សញ្ញាណ ៦ នេះបញ្ជាក់ថាអ្នកឲ្យតម្លៃលើការងារច្រើនជ្រុលជាងដៃគូរបស់អ្នក
តើអ្នកណាខ្លះយល់ថា ការងារមិនសំខាន់? ការងាររកលុយគឺជារឿងចាំបាច់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការលះបង់គ្រប់បែបយ៉ាងដើម្បីតែការងារមួយមុខដោយមិនខ្វាយខ្វល់មនុស្សជាទីស្រលាញ់របស់អ្នក គឺអ្នកត្រូវទទួលស្គាល់ថា អ្នកនឹងបាត់បង់ពួកគេ។ នេះជាអ្វីដែលអ្នកមិនចង់ជួប។ អ្វីដែលអ្នកចង់បានគឺជោគជ័យទាំងការងារ និងជីវិតគូ មែនទេ?
យ៉ាងណាក៏ដោយ ដើម្បីឲ្យជីវិតអ្នកជោគជ័យទាំងការងារ ទាំងគ្រួសារ អ្នកអាចមានវិធីសាស្ត្រច្រើនយ៉ាងហើយប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពដូចខាងក្រោមនេះ វាជាសញ្ញាដាស់តឿនមួយប្រាប់ឲ្យអ្នកគួរកែប្រែវាឲ្យបានឆាប់បំផុត។
១. ចូលចិត្តនិយាយរឿងក្រុមហ៊ុននៅចំពោះមុខដៃគូរបស់អ្នក
នៅពេលអ្នកងប់ងុលនឹងការងារខ្លាំង អ្នកអាចចូលចិត្តលើកយករឿងក្រុមហ៊ុនមកធ្វើជាប្រធានបទពិភាក្សាមុខដៃគូរបស់អ្នកសឹងតែគ្រប់ពេលទៅហើយ។ ឧទាហរណ៍ថា អ្នករៀបចំ ដំណើរកម្សាន្តមួយជាមួយដៃគូរបស់អ្នក បន្ទាប់មកអ្នកនិយាយពីនេះពីនោះដែលទាក់ទងតែរឿងក្រុមហ៊ុនទាំងពេលខ្លះអ្នកមិនបានយល់អារម្មណ៍ដៃគូរបស់អ្នកថា គាត់ ឬនាងកំពុងត្រូវការពេលវេលាយកចិត្តទុកដាក់ពីអ្នក។ នេះជាសកម្មភាពដ៏ គួរឲ្យធុញទ្រាន់មួយដែលមិនយូរមិនឆាប់អាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកប្រេះឆាក៏ថាបាន។
២. ចាប់ផ្តើមមានអារម្មណ៍ថា មានសម្ពាធពេលទទួលសារពីដៃគូរបស់អ្នក
តាមពិតទៅនៅពេលទំនាក់ទំនងដៃគូរបស់អ្នកកាន់តែយូរ សារផ្អែមល្ហែមអាចនឹងលែងមានដូចមុនទៀតហើយ។ ដៃគូរបស់អ្នកអាចផ្ញើរសារខ្លីៗ កម្បុតៗដូចជាសួរថា មកផ្ទះវិញពេលណា? ចេញពីធ្វើការ ត្រូវមកផ្ទះវិញនៅម៉ោង ៥:៣០ នាទី ដែលសារទាំងនេះធ្វើឲ្យ អ្នកមានអារម្មណ៍ថា ដូចជាមានសម្ពាធខ្លាំង រហូតដល់អ្នកធុញទ្រាន់ ហើយអូសរំលងតែម្តង។ អ្នកមិនបានផ្តល់ភាពសំខាន់ដល់សារទាំងនេះរបស់ដៃគូរបស់អ្នកឡើយដោយសារតែអ្នកបានឲ្យតម្លៃលើការងារដែលអ្នកកំពុងមមាញឹក។ យ៉ាងណាមិញ ជាយោបល់ល្អ បើអ្នករវល់ខ្លាំងអ្នកគួរផ្ញើជាសាររូបភាពដែលបង្ហាញថា អ្នកបានទទួល ឬដឹងហើយដើម្បីកុំឲ្យដៃគូរបស់អ្នកអាក់អន់ចិត្ត។
៣. គ្មានគម្រោងណាត់ជួប ឬបង្កើតពេលវេលាផ្អែមល្ហែមជាមួយដៃគូរបស់អ្នកនៅពេលចុងសប្តាហ៍
ឧទាហរណ៍ថា ក្រុមការងាររបស់អ្នកសួរថា អ្នកមានគម្រោងទៅណាជាមួយដៃគូរបស់អ្នកនៅចុងសប្តាហ៍នេះ ហើយអ្នកនៅទ្រឹងដោយមិនដឹងថា ត្រូវឆ្លើយយ៉ាងដូចម្តេច។ នេះក៏បញ្ជាក់ផងដែរថា ការងារគឺសំខាន់សម្រាប់អ្នកចាប់តាំងពីថ្ងៃច័ន្ទដល់សុក្រ ប៉ុន្តែអ្នកបែរជាមើលរំលងភាពសំខាន់ដល់ដៃគូរបស់អ្នកសម្រាប់ពេលវេលាដែលសេសសល់នៅថ្ងៃចុងសប្តាហ៍ទៅវិញ។ វាជារូបភាពមិនល្អមួយនៅក្នុងទំនាក់ទំនងជាមួយដៃគូជីវិតរបស់អ្នក។ អ្នកគួរតែលៃលកពេលវេលាដូចជាបង្កើតគម្រោងដើរកម្សាន្ត ញាំអីជុំគ្នា ឬធ្វើអ្វីៗផ្សេងទៀតដែលនាំ មកនូវភាពសប្បាយរីករាយជាមួយគ្នា។
