លោកស្រី គង់ សូរីតា បង្ហើបប្រាប់សំណួរសំខាន់ៗដែលអ្នកគួរសួរខ្លួនឯងមុនចាប់ផ្ដើមអាជីវកម្ម
ការធ្វើអាជីវកម្មហាក់ដូចជាពិបាកបន្តិចសម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងវិស័យនេះ ជាពិសេសអ្នកថ្មីថ្មោងចង់រកស៊ីតែម្ដង។ ដូច្នេះតើយើងគួរចាប់ផ្ដើមដោយរបៀបណា? ហើយតើត្រូវត្រៀមខ្លួនយ៉ាងណាខ្លះមុនពេលចាប់ផ្ដើម? ជាការឆ្លើយតបលោកស្រី គង់ សូរីតា អនុប្រធានសមាគមន៍សហគ្រិនស្រ្តីកម្ពុជា បានបង្ហើបនូវសំណួរសំខាន់ៗដែលអ្នកគួរខ្លួនឯងមុនសម្រេចចិត្តចាប់ផ្ដើមអាជីវកម្ម។
ក្នុងនាម ជាអ្នកបង្វឹកបណ្ដុះបណ្ដាលមួយរូប ស្ត្រីឆ្នើមរូបនេះប្រាប់ថា «តើអ្នកបានត្រៀមខ្លួនរួចរាល់ឬនៅក្នុងការធ្វើជាសហគ្រិន? ព្រោះអ្នកខ្លះគាត់គ្រាន់តែចង់ក្លាយជាថៅកែគេ តែគាត់មិនដែលដឹងឡើយថាធ្វើជាថៅកែគេនោះវាមានការលំបាកយ៉ាងម៉េច ជួនកាលបុគ្គលិកធ្វើការតែ៨ម៉ោងទេប៉ុន្តែយើងដែលជាម្ចាស់អាជីវកម្មអាចធ្វើលើសពួកគាត់ច្រើនដងណាស់ ពេលខ្លះសូម្បីតែយើងគេងក៏គេងមិនស្ងប់គិតអំពីរឿងអាជីវកម្មដែរ ដូច្នេះយើងមិនអាចមើលឃើញគេតែមួយជ្រុងនៅពេលដែលគេជោគជ័យទេ»។
នាយិកាក្រុមហ៊ុនរូបនេះបន្តថា ប្រសិនបើចង់ធ្វើជាម្ចាស់អាជីវកម្ម តើប្រភេទអាជីវកម្មអ្វីដែលអ្នកចង់ធ្វើ? ប៉ុន្តែប្រភេទអាជីវកម្មវាមានច្រើនវិស័យណាស់ ដូច្នេះយើងត្រូវសួរបន្តថាយើងជំនាញទៅលើវិស័យអ្វីជាងគេ? បន្ទាប់ពីយើងបានដឹងថាយើងចង់ធ្វើអ្វីហើយ យើងចាប់ផ្ដើមសិក្សាពីទីផ្សារ សិក្សាទៅលើអតិថិជនរបស់យើង ថាតើអតិថិជនមួយណាដែលជាអតិថិជនគោលដៅរបស់យើង? តើទីផ្សាររបស់យើងជាទីផ្សារតូចឬជាទីផ្សារធំ? តើវាអាចចូលមកក្នុងពេលបច្ចុប្បន្នហើយយើងអាចទទួលបានអត្ថប្រយោជន៍ ឬមួយត្រូវចាំ៥ឆ្នាំសិន?
ស្រ្តីឆ្នើមរូបនេះបន្ថែមថា សូមកុំគិតថាទីតាំងមិនសំខាន់ ប្រសិនបើយើងជ្រើសរើសទៅខុសអាជីវកម្មរបស់យើងក៏អាចបរាជ័យដែរ ព្រោះវាអាចពិបាកក្នុងការដែលយើងរកអតិថិជន រកទីតាំងមួយដែលអតិថិជនមិនទាន់ត្រូវការផលិតផលទាំងអស់នោះ ដូច្នេះវាទាមទារឲ្យយើងចំណាយលុយច្រើនក្នុងការធ្វើទីផ្សារ។ អ្វីដែលសំខាន់មួយទៀតនោះគឺលុយវិនិយោគដែលជាចំណុចសំខាន់ដែរដែលយើងត្រូវរៀបចំ ដូច្នេះសួរថា តើយើងបានលុយមកពីណា?
លោកស្រីសង្កត់ធ្ងន់ថា បន្ទាប់ពីយើងមានចំណុចទាំងអស់នោះហើយ យើងត្រូវចាប់ផ្ដើមបង្កើតជាក្រុមបន្ទាប់មកុបង្កើតស្លាកយីហោររបស់យើងជាផ្លូវការ ដូច្នេះប្រសិនបើយើងមានដើមទុនសមល្មម ហើយយើងចង់បានដៃគូសហការដែលទុកចិត្តមួយទៅថ្ងៃក្រោយទាល់តែយើង មានការចុះបញ្ជីឬបង្កើតអាជីវកម្មរបស់យើងដោយស្របច្បាប់៕
ដោយ៖ ជួប ស្រីរ័ត្ន