ព្រះពុទ្ធ៖ «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»​



អតីកាលជាអតីតកាល គ្មាននរណាម្នាក់អាចបង្វិលពេលវេលាត្រលប់ទៅកាន់អតីតកាលបានឡើយ។ អនាគតកាលជាអនាគតកាល ជារឿងមិនទាន់កើតឡើង។ រឿងអតីកាលមិនអាចលូកឡំជាមួយនឹងរឿងបច្ចុប្បន្នបានឡើយ ដូចគ្នានេះដែរ រឿងអនាគតកាលក៏មិនអាចបញ្ចូលជាមួយរឿងបច្ចុប្បន្នបាននោះដែរ។

លើលោកនេះនរណាមិនចេះខុស នរណាមុនចេះមានកំហុស នរណាមិនចេះមានភាពសោកស្ដាយ? មានរឿងវ៉ាវជាច្រើនណាស់ដែលកើតឡើងក្នុងអតីតកាល របស់មនុស្សម្នាក់ៗ។ ប៉ុន្តែតើមនុស្សទាំងនោះត្រូវគិតពីវាតទៅទៀតទេ? តើគួរទុក្ខសោកពីរឿងកន្លងហួសទេ? ឬក៏ត្រូវផ្លាស់ប្ដូរខ្លួនឯងតាមរយៈការរៀនសូត្រពីកំហុសទាំងនោះ?

តើអ្នកត្រូវអង្គុយគិតតែពីអនាគតកាលឬយ៉ាងណា? តើអ្នកត្រូវដេកគិតវិលវល់នឹងអនាគតកាល ដែលមិនទាន់ដល់ឬយ៉ាងណា?

ព្រះសម្មាសម្ពុទ្ធ បានសម្ដែងថា៖ «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»

ក្នុងន័យនេះ បើអ្នកចង់រស់សុខស្រួល បាត់ក្ដីកង្វល់ អ្នកកុំគិតច្រើនពីអតីតកាលច្រើនពេក វាគ្មានប្រយោជន៍អ្វីនោះទេ ពីព្រោះអ្នកគ្មានផ្លូវអូសទាញពេលវេលាកន្លងហួសមកវិញនោះឡើយ។ អ្វីដែលអ្នកត្រូវខំប្រឹងធ្វើនោះគឺខិតខំរៀនសូត្រអំពីកំហុសរបស់ខ្លួន និងរស់នៅក្នុងបច្ចុប្បន្នកាល តាមរយៈការអភិវឌ្ឍខ្លួន ការអានសៀវភៅ ចូលរួមកម្មវិធីបណ្ដុះបណ្ដាល បង្កើតទំនាក់ទំនងស្គាល់គេស្គាល់ឯង រៀនសូត្របន្ថែម និងចញ្ចឹមចិត្តលូតលាស់ជានិច្ចដើម្បីត្រៀមខ្លួនសម្រាប់អនាគតកាលខាងមុខ។

រឿងនេះមិនមែនមិនឲ្យគិតអំពីអនាគតនោះទេ តែអ្នកត្រូវចេះគូសវាសផ្លូវទុក ដោយមិនចាំបាច់ព្រួយ ខ្វាយខ្វល់ដេកមិនលក់បក់មិនល្ហើយនោះឡើយ។

បើអ្នករវល់តែគិតខ្វាយខ្វល់ច្រើនអំពីអតីតកាលនិងអនាគតកាល នោះអ្នកគ្មានពេលគិតអភិវឌ្ឍខ្លួន និងរស់នៅជាមួយជីវិតរីករាយក្នុងពេលបច្ចុប្បន្ននោះឡើយ៕

អត្ថបទដោយ៖ លង់ វណ្ណៈ

 

X
5s