូលទាប ហើយអ្វីដែលជាបញ្ហាធំបំផុតគឺគ្មានឱសថព្យាបាលគ្រប់គ្រាន់នៅតាមតំបន់ជនបទទាំងនោះ។

 

 

 

យោងតាម UK's Wellcome Trust កន្លែងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តមានស្នាក់ការនៅទីក្រុងឡុងដ៍ បានឲ្យដឹងថា ពស់ចឹកជាមូលហេតុបណ្តាលឲ្យមានអ្នកស្លាប់ និងពិការច្រើនជាងជំងឺឆ្លងដទៃទៀតនៅក្នុងតំបន់ត្រូពិច។ ដោយឡែកអង្គការសុខភាពពិភពលោកក៏បានយល់ស្របជាមួយគំនិតមួយនេះដែរ ហើយក៏បានចេញយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាចំពោះមុខ ក្នុងនោះក្រុមអ្នកធ្វើយុទ្ធនាការបានពិពណ៌នាថាជាវិបត្តិសុខភាពសាធារណៈដែលបានលាក់មុខធំបំផុតរបស់ពិភពលោក។

ដើម្បីកាត់បន្ថយអត្រាស្លាប់ និងពិការដោយសារពស់ចឹកឲ្យបានពាក់កណ្តាលនៃតួលេខបច្ចុប្បន្នក្នុងឆ្នាំ ២០៣០ អង្គការសុខភាពពិភពលោកបានចំណាយប្រាក់ប្រមាណ ១៣៦ លានដុល្លារ ដើម្បីបញ្ជៀបការអប់រំផ្នែកសុខភាពទៅដល់សហគមន៍ដែលងាយរងគ្រោះដោយសារបញ្ហានេះ ផ្តល់ការថែទាំព្យាបាលក៏ដូចជាពង្រឹងបន្ថែមនូវប្រព័ន្ធថែទាំសុខភាពសាធារណៈ ដោយមានការជ្រោមជ្រែងពី Wellcome Trust។ បន្ថែមពីនេះ Wellcome Trust ក៏នឹងបន្តវិនិយោគបន្ថែម ៧ ឆ្នាំបន្ទាប់នូវទឹកប្រាក់ប្រមាណ ១០១.៣ លានដុល្លារ នេះជាការបញ្ជាក់របស់ Wellcome Trust។

បញ្ហាប្រឈមក្នុងការផលិតថ្នាំប្រឆាំងពិសពស់

សញ្ញាមួយបង្ហាញពីបញ្ហាប្រឈមចំពោះការផលិតថ្នាំប្រឆាំងពិសពសគឺ ការដាក់ឲ្យត្រូវតាមប្រភេទពិសពស់នីមួយៗ ព្រោះវាមិនអាចប្រើថ្នាំមួយមុខដើម្បីត្រូវជាមួយគ្រប់ប្រភេទពិសពស់ទាំងអស់បានទេ។ បច្ចុប្បន្ននេះមានប្រទេសតិចតួចណាស់ដែលអាចផលិតពិសពស់ និងថ្នាំប្រឆាំងពិសវាបានតែក៏ មិនមែនបានគ្រប់ប្រភេទទាំងអស់ដែរ។

 

ប្រភពរូបពី៖ Reptile World Serpenta

វាត្រូវការធាតុផ្សំមិនតិចទេពិសេសការយកពិសពស់មកផ្សាំផលិតនេះតែម្តង សម្រាប់ការចំនាយក៏ត្រូវការច្រើនដូចគ្នា។ កត្តាមួយដាច់ដោយឡែកទៀតគឺ កង្វះខាតទិន្នន័យនៃប្រភេទសត្វពស់ ការដែលមិនដឹងច្បាស់ថាសត្វពស់នីមួយៗមានកម្រិតពិសខ្លាំង ឬខ្សោយប៉ុនណាក៏ជាផលរំខានមួយសម្រាប់ការផលិតនេះដូចគ្នា។

ទោះបីជាយ៉ាងណា ចំណេះដឹង និងជំនឿរបស់ប្រជាជននៅតែជាបញ្ហាសំខាន់ដើម្បីដោះស្រាយ។ របាយការណ៍មួយចេញដោយក្រសួងសុខាភិបាលរបស់ប្រទេសនេប៉ាល់បង្ហាញថា ៩០% នៃប្រជាជនរស់នៅជនបទនៃប្រទេសនេះបានកើតមានករណីពស់ចឹក ៤៨០ លើកក្នុងនោះមាន ២២ នាក់ហើយដែលបានស្លាប់ (ឆ្នាំ ២០០០) ចំណែកប្រទេសឥណ្ឌាដែលគេទទួលស្គាល់ថាជាប្រទេសដែលសំបូរទៅដោយពពួកវែក King Cobra ដោយមានអ្នកស្លាប់ដោយសារពស់ចឹកចន្លោះពី ៤០,៩០០នាក់ ទៅ ៥០,៩០០នាក់ កាលពីឆ្នាំ ២០០៥ ច្រើនជាងតួលេខដែលរពឹងទុកដោយរដ្ឋាភិបាលទៅទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s