ស្នូលជីវិតកើតចេញពីខាងក្នុងខ្លួន មិនមែនភាពឡូយឆាយហ៊ឺហានឹងរបស់ក្រៅខ្លួនឡើយ
នៅក្នុងសង្គម មនុស្សភាគច្រើនឲ្យតម្លៃទៅលើភាពជោគជ័យ ទ្រព្យសម្បត្តិ មុខមាត់ និងភាពឡូយឆាយខ្លាំងពេករហូតទាល់តែភ្លេចគិតថាគោលដៅនៃជីវិតរបស់ពួកគេម្នាក់ៗគឺជាអ្វីឲ្យពិតប្រាកដ។ នៅពេលដែលអាយុរបស់អ្នកកាន់តែចម្រើនទៅ កម្លាំងរបស់អ្នកកាន់តែខ្សោយទៅ ហើយអ្នកចាប់ផ្ដើមក្លាយជាមនុស្សម្នាក់ដែលលែងមានប្រយោជន៍អ្វីសម្រាប់មនុស្សដែលធ្លាប់តែទទួលបានប្រយោជន៍ពីអ្នក ជាពេលនោះឯងដែលអ្នកដឹងថាអ្វីទៅទើបជាស្នូលដ៏សំខាន់បំផុតនៃជីវិតរបស់មនុស្ស ។
ម្នាក់ៗសុទ្ធតែដឹងលទ្ធផលចុងក្រោយនៃជីវិតរបស់ខ្លួនថានឹងក្លាយទៅជាបែបណា ដឹងថាមនុស្សម្នាក់ៗបើទោះជាប្រឹងអោបក្រសោបអ្វីដែលធ្លាប់តែជារបស់ខ្លួនប៉ុណ្ណាក៏ពួកគេនៅតែមិនអាចយកវាទៅបាននៅពេលស្លាប់នោះដែរ ប៉ុន្តែពួកគេនៅតែធ្វើនូវសកម្មភាពទាំងឡាយដែលហាក់ដូចជាព្យាយាមបំភ័ន្តខ្លួនឯងពីការពិតនេះដូច្នោះ។ មជ្ឈដ្ឋានក្នុងសង្គមបង្រៀនអ្នកឲ្យត្រូវចេះមានមហិច្ឆតា ត្រូវមានចិត្តចង់ក្លាយជាអ្នកមាន មានសម្ភារទំនើបថ្លៃៗប្រើ និងឲ្យចេះរត់ដេញតាមរឿងជាច្រើនទៀតដែលមិនមានប្រយោជន៍អ្វីក្រៅតែពីដើម្បីបង្អួតដាក់គ្នា និងដើម្បីចូលក្នុងសង្គមអ្នកមានឲ្យចុះប៉ុណ្ណោះឯង ពោលគឺជាវិធីនៃការស្វែងរកសេចក្ដីសុខពីខាងក្រៅ។ តែពួកគេមិនបានបង្រៀនយើងឲ្យចេះស្វែងរកសេចក្ដីសុខចេញពីក្នុងចិត្តនោះទេ។
មនុស្សភាគច្រើនយល់ថាសេចក្ដីសុខត្រូវរកពីខាងក្រៅមកបំពេញខាងក្នុង តែតាមពិតទៅសេចក្ដីសុខគឺនៅខាងក្នុងខ្លួនអ្នកនេះឯង។ បើអ្នកគិតថាមានវិមានសម្រាប់នៅ នោះអ្នកប្រាកដជាមានក្ដីសុខហើយ នោះអ្នកយល់ច្រឡំហើយ។ នៅពេលអ្នករស់នៅក្នុងវិមាននោះដំបូង នោះអ្នកប្រាកដជាមានក្ដីសុខជាមួយវា តែនៅពេលរស់នៅយូរៗទៅ នោះអ្នកនឹងដឹងថារស់នៅទីណាក៏ដូចទីណាដែរ គឺវាស្ថិតនៅលើអារម្មណ៍ខាងក្នុងចិត្តរបស់អ្នកប៉ុណ្ណោះ។ ម្នាក់ៗប្រជែងគ្នាគ្មានអ្វីក្រៅតែពីដើម្បីបង្អួតគ្នានោះទេ។ ប៉ុន្តែនៅពេលមួយអ្នកនឹងដឹងថា គោលដៅដ៏សំខាន់បំផុតនៅក្នុងជីវិតអ្នកគឺជាសេចក្ដីស្ងប់សុខនៅក្នុងចិត្តរបស់ខ្លួនឯងនេះឯង។
លុយមិនមែនមិនអាចទិញសេចក្ដីសុខបាននោះទេ ព្រោះបើខ្វះលុយ នោះអ្នកក៏មិនអាចមានសេចក្ដីសុខពេញលេញនោះដែរ។ ប៉ុន្តែប្រការដែរសំខាន់គឺអ្នកដឹងថាអ្វីទៅដែរសំខាន់ និងអ្វីដែលមិនសំខាន់ ពោលគឺចេះប្រើប្រាស់លុយទៅតាមរបៀបត្រឹមត្រូវ និងមិនខំស្រវារកវាមកដើម្បីចំណាយលើរឿងឥតប្រយោជន៍។
ដរាបណាអ្នកបានដាក់គោលដៅរបស់អ្នកត្រឹមត្រូវ នោះអ្វីៗដែលមកក្រោយក៏នឹងត្រឹមត្រូវទៅតាមនោះដែរ។ អ្នកនឹងអូសទាញរឿងល្អៗចូលក្នុងជីវិតអ្នក ហើយបើទោះជាមានរឿងអកុសលប៉ុណ្ណា ក៏អ្នកអាចដោះស្រាយជាមួយវាដោយស្ងប់ចិត្តដែរ។ ប៉ុន្តែនេះមិនមែនមានន័យថាអ្នកត្រូវបោះបង់ចោលមហិច្ឆតាដែលអ្នកចង់ក្លាយជាអ្នកមាននោះទេ។ តែនៅពេលអ្នកដឹងថាសេចក្ដីសុខគឺចេញពីចិត្តខាងក្នុងមកវិញ នោះរូបភាពដែលអ្នកធ្លាប់មានចំពោះក្ដីស្រមៃរបស់អ្នកនឹងត្រូវបានផ្លាស់ប្ដូរ។
អ្នកនៅតែខំប្រឹងប្រែង អ្នកនៅតែត្រូវសម្រេចឲ្យបាននូវគោលដៅរបស់អ្នកដដែលតែទៅតាមផ្លូវសុចរិត មិនលោភលន់គិតតែប្រយោជន៍ខ្លួនឯង មិនរំលោភបំពានអ្នកដទៃដើម្បីតែប្រយោជន៍ខ្លួនឯង អ្វីដែលសំខាន់គឺអ្នកមិនជាប់ជំពាក់ជាមួយនឹងទ្រព្យរបស់ខ្លួននោះឡើយ ចេះចែករំលែកដល់អ្នកដទៃ ហើយមិនភ្លេចខ្លួនពីលទ្ធផលចុងក្រោយនៃជីវិត មានសតិចាំជានិច្ចថាអ្នកកើតមកមិនបានយកអ្វីមក ដូច្នេះត្រឡប់ទៅវិញក៏មិនអាចយកអ្វីទៅវិញដែរ៕