សុភាសិត ៥ឃ្លា ផ្ទុកដោយគំនិតអប់រំសម្រាប់អ្នក
ថ្ងៃនេះយើងនាំគ្នាមកក្រេបជញ្ជក់យកគំនិតអប់រំល្អៗពីសុភាសិតចំនួន៥នៅខាងក្រោមនេះ:
១) Hope for the best, but prepare for the worst. = សង្ឃឹមនូវអ្វីដែលល្អបំផុត តែក៏ត្រូវរៀបចំខ្លួនសម្រាប់អ្វីដែលអាក្រក់បំផុតដែរ។
ការគិតវិជ្ជមានមិនមែនសុទ្ធតែជារឿងល្អ ឯការគិតអវិជ្ជមានក៏មិនមែនសុទ្ធតែជារឿងមិនល្អនោះដែរ។ ការគិតអវិជ្ជមាននឹងប្រែជារឿងល្អនៅពេលប្រើប្រាស់ក្នុងស្ថានការណ៍ត្រូវ ឯការគិតវិជ្ជមាននឹងប្រែជារឿងមិនល្អនៅពេលប្រើប្រាស់ក្នុងស្ថានការណ៍មិនត្រូវ។ ធ្វើរឿងអ្វីក៏ដោយ យើងត្រូវចេះធ្វើយ៉ាងណាដើម្បីឲ្យទស្សនវិជ្ជមាននិងទស្សនអវិជ្ជមានមានតុល្យភាពនឹងគ្នា។ ប្រាកដណាស់ថាដើម្បីសម្រេចកិច្ចការអ្វីមួយឲ្យបានល្អ អ្នកត្រូវសង្ឃឹមខ្ពស់ទៅលើវា សង្ឃឹមល្អបំផុតទៅលើវា តែក្នុងពេលជាមួយគ្នានេះ អ្នកក៏ត្រូវរៀបចំខ្លួនឲ្យរួចរាល់សម្រាប់ប្រឈមមុខនឹងហេតុការណ៍មិនសមតាមបំណងផ្សេងៗដែលអាចកើតឡើងដែរ។
២) God helps those who help themselves. = ព្រះជួយតែអ្នកណាដែលជួយខ្លួនឯងប៉ុណ្ណោះ។
សំណាងពិតជាមាន តែសំណាងកើតឡើងទៅលើអ្នកណាដែរគេខិតខំខ្លួនឯងដែរប៉ុណ្ណោះ។ បើវាសនារបស់អ្នកកើតមកចាំតែស្នងមរតកពីគ្រួសាររបស់អ្នក នោះជាសំណាងរបស់អ្នកហើយ តែបើសិនជាអ្នកមិនខិតខំប្រឹងប្រែងខ្លួនឯងតទៅទៀតទេ ផ្ទុយទៅវិញគិតតែចាយវាយក្នុងផ្លូវមិនត្រឹមត្រូវ នោះប្រាកដណាស់ថាថ្ងៃណាមួយ ទ្រព្យសម្បត្តិដែលអ្នកមានប៉ុន្មាននឹងហិនហោចអស់មិនខាន។ ហេតុនេះហើយព្រះជួយតែអ្នកណាដែលជួយខ្លួនឯងដែរប៉ុណ្ណោះ។
៣) Too many cooks spoil the broth. = ចុងភៅច្រើនពេកនឹងធ្វើឲ្យខូចរសជាតិរបស់ស៊ុប។ (គ្នាច្រើនអន្សមខ្លោច)
