នាយិកានំស្រួយលីលី៖ បើធ្វើអាជីវកម្មក្នុងទម្លាប់ដដែលៗ នោះអាជីវកម្មនឹងប្រឈមមុខការដួលរលំ
ជាមួយនឹងបទពិសោធន៍ក្នុងការគ្រប់គ្រងក្រុមហ៊ុនប្រមាណជិត១០ឆ្នាំ លោកជំទាវ ឧកញ្ញា កែវ មុំ នាយិកានិងជាស្ថាបនិកនៃក្រុមហ៊ុននំស្រួយលីលីដែលជាក្រុមហ៊ុនឈានមុខមួយនឹងកំពុងទទួលភាពល្បីល្បាញនាពេលបច្ចុប្បន្ននេះបានលើកឡើងថា ការធ្វើអាជីវកម្មគឺយើងមិនអាចធ្វើវាជាទម្លាប់ដដែលៗរហូតបានទេ គឺយើងត្រូវតែមានការវិត្តទៅតាមបច្ចេកវិទ្យានិងសម័យកាលបច្ចុប្បន្ន ពុំនោះទេអាជីវកម្មរបស់យើងនឹងប្រឈមនឹងការជួបហានិភ័យនាពេលអនាគត។
ក្នុងកិច្ចសម្ភាសន៍ចែករំលែកបទពិសោធន៍អាជីវកម្ម ហគ្រឹនស្រ្តីឆ្នើមរូបនេះបានចែករម្លែកថា «ការធ្វើអាជីវកម្មបើយើងមិនធ្វើការវិវឌ្ឍទៅតាមសម័យកាលទេ នោះអាជីវកម្មរបស់យើងនឹងរួមតូចទៅៗរហូតអាចជួបហានិភ័យក្នុងការដួលរលំទៀតផង ដូច្នេះដើម្បីឲ្យអាជីវកម្មអាចដើរទាន់សម័យកាលយើងត្រូវតែដាក់ទុនបន្ថែមជារៀងរាល់៣ឆ្នាំឬ៥ឆ្នាំ គឺចាំបាច់ដាច់ខាតត្រូវតែដាក់ទុនបន្ថែមនឹងពង្រីកបន្ថែម»។
លោកជំទាវបន្តថា ក្រៅអំពីនោះយើងដែលជាម្ចាស់អាជីវកម្មក៏ត្រូវពង្រឹងសមត្ថភាពខ្លួនឯងផងដែរ ដូចជាការចូលរួមសិក្ខាសាលាបង្កើននូវចំណេះដឹងខ្លួនឯង ពង្រីកនូវសក្ដានុពលខ្លួនឯង ពង្រីនូវទីផ្សាររបស់ខ្លួនឲ្យកាន់តែធំទូលាយ ដោយយើងមិនត្រូវផ្ដោតតែទៅលើទីផ្សារក្នុងស្រុកទេប៉ុន្តែគួផ្ដោតទៅលើទីផ្សារអន្តរជាតិដែលជាទីផ្សារធំផងដែរ។
ដូច្នេះការរៀនបន្ថែមគឺដាច់ត្រូវតែរៀននូវចំណេះជំនាញក្នុងការគ្រប់គ្រងក្រុមហ៊ុនរបស់យើង ហើយការដាក់ទុនបន្ថែមក៏ចាំបាច់ត្រូវតែមាន ដូចជានៅប្រទេសជប៉ុនក្រុមហ៊ុនរបស់គេសុទ្ធតែមានរយៈពេលរាបរយឆ្នាំហើយគេនៅតែមាននិរន្តភាព និងដំណើរការទៅមុខ។ ប៉ុន្តែសម្រាប់ប្រទេសខ្មែរយើងក្រុមហ៊ុននៅមានអាយុកាលខ្លីនៅឡើយ ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មដែលមានគំនិតថាអាជីវកម្មរបស់ខ្លួនគ្រប់គ្រាន់ហើយមិនចាំបាច់ពង្រីកបន្ថែមទេ សូមគិតថាវាអាចគ្រប់គ្រាន់នៅពេលនេះប៉ុន្តែសម្រាប់ពេលអនាគតគាត់ វានឹងប្រឈមហានិភ័យនៅក្នុងថ្ងៃណាមួយ។ នេះជាការចែករំលែករបស់នាយិកាឆ្នើមរូបនេះ។
លោកជំទាវ កែវ មុំ៖ «បើគេរៀនដើរ យើងត្រូវរៀនដើរ បើគេរត់យើងត្រូវរត់ ទើបយើងអាចទទួលភាពជោគជ័យទន្ទឹមគេបាន»៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន