ខេត្តកំពង់ធំនឹងទទួលគម្រោងវិនិយោគវិស័យកសិកម្មលើទំហំផ្ទៃដី២០០០ហិកតា
នៅក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយនឹងលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងកសិកម្ម បានលើកឡើងពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនលើផ្ទៃដី២០០០ហិកតានៅលើទឹកដីខេត្តកំពង់ធំ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។
គម្រោងវិនិយោគនៅទឹកដីខេត្តកំពង់ធំនេះ បង្កើតឡើងសម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មដូចជា អង្ករ ស្វាយ និងស្វាយចន្ទីជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ លោក He Jianping បញ្ជាក់ថាគម្រោងវិនិយោគនេះគឺផ្ដោតលើខ្សែសង្វាក់ផលិតកម្មកសិកម្ម ពីចំណុចផ្ដើមរហូតដល់ការនាំចេញតែម្ដង។ លោកបន្តថាការធ្វើពាណិជ្ជកម្មនិងទីផ្សារកសិផលគឺតាមរយៈប្រព័ន្ធអ៊ីនធឺណេតដែលអាចកាត់បន្ថយការចំណាយ ពេលវេលា និងបង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម វេង សាខុន សង្ឃឹមថាផលិតផលកសិកម្មមួយចំនួនទៀតដូចជា ផ្លែស្វាយ មៀន ម្រេច ស្រកានាគ ដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្ដីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ ជួប ស្រីរ័ត្ន