ហេតុផល ៥ យ៉ាងដែលមនុស្សខ្ជិលអាចក្លាយជាមនុស្សជោគជ័យ
សូមកុំនិយាយថា មនុស្សជោគជ័យសុទ្ធតែជាប្រភេទមនុស្សឧស្សាហ៍ទាំងអស់នោះ។ ក៏មានមួយចំនួនដែរ ដែលពីមុនជាបុគ្គលដែលខ្ជិលច្រអូសតែដើរតាមវិថីរបស់គេឆ្ពោះទៅរកភាពជោគជ័យបាន។ តើមានកត្តាខ្លះដែលធ្វើឱ្យមនុស្សខ្ជិលទាំងនោះក្លាយជាមនុស្សជោគជ័យទៅបាន?
១) ពួកគេជាមនុស្សមានគំនិតច្នៃប្រឌិត៖ ជាសណ្ដានរបស់គេ មនុស្សខ្ជិលមានគំនិតច្នៃប្រឌិតខ្លាំងនៅពេលដែលពួកគេដាក់ចិត្តធ្វើការ។ ពួកគេមិនចំណាយពេលទៅលើរឿងអត់ប្រយោជន៍ ហើយផ្ដោតទៅលើចំណុចដែលត្រូវធ្វើ។ ដោយឡែក បើបុគ្គលិកដែលខ្ជិលវិញគឺនឹងស្វែងរកវិធីដើម្បីធ្វើឱ្យដំណើរការការងារដែលពួកគេធ្វើរាល់ថ្ងៃកុំឱ្យសាំញ៉ាំ និងស្មុគស្មាញ។ មនុស្សខ្ជិលតែងតែធ្វើឱ្យជីវិតរបស់គេងាយស្រួល។ គេខ្ជិលជីកដី គេបង្កើតម៉ាស៊ីនជីកដី បើគេខ្ជីលសម្អាត បង្កើតម៉ាស៊ីនប៉ូមធូលី។
២)មនុស្សខ្ជិលគឺជាសហគ្រិនដ៏ពូកែម្នាក់៖ កុំថាមនុស្សខ្ជិលសុទ្ធតែជាមនុស្សគ្មានគំនិតរកស៊ី។ ភាគច្រើន ពួកគេមានគំនិត និងគម្រោងជាច្រើននៅក្នុងខួរក្បាលរបស់គេពាក់ព័ន្ធនឹងការរកស៊ី ព្រោះថាមនុស្សខ្ជិលមិនសូវមានទំនួលខុសត្រូវច្រើនដូចគេមិនសូវគិតពីរឿងការងារស្មុគស្មាញច្រើន។ ដូច្នេះបើមនុស្សខ្ជិលដាក់ចិត្តក្នុងការរកស៊ី ច្បាស់ណាសគេហ៊ានប្រថុយខ្លាំង ហើយនោះហើយជាគោលគំនិតមួយនៃភាពជាសហគ្រិន។
៣) ពួកគេដឹងនៅពេលដែលត្រូវសម្រាក៖ រឿងដែលសំខាន់នៅក្នុងជីវិត គឺដឹងថា នៅពេលណាដែលត្រូវសម្រាក ព្រោះថានៅពេលដែលអ្នកចំណាយថាមពលកាន់តែច្រើន នោះអ្នកនឹងកាន់តែអស់ថាមពលដើម្បីបំពេញផែនការរបស់អ្នក។ មនុស្សខ្ជិលគេមានវិធីសម្រាករបស់គេ ហើយពួកគេច្រើនគិតគូរពីសុខភាព (ដូចជាគេង ឬហូបចុក) ដូច្នេះគេរក្សាបាននូវថាមពលដើម្បីសម្រេចផែនការការងារ។ មិនតែប៉ុណ្ណោះ គេប្រហែលរកវិធីងាយស្រួលក្នុងការធ្វើកិច្ចការរបស់គេបន្ថែមទៀតផង ពោលគឺនៅពេលដែលគេមានការងារធ្វើច្រើន គេព្យាយាមស្វែងរកវិធីធ្វើការងារឱ្យបានកាន់តែស្រួលសម្រាប់ខ្លួនគេ។
៤)គេដឹងពីគោលដៅដែលត្រូវទៅ៖មនុស្សខ្ជិលគឺដឹងពីកិច្ចការអាទិភាពដែលត្រូវធ្វើហើយចេះផ្ដោតទៅលើគោលដៅដែលបានកំណត់។ពួកគេប្រហែលជាគ្មានពេលទៅគិតរឿងអាទិភាពរបស់អ្នកដទៃ ឬទៅឈឺឆ្អាលរឿងរបស់អ្នកដទៃនោះទេ។ នៅពេលដែលគេដាក់ចិត្ត គឺគេផ្ដោតទៅលើគោលដៅដែលត្រូវសម្រេចឱ្យបានសម្រាប់ផែនការរបស់គេ។
៥) គេចេះរិះរកបច្ចេកវិទ្យាដើម្បីធ្វើឱ្យខ្លួនគេខ្ជិលបាន៖ មនុស្សខ្ជិល គឺចេះរកវិធីជួយសម្រួលដល់ខ្លួនឯង។ មនុស្សខ្ជិលខ្លះទៀតចេះស្វែងរកបច្ចេកវិទ្យាជាជំនួយសម្រាប់ខ្លួនគេថែមទៀត។ បច្ចុប្បន្ននេះ មានកម្មវិធីកុំព្យូទ័រ ទូរស័ព្ទ ថេបផ្លេត និងកម្មវិធីជាច្រើនទៀតដែលជួយសម្រួលដល់ការងារប្រចាំថ្ងៃ។ មនុស្សខ្ជិលចូលចិត្តស្វែងយល់ សិក្សា និងតាមដានពីបច្ចេកវិទ្យាទាំងអស់នេះ ដូច្នេះពួកគេដើរទាន់បច្ចេកវិទ្យា និងចេះរកបច្ចេកវិទ្យាដែលថ្មីជួយសម្រួលដល់កិច្ចការរបស់គេ៕
ដោយ៖ រតនៈវិភូ