មនុស្សម្នាក់ៗតែងតែមានការយល់ឃើញផ្សេងៗគ្នាចំពោះរឿងតែមួយ។ នៅក្នុងការត្រួសត្រាយផ្លូវជីវិតសម្រាប់ដើរខ្លួនឯង ការស្ដាប់គំនិតយោបល់ពីអ្នកដទៃគឺជារឿងល្អពិតណាស់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ អ្នកក៏ត្រូវចេះអារកាត់អ្វីៗដោយខ្លួនឯងដែរ អារកាត់ខ្លួនឯងថាតើផ្លូវណាដែលខ្លួនគួរដើរ។ ដូចគ្នាទៅនឹងក្នុងក្រុមហ៊ុនមួយដែរ វាគឺជារឿងចៀសមិនផុតនោះឡើយដែលការយល់ឃើញផ្សេងៗគ្នាតែងតែកើតមានឡើង។ ដូច្នេះហើយទើបបានជាក្នុងក្រុមហ៊ុននីមួយៗតែងតែមានអ្នកដឹកនាំណាម្នាក់ឬពីរបីនាក់ដែលទទួលខុសត្រូវអារកាត់លើការសម្រេចចិត្តចុងក្រោយ ពុំនោះទេគំនិតច្រើនអាចធ្វើឲ្យខូចការបាន។
៤) All good things must come to an end. = រឿងល្អៗទាំងអស់តែងតែមានទីបញ្ចប់របស់វា។
ជីវិតមានឡើងមានចុះ។ មួយថ្ងៃល្អ មួយថ្ងៃទៀតអាក្រក់ នេះគឺជារឿងធម្មតានៃជីវិតនោះទេ។ គ្មាននរណាម្នាក់ដែលជួបតែរឿងល្អៗសុទ្ធសាធក្នុងជីវិត ហើយក៏គ្មាននរណាម្នាក់ដែលជួបតែរឿងអាក្រក់ៗសុទ្ធសាធក្នុងជីវិតនោះដែរ។ អ្វីៗតែងតែផ្លាស់ប្ដូរជានិច្ច ឯរឿងល្អក៏វាមិនឋិតថេររហូតនោះដែរ វាក៏គង់តែមានទីបញ្ចប់របស់វាដែរ។ ហេតុនេះហើយមិនថារឿងល្អឬអាក្រក់ក៏ដោយ អ្នកមិនគួរជាប់ជំពាក់ជាមួយរឿងទាំងនោះនោះទេ។ បើរឿងល្អសប្បាយចិត្តទៅ បើរឿងមិនល្អកើតឡើងអ្នកក៏ត្រូវចាំថាអ្វីៗមិនឋិតថេរនោះទេ វានឹងបញ្ចប់ក្នុងពេលណាមួយមិនខាន។
៥) One man's trash is another man's treasure. = សំរាមរបស់មនុស្សម្នាក់គឺជារតនសម្បត្តិរបស់មនុស្សម្នាក់ទៀត។
មនុស្សយើងច្រើនតែផុងជាប់នៅក្នុងដែនកំណត់នៃការគិតរបស់ខ្លួនឯង។ អ្នកដែលធ្លាប់តែរស់នៅមានជីវិតស្រណុកស្រួល ប្រហែលជាមិនធ្លាប់គិតដល់ទេថាតើការលំបាកវេទនាដែលមនុស្សខ្លះកំពុងរស់នៅមានដល់កម្រិតណា ឬប្រហែលជាថែមទាំងគិតថាការលំបាកវេទនានៅលើលោកនេះគ្មានពិតផងក៏អាចថាបានសម្រាប់ពួកគេ។ ដូច្នេះហើយមិនថារបស់ណាមួយនោះមិនមានតម្លៃសម្រាប់អ្នកប៉ុណ្ណាក៏ដោយ អ្នកមិនគួរមើលងាយវានោះទេ ព្រោះអ្វីៗតែងតែផ្លាស់ប្ដូរជានិច្ច អ្នកមិនអាចមើលឃើញទេថាតើថ្ងៃមុខអ្នកនឹងអាចធ្លាក់ខ្លួនមករស់នៅក្នុងស្ថានភាពលំបាកឬអត់។ របស់ដែលអ្នកមើលងាយនៅថ្ងៃនេះ អាចក្លាយជារបស់ដែលអ្នកមិនអាចខ្វះបាននៅថ្ងៃណាមួយក៏ថាបានដែរ៕
ដោយ៖ ស្រីពៅ