ហេតុផល ៥ យ៉ាងដែលអ្នