មុនសម្រេចចិត្ដវិនិយោគលើផ្សារមូលបត្ររបស់ក្រុមហ៊ុនមួយ អ្នកគួរតែគិតគូរចំនុចទាំង៥នេះជាមុនសិន​



មានការសិក្សាជាច្រើនបានបង្ហាញថាប្រទេសដែលមានការរីកចម្រើនលឿន គឺសុទ្ធមានផ្សារមូលបត្រក្នុងប្រទេសពួកគេ ក្រុមហ៊ុនដែលចូលទៅក្នុងផ្សារមូលបត្រទទួលបានដើមទុនបន្ថែមតាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសារធារណៈ។ ទន្ទឹមនឹងការរីកចម្រើនរបស់ក្រុមហ៊ុន វិនិយោគិន ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនផងក្នុងវិស័យមួយនេះ ប៉ុន្ដែវិនិយោគិនមុនសម្រេចចិត្ដក្នុងការវិនិយោគក្នុងក្រុមហ៊ុនមួយ ត្រូវវិភាគ និង សម្រេចចិត្ដឲ្យបានច្បាស់លាស់ជាមុនសិនដើម្បីបង្ការហានិភ័យបានខ្លះក្នុងវិស័យនេះ។ វិនិយោគិនគួរតែសិក្សាចំនុចខាងនេះសិនមុនធ្វើការវិនិយោគ៖

១)​ សម្លឹងមើលការគ្រប់គ្រងរបស់ក្បាលម៉ាស៊ីនក្រុមហ៊ុន

វិនិយោគិនត្រូវសម្លឹងពីការដឹកនាំរបស់ក្បាលម៉ាស៊ីននៃក្រុមហ៊ុននីមួយៗ តើម្ចាស់ក្រុមហ៊ុននោះធ្លាប់មានការគ្រប់គ្រងជោគជ័យទៅលើវិស័យអ្វីខ្លះ? តើរបៀបការគ្រប់គ្រងរបស់ពួកគេប្រើយុទ្ធសាស្រ្ដបែបណា? វិនិយោគិនគួរតែវិនិយោគទៅលើក្រុមហ៊ុនដែលមានស្ថិរភាពនៃការគ្រប់គ្រងល្អ ទាំងខាងក្នុង និងក្រៅ  មួយវិញទៀតវិនិយោគិនត្រូវសិក្សាឲ្យបានច្បាស់លាស់ពីប្រវត្តិនៃភាពជោគជ័យ ឬការគ្រប់គ្រងរបស់ម្ចាស់ក្រុមហ៊ុនក្នុងវិស័យដែលពួកគេធ្លាប់សម្រេចបានយ៉ាងល្អិតល្អន់។

២) កត្ដាហានិភ័យ

វិនិយោគិនវៃឆ្លាតមុននឹងសម្រេចក្នុងការវិនិយោគត្រូវរិះគិតឲ្យបានល្អិតល្អន់។ ទោះបីជាប្រវត្តិរបស់ក្រុមហ៊ុន ឬប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនល្អក៏ដោយ មុនវិនិយោគទៅលើក្រុមហ៊ុននោះត្រូវមើលថា វិស័យនៃក្រុមហ៊ុននោះអាចនឹងជួបហានិភ័យអ្វីខ្លះ?  អ្នកអាចសិក្សារស្វែងយល់ហានិភ័យទាំងអស់នេះបាន តាមរយៈរបាយការណ៍របស់ក្រុមហ៊ុនដែលបានចេញផ្សាយជារៀងរាល់ត្រីមាសក្នុងផ្សារមូលបត្រ។ 

ឧទាហរណ៍

·         ដៃគូរប្រកួតប្រជែងរបស់ក្រុមហ៊ុននោះ

·         ទំហំទីផ្សារ

·         បញ្ហាគ្រប់គ្រងធនធានមនុស្ស

·         បញ្ហាផ្សេងៗដូចជាគ្រោះធម្មជាតិដែលជាផ្នែកមួយនៃហានិភ័យរបស់ក្រុមហ៊ុន

៣) វិស័យរបស់ក្រុមហ៊ុន

វិស័យរបស់ក្រុមហ៊ុននីមួយៗរកស៊ី វាជាចំនុចសំខាន់សម្រាប់វិនិយោគិនទាំងអស់មុនធ្វើការវិនិយោគ អ្នកត្រូវមើលពីវិស័យក្រុមហ៊ុននោះធ្វើអ្វីជាប្រភេទក្រុមហ៊ុនលក់ផលិតផល​ ជាក្រុមហ៊ុន លក់សេវាកម្ម ឬ ជាប្រភេទ​ក្រុមហ៊ុនរកស៊ីតាមបែបធម្មតា ឬតាមពាណិជ្ជកម្មអេឡិចត្រូនិក។

