វិធីសាស្ត្រ ៤យ៉ាង កាត់បន្ថយជីវិតដ៏សែនរវល់របស់អ្នកចេញ
ជារៀងរាល់ថ្ងៃ តើជីវិតអ្នកវារវល់ដល់កម្រិតណាទៅហើយ? តើសឹងតែមានពេលខ្លះសម្រាប់ដកដង្ហើមដែរឬអត់? តើក្នុងនោះអ្នករវល់នឹងការងារ, រវល់នឹងការទៅយកកូនទៅសាលារៀន, រវល់នឹងការធ្វើម្ហូបអាហារ , រវល់នឹងការរកស៊ីច្រើនណាស់មែនទេ? បើអ្នករវល់បែបនេះ តើអារម្មណ៍អ្នកយ៉ាងណាដែរ? ច្បាស់ជាធុញថប់ហើយ ដូចនេះហើយ អ្នកគួរតែរកវិធីសាស្ត្រខ្លះដើម្បីកាត់បន្ថយភាពរវល់របស់អ្នកចេញខ្លះ ដើម្បីឲ្យចិត្តសប្បាយបានច្រើនជាងនេះ។
១) ធ្វើរឿងតែមួយក្នុងពេលតែមួយ៖ សម្រាប់អ្នកដែលធ្វើការងារច្រើនក្នុងពេលតែមួយ គឺភាគច្រើនទទួលបានលទ្ធផលមិនល្អឡើយ។ នោះដោយសារតែគាត់កំពុងផ្ដោតលើការងារមួយ តែការងារមួយទៀតក៏ចូលមកដល់។ ដូចនេះហើយ ខួរក្បាលរបស់គាត់កំពុងតែគិតរឿង២ ក្នុងពេលតែមួយ ដែលជាហេតុធ្វើឲ្យបាត់បង់ការផ្ដោតអារម្មណ៍។ មានតែការធ្វើរឿងតែមួយក្នុងពេលតែមួយទេ ទើបធ្វើឲ្យការងារទទួលបានលទ្ធផលល្អ ហើយមិនរវល់ខ្លាំងទៀត។
២) ឈប់ធ្វើអីយឺតយ៉ាវទៀត៖ កាលណាអ្នកងើបយឺតជាងគេ, មិនទាន់ងូតទឹក, មិនទាន់ស្រស់ស្រូបអាហារពេលព្រឹក, ចុះពេលណាអ្នកដល់កន្លែងធ្វើការទៅ? បើអ្នកងើបពីព្រលឹម ហើយកិច្ចការទាំងអស់គឺរួចរាល់មុនម៉ោងកំណត់? នោះអ្នកនឹងមិនបាច់ភ័យខ្លួន ខ្លាចធ្វើការមិនទាន់ ហើយមិនបាច់ធ្វើខ្លួនឲ្យរវល់ច្រើនទៀត។
៣) ធ្វើអារម្មណ៍ឲ្យស្ងប់សិន៖ កាលណាអ្នកធ្វើអ្វីមួយដោយអារម្មណ៍ប្រញាប់ៗ និងមិនស្ងប់ អ្នកនឹងពិបាកក្នុងការសម្រេចចិត្តនិងពិបាកក្នុងការដឹងថាខ្លួនចង់បានអីទៀត។ ដូចនេះដើម្បីកាត់បន្ថយភាពរវល់របស់ខ្លួនបាន អ្នកគួរណាស់តែរៀនធ្វើចិត្តឲ្យស្ងប់ៗ និងមួយៗ សិន ដើម្បីសម្រេចកិច្ចការបានជោគជ័យពីមួយទៅមួយបាន។
៤) ផ្ដល់ពេលសម្រាកសិនរួចចាំបន្តទៀត៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ៖ «កាលណាអ្នកចង់បានការងារមួយឲ្យបានល្អ អ្នកត្រូវតែបិទនិងបើកប៊ូតុងសម្រាកដល់ខួរក្បាលរបស់អ្នកសិន»។ បើអ្នកបណ្ដោយឲ្យខ្លួនឯងគិតគ្រប់ពេលនោះ គឺវាហាក់ដូចជាបង្ខំជីវិតខ្លួនឲ្យរវល់ដកឃ្លាមិនរួចដែរ៕
ប្រែសម្រួល ៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ seleni