សុភាសិត​អង់គ្លេស៖ «គ្រប់​ពពក​ទាំងអស់​សុទ្ធតែ​មាន​ខ្សែ​ឆ្នូត​ពណ៌​ទឹកមាស។»​



គ្រប់​ពេល​ដែល​យើង​ជួប​នឹង​ស្ថានភាព​លំបាក​ណាមួយ ភាគច្រើន​យើង​តែងតែ​ងប់ងុល​នឹង​ភាព​ងងឹត​នៃ​ស្ថានភាព​នោះ ហើយ​មើល​មិន​ឃើញ​ពី​ពន្លឺ​នៃ​ស្ថានភាព​លំបាក​ទាំងនោះ​ឡើយ។ តាម​ពិត​ទៅ នៅ​ពេល​អ្នក​សង្កេត​ឲ្យ​មែនទែន​ចូល​ទៅ​ក្នុង​ជីវិត​អ្នក​និង​មនុស្ស​ដទៃ​ទៀត​នៅ​លើ​លោក​នេះ នោះ​អ្នក​នឹង​រក​ឃើញ​ការ​ពិត​មួយ​ថា គ្មាន​នរណា​ម្នាក់​ដែល​អាច​រួច​ផុត​ពី​សេចក្ដី​ទុក្ខ​បាន​នោះ​ឡើយ។ មាន​រូប​គឺ​មាន​ទុក្ខ។ ប៉ុន្តែ បញ្ហា​គឺ​ស្ថិត​នៅ​លើ​អ្នក​ប៉ុណ្ណោះ។ ស្ថិត​នៅ​លើ​អ្នក​យ៉ាង​ដូចម្ដេច ? ស្ថិត​នៅ​លើ​អ្នក​ត្រង់​ថា​តើ​អ្នក​សម្លឹង​មើល​បញ្ហា​ទាំងនោះ​នៅ​ក្នុង​ផ្លូវ​យ៉ាង​ដូចម្ដេច ? ហើយ​ចំណុច​នេះ​ឯង​ទើប​ជា​រឿង​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក។

សុភាសិត​អង់គ្លេស​មួយ​បាន​ពោល​ឡើង​ថា Every cloud has a silver lining. ដែល​ស្មើ​នឹង​អត្ថន័យ​របស់​ភាសាខ្មែរ​យើង​ថា «គ្រប់​ពពក​ទាំងអស់​សុទ្ធតែ​មាន​ខ្សែ​ឆ្នូត​ពណ៌​ទឹកមាស។» ខ្សែ​ឆ្នូត​ពណ៌​ទឹកមាស​នេះ​គឺ​សំដៅ​លើ​ព្រះអាទិត្យ​ដែល​នៅ​ពី​ក្រោយ​ពពក ហើយ​ពន្លឺ​របស់​វា​ចាំង​ផ្លាត​ត្រូវ​ជាមួយ​នឹង​ពពក ដែល​ធ្វើឲ្យ​យើង​មើល​ឃើញ​ពន្លឺ​ម្យ៉ាង​ដែល​ហាក់​ដូចជា​មាន​ខ្សែ​ឆ្នូត​ពណ៌​ទឹក​មាស​លេច​ចេញ​នៅ​ក្បែរ​ផ្ទាំង​ពពក។ ពពក​ប្រដូច​បាន​ទៅ​នឹង​ស្ថានភាព​លំបាក និង​ទុក្ខ​ក្រៀមក្រំ​ទាំងឡាយ​ដែល​អ្នក​មាន រីឯ​ខ្សែ​ឆ្នូត​ពណ៌​ទឹកមាស​នោះ​ប្រៀប​បាន​ទៅ​នឹង​ចំណុច​វិជ្ជមាន​ដែល​បាន​បង្កប់​នៅ​ក្នុង​រឿងរ៉ាវ​អកុសល​ដែល​អ្នក​បាន​ជួប​ប្រទះ​នោះ។

មនុស្ស​យើង​គឺ​តែងតែ​ងប់ងុល​នឹង​ទុក្ខ​លំបាក​របស់​ខ្លួន​រហូត​មើល​មិន​ឃើញ​ពី​ពន្លឺ ដែល​អាច​ជា​គតិ​អប់រំ​ជីវិត ឬ​ជា​ឱកាស​ល្អៗ ដែល​បាន​ជះ​មក​នៅ​ខាង​មុខ​ពួកគេ​នោះ​ឡើយ។ អ្នក​ណា​ក៏​មាន​ទុក្ខ​ដែរ ទុក្ខ​តិច ទុក្ខ​ច្រើន ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដែល​គ្មាន​ទុក្ខ​សោះ​ឡើយ​នោះ​ទេ។ ហេតុនេះ​ហើយ​ទើប​ពេល​ដែល​អ្នក​មាន​ទុក្ខ អ្នក​ត្រូវ​ចេះ​សម្លឹង​មើល​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ដែល​ពួកគេ​មាន​ទុក្ខ​ខ្លាំង​ជាង​អ្នក។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើឲ្យ​អ្នក​បើក​ចិត្ត​ទូលាយ​ជាង​មុន ហើយ​មើល​ឃើញ​ថា​បញ្ហា​អ្វីៗ​សុទ្ធតែ​ជា​រឿង​ធម្មតា ជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​របស់​មនុស្ស ហើយ​ជា​រឿង​ដែល​អាច​ដោះស្រាយ​បាន។

អ្នក​ត្រូវ​ចាំ​ថា គឺជា​ឧបសគ្គ​និង​ទុក្ខ​លំបាក​វេទនា​អស់​ទាំងនោះ​ហើយ​ដែល​ជួយ​ចាក់​ឫស​ឲ្យ​ភាព​រឹងមាំ​របស់​អ្នក ភាព​អត់ធន់​របស់​អ្នក និង​ការ​ដែល​ចេះ​មើល​ឃើញ​សេចក្ដី​សុខ​នៅ​ក្នុង​ភាព​សាមញ្ញៗ​ក្នុង​ជីវិត​នេះ ព្រោះ​កាលណា​អ្នក​ធ្លាប់​ជួប​ទុក្ខ នោះ​សូម្បីតែ​របស់​បន្តិច​បន្តួច​ក៏​អាច​ធ្វើឲ្យ​អ្នក​មាន​ក្ដី​សុខ​បាន​ដែរ។

ជីវិត​មាន​ឡើង​មាន​ចុះ គឺជា​រឿង​ធម្មជាតិ​របស់​មនុស្ស​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​នៅ​ពេល​ដែល​អ្នក​មាន​ទុក្ខ អ្នក​ត្រូវ​ចេះ​រក​មើល​ខ្សែ​ឆ្នូត​ពណ៌​មាស​ដែល​បង្កប់​នៅ​ក្នុង​ពពក​នៃ​ជីវិត​របស់​អ្នក។ នៅ​ពេល​នោះ សេចក្ដី​ទុក្ខ​កម្រិត​ណា​ក៏​មិន​អាច​យក​ឈ្នះ​អ្នក​បាន​ដែរ៕

ដោយ៖ ស្រីពៅ

X
5s