មួយ​ថ្ងៃ​ទទួលទាន​កាហ្វេ​ប៉ុន្មាន​កែវ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព?​



សាកលវិទ្យាល័យ South Australia (University of South Australia) ទើប​​នឹង​រក​ឃើញ​ពី​​​​ចំនួន​ពិតប្រាកដ​​មួយ​ដែល​អ្នក​​គួរ​ទទួលទាន​កាហ្វេ​ប៉ុន្មាន​កែវ​ក្នុង​មួយ​ថ្ងៃ​ទើប​វា​​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ ការ​រក​ឃើញ​នេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ស្រាវជ្រាវ​មុនៗ​ដែល​បាន​អះអាង​ថា ទទួលទាន​កាហ្វេ​​ឲ្យ​បាន ៤ កែវ ឬ​ច្រើន​ជាង​នេះ​​អាច​ជួយ​កាត់​បន្ថយ​អត្រា​មរណភាព​ជាដើម។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​កាហ្វេ​ចំនួន ៦ កែវ ឬ​លើស​ពី​នេះ​ក្នុង​មួយ​ថ្ងៃ​នឹង​បង្កើន​ហានិភ័យ​ដល់​ជម្ងឺ​បេះដូង​ដល់​ទៅ ២២%។ របាយការណ៍​នេះ​បន្ត​ទៀត​ថា ​នៅ​ពេល​ដែល​ទទួល​ទាន​កាហ្វេ​ច្រើន​ពេក ជាតិ​កាហ្វេ​​អ៊ីន​​នៅ​ក្នុង​កាហ្វេ​​អាច​​ធ្វើ​ឲ្យ​អ្នក​ញ័រ​​ និង​បណ្តាល​​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​ហើយ​​ជា​លទ្ធផល​វា​អាច​នាំ​​ឲ្យ​កើត​​ជំងឺ​បេះដូង។

«មនុស្ស​ភាគច្រើន​យល់​ស្រប​ថា ប្រសិន​បើ​ទទួលទាន​កាហ្វេ​​ច្រើន​ពេក​ ពួកគេ​មាន​អារម្មណ៍​ចង់​ក្អួតចង្អោរ តក់ក្រហល់​ ឆាប់​ខឹង ពីព្រោះ​ដោយសារតែ​ជាតិ​កាហ្វេ​អ៊ីន​​ជំរុញ​​ឲ្យ​​រាងកាយ​របស់​អ្នក​ធ្វើ​ចលនា​សកម្មភាព​ជាង​មុន»។ នេះ​ជា​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​លោក​សាស្ត្រាចារ្យ​ Elina Hyppönen ប្រធាន​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខភាព​របស់​សាកលវិទ្យាល័យ South Australia។

ក្នុង​របាយការណ៍​នេះ​លោក  សាស្ត្រាចារ្យ​  Elina Hyppönen​ បាន​បញ្ជាក់​ដូច្នេះ​ថា៖«​យើង​ក៏​ដឹង​ផង​ដែរ​ថា​  ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​កើន​ឡើង​ជាមួយ​នឹង​សម្ពាធ​ឈាម​ខ្ពស់​ដែល​ជា​ផលវិបាក​​បណ្តាល​មក​ពី​ការ​​ទទួលទាន​ជាតិ​កាហ្វេ​អ៊ីន​លើស​កំណត់។ ដូចនេះ​ដើម្បី​ថែរក្សា​សុខភាព​បេះដូង   និង​សម្ពាធ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ ​អ្នក​ត្រូវ​កំណត់​ការ​ទទួលទាន​កាហ្វេ​របស់​អ្នក​​តិច​ជាង ឬ​ត្រឹម ៦ កែវ​បាន​ហើយ​»។ 

​​​លោក​សាស្ត្រាចារ្យ​ Elina Hyppönen​​ ​បាន​អះអាង​បន្ត​ទៀត​ថា ការ​ទទួលទាន​កាហ្វេ​ចំនួន​៦ កែវ​ គឺ​ជា​ចំណុច​មួយ​ដែល​អត្រា​សារធាតុ​កាហ្វេ​អ៊ីន​ចាប់ផ្តើម​​ប៉ះពាល់​ជា​អវិជ្ជមាន​​ដល់​ជំងឺ​សរសៃឈាម​បេះដូង​។ លទ្ធផល​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ដែល​បាន​មក​ពី​ការ​ស្រាវជ្រាវ​លើ​មនុស្ស​ពេញវ័យ  ៣៤៧ ០៧៧ នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ហើយ​មាន​អាយុ​ចន្លោះ​ពី ៣៧ ដល់​ ៧៣ ឆ្នាំ៕

ប្រភព៖ businessinsider 

 

X
5s