៤. មានវត្តមានលើដំណើរទស្សនកិច្ចការងារគ្រប់ពេល តែមិនឲ្យតម្លៃលើដំណើរកម្សាន្តជាមួយដៃគូរបស់អ្នក
ការស្រាវជ្រាវបានរកឃើញថា គូស្នេហ៍ដែលបានបង្កើតសកម្មភាពថ្មីៗជាមួយគ្នាកាន់តែច្រើន នឹងមានទំនាក់ទំនងកាន់តែស្អិតល្មួត និងកាន់តែមានសុភមង្គល។ ប៉ុន្តែនៅពេលអ្នកយល់ថា អ្នកចូលរួមកាន់តែសកម្មលើដំណើរទស្សនកិច្ចការងារជាជាងលៃលកពេលវេលាដើម្បីធ្វើដំណើរកម្សាន្តជាមួយដៃគូរបស់អ្នកហើយនោះ អ្នកនឹងមានអារម្មណ៍ធុញថប់ជាមួយដៃគូរបស់អ្នក។ ទោះបីជាបែបនេះក្តី សូមចាំថា ការបង្កើតដំណើរកម្សាន្តដ៏ល្អមួយជាមួយដៃគូរបស់អ្នកមិនចាំបាច់ទាល់តែទៅលេង អាមេរិក បារាំង ឬអារ៉ាប់រួមនោះទេ។ ការធ្វើដំណើរទៅរមណីយដ្ឋានផ្សេងៗនៅក្នុងប្រទេស ឬញាំអីជិតៗផ្ទះពេលថ្ងៃឈប់សម្រាក ក៏វាអាចបង្កើតអនុស្សាវរីយដ៏ល្អមួយជាមួយគ្នាបានដែរ។
៥. អ្នកមានអារម្មណ៍រំភើបពីក្រុមការងារពេលអ្នកជោគជ័យ ខុសពីដៃគូរបស់អ្នក
អារម្មណ៍រីករាយ សប្បាយ ភ័យផងអរផង មានកម្លាំងចិត្ត និងមានការប្ដេជ្ញាចិត្តនៅពេលអ្នកជោគជ័យនៅកន្លែងការងារ ហើយត្រូវបានក្រុមការងារកោតសរសើរ។ ងាកមកមើលដៃគូរបស់អ្នកវិញ ហាក់មិនមានអារម្មណ៍អ្វីប្លែកគួរឲ្យកត់សម្គាល់ទៅនឹងសមិទ្ធផលរបស់អ្នកឡើយ ឬមួយក៏ថា អ្នកហាក់មិនត្រូវការការកើតសរសើរអ្វីពីដៃគូរបស់អ្នកនោះឡើយពេលអ្នកជោគជ័យ។ សកម្មភាពបែបនេះ អ្នកគួរតែឆាប់ផ្សះផ្សាវាឡើងវិញ។ ភាពជាដៃគូជីវិតមួយដែលល្អយូរអង្វែង អ្នកគួរតែពិភាក្សាគ្នាត្រង់ចំណុចនេះត្រង់ទៅត្រង់មកថា តើអ្នកចង់បានអ្វីពីដៃគូរបស់អ្នកពេលអ្នកជោគជ័យ? តើអ្នករីករាយនឹងពាក្យកោតសរសើររបស់គាត់ ឬនាងដែរឬទេ? សូមចាំថា អ្វីដែលក្រុមការងារធ្វើមកលើអ្នក គឺវាមិនដូចទាំងស្រុងទៅនឹងអ្វីដែលអ្នកចង់ឲ្យដៃគូរបស់អ្នកធ្វើមកលើអ្នកដូចក្រុមការងាររបស់អ្នកនោះឡើយ។
៦. ចូលគេងយប់ជ្រៅព្រោះរវល់ងប់ងុលនឹងការងារ
វាជារឿងធម្មតាទៅហើយ ស្រាប់មនុស្សដែលងប់ងុលនឹងការងារដែលតែងតែឆ្លៀតធ្វើការងារបន្ថែមទៀតនៅផ្ទះរហូតដល់យប់ជ្រៅបានជួលគេង។ យ៉ាងណាមិញ នៅពេលអ្នកមានគ្រួសារ ឬដៃគូជីវិត អ្នកត្រូវចាំថា អ្នកក៏ត្រូវចំណាយពេលជាមួយមនុស្សដែលស្រលាញ់អ្នកផងដែរ។ បើអ្នកមិនអាចបែងចែកពេលវេលារវាងការងារ និងគ្រួសារទេនោះ អ្នកអាចមានរបស់ម្យ៉ាង តែក៏ត្រូវបាត់បង់របស់ម្យ៉ាងដែរ។ អ្នកទាំងពីរអាចសាកល្បងបង្កើតគោលដៅរួមគ្នាមួយដូចជា អានសៀវភៅរួមគ្នា ឬធ្វើការងារមួយរួមគ្នាដែលនាំមកនូវផលប្រយោជន៍អ្នកទាំងពីរ គឺជារឿងល្អបំផុត។ អ្នកត្រូវឲ្យតម្លៃលើដៃគូ និងការងារក្នុងកម្រិតមួយដែលអ្នកទាំងពីរអាចយោគយល់គ្នាទៅវិញទៅមក៕
ប្រភព៖ Businessinsider