តើត្រូវមានលុយប៉ុន្មានទើបអាចវិនិយោគលើមុខជំនួញណាមួយដែលអ្នកស្រលាញ់?
មហាសេដ្ឋីអាមេរិកលោក Tony Robbins ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកជំនួញ និងអ្នកជំនាញប្រឹក្សាហិរញ្ញវត្ថុបានលើកឡើងថា ការវិនិយោគមិនមែនជារឿងមួយស្មុគស្មាញនោះទេ។ អ្នកជំនួញ និងជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុត (Money: Master the Game) រូបនេះបានលើកឡើងពីយុទ្ធសាស្ត្រវិនិយោគលុយដែលអ្នកអាចអនុវត្តបាន។
ផ្អែកលើយុទ្ធសាស្ត្ររបស់លោក Tony Robbins អ្នកអាចដាក់ទុនវិនិយោគទៅលើជំនួញដែលបង្កើនប្រាក់ចំណូលជាប្រចាំដោយស្វ័យប្រវត្តិ និងត្រូវបែងចែកទុនវិនិយោគនោះទៅលើមុខជំនួញផ្សេងៗគ្នា ( Diversify your investments)។ សេដ្ឋីទឹកប្រាក់រយលានដុល្លាររូបនេះបានលើកឡើងដូច្នេះថា៖« មនុស្សភាគច្រើនយល់ថា បើចង់វិនិយោគរកស៊ីអ្វីមួយត្រូវមានដើមទុនច្រើន។ ប៉ុន្តែអ្នកត្រូវចាំទុកថា អ្វីដែលសំខាន់គឺត្រូវចាប់ផ្តើមពីអ្វីដែលអ្នកមានសិន»។ លោកបន្ថែមទៀតថា ការចាប់ផ្តើមវិនិយោគមិនគួររង់ចាំទាល់តែមានលុយច្រើននោះឡើយ ពោលគឺចាប់ផ្តើមកាន់តែឆាប់កាន់តែល្អ។
សម្រាប់លោក Robbins លោកបានចាប់ផ្តើមវិនិយោគតាំងពីអាយុ ១៨ មកម្ល៉េះ ពោលគឺកាលនោះលោកបានទិញផ្ទះមួយល្វែង។ ក្រោយមកវាបានឡើងថ្លៃ ១៨%។ លោកបញ្ជាក់ថា បើលោកមិនចាប់ផ្តើមវិនិយោគពីក្មេងទេ លោកច្បាស់ជាបរាជ័យជាមិនខាន ហើយពេលវេលាពិតជាសំខាន់ណាស់ ព្រោះថា អ្នកមិនអាចយកវាត្រឡប់មកវិញបានទេ។ មកដល់ត្រង់ចំណុចនេះ សេដ្ឋីរូបនេះបានលើកឧទាហរណ៍មួយពីបុរសម្នាក់ដែលបានចាប់ផ្តើមវិនិយោគនៅអាយុ ២៧ ឆ្នាំលើដីមួយកន្លែងដែលមានតម្លៃសរុប ២៨ ៨០០ ដុល្លារ។ ត្រូវវិនិយោគ ៣០០ ដុល្លារក្នុងមួយខែ។
ម្នាក់នេះមិនធ្វើអ្វីឡើយដោយទុកដីនេះនៅចោល តែនៅពេលអាយុ ៦៥ ឆ្នាំតម្លៃឡើងថ្លៃដល់ ២ លានដុល្លារ។ ដូចនេះបើបុរសម្នាក់នេះមិនវិនិយោគនៅវ័យ ២៧ ឆ្នាំទេ ឬចាំដល់អាយុ ៦៥ ឆ្នាំទើបវិនិយោគ បុរសម្នាក់នេះនឹងត្រូវបាត់បង់ប្រាក់ចំណេញពីទីផ្សារតម្លៃដីដែលបានឡើងថ្លៃជាប្រចាំ។ យ៉ាងណាមិញអ្វីដែលលោក Robbins ចង់ផ្តល់ដំបូន្មាននោះគឺថា ការវិនិយោគមិនចាំបាច់មានលុយច្រើននោះទេ។ អ្នកអាចចាប់ផ្តើមវិនិយោគពីប្រាក់បន្តិចបន្តួចទៅ ហើយអ្វីដែលសំខាន់អ្នកត្រូវវិនិយោគតាំងពីក្មេងទៅ កុំបង្អែបង្អង់យូរពេក ព្រោះវាខាតទាំងពេល និងបាត់បង់ឱកាសឥតប្រយោជន៍៕
ប្រភព៖ cnbc