ការមើលពីវិស័យដែលក្រុមហ៊ុនរកស៊ីគឺដើម្បីស្រួលដល់វិនិយោគិនក្នុងការវិភាគពីសមត្ថភាពនៃរីកចម្រើន និងភាពលូតលាស់ក្រុមហ៊ុនទៅថ្ងៃអនាគត។​ មួយវិញទៀតគឺដើម្បីចរន្ដនៃលំហូរសាច់បា្រក់របស់ក្រុមហ៊ុន តើវិស័យរកស៊ីចំនេញដែរឬទេ?

៤) ប្រព័ន្ធនៃការគ្រប់គ្រងហិរញ្ញវត្ថុ

ហេតុផលដែលវិនិយោគិនត្រូវវិភាគទៅលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗ គឺដើម្បីទទួលបាននូវព័ត៌មានចរន្ដសាច់ប្រាក់របស់ក្រុមហ៊ុន។ ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុដោយស្របតាមគោលការណ៍និង​ស្ដង់ដារវាពិតជាមានសារសំខាន់ខ្លាំងសម្រាប់ធុរកិច្ចទាំងអស់ ។ តារាងហិរញ្ញវត្ថុជួយវិនិយោគិនកំណត់តម្លៃទ្រព្យសកម្មស្វែងយល់ពីប្រភពហិរញ្ញវត្ថុនៃក្រុមហ៊ុន គណនាប្រាក់ចំណេញនិងការប៉ាន់ស្មានហានិភ័យដែលបានដាក់នៅក្នុងតារាងតុល្យភាពរបស់ក្រុមហ៊ុន។ ក្នុងតារាងហិរញ្ញវត្ថុរបស់ក្រុមហ៊ុននឹងបង្ហាញពីប្រាក់ចំណូល ប្រាក់ចំនេញ​ ការចំនាយ បំណុល និងទុនរបស់ម្ចាស់ទាំងអស់ក្នុងក្រុមហ៊ុន។ បើសិនជាវិនិយោគិនមានសមត្ថភាពក្នុងការពិនិត្យ និង​ សិក្សាបានច្បាស់លាស់ពីលំហូរនៃសាច់ប្រាក់ដែលក្រុមហ៊ុនបានធ្វើប្រតិបិត្ដការ វិនិយោគិននឹងកាន់តែមានងាយស្រួលក្នុងកំណត់ហានិភ័យរបស់ក្រុមហ៊ុននីមួយៗបានច្បាស់លាស់។

៥) វិនិយោគិនគ្រប់រូបត្រូវចេះធ្វើពិពិធកម្ម

ការធ្វើពិពិធកម្ម កឺជាបច្ចេកទេសមួយដែលអាចជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគដោយការបែងចែកទឹកប្រាក់វិនិយោគ ក្នុងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នា ដោយមិនប្រើប្រាស់ទឹកប្រាក់ទាំងអស់ វិនិយោគក្នុងឧបករណ៍ហិរញ្ញវត្ថុតែមួយនេះ គឺដើម្បីបង្កើនឱកាសទទួលបានប្រាក់ចំនេញពីការវិនិយោគក្នុងឧបករណ៍ហិរញ្ញវត្ថុច្រើនផ្សេងៗគ្នា។

ជាទូទៅ ការវិនិយោគមួយដែលអាចផ្ដល់ផលចំនេញច្រើន គឺតែងតែមានហានិភ័យខ្ពស់។ ភាគហ៊ុនអាចបង្កើតប្រាក់ច្រើនប៉ុន្ដែវាក៏មានហាភ័យច្រើនផងដែរ។​ នៅពេលរៀបចំគម្រោងវិនិយោគ វិនិយោគិនតែងជ្រើសរើស វិនិយោគទ្រព្យសកម្មផ្សេងៗគ្នាដើម្បីកាត់បន្ថយហានិភ័យ។ ការធ្វើពិពិធកម្មដោយវិនិយោគភាគហ៊ុនអាចជួយវិនិយោគិន កាត់បន្ថយការខាតបង់និង​ជៀសវាងការវិនិយោគ ដែលមានភាពអភិរក្សពេក៕

ដោយ៖ ច័ន្ទលាភ

 

X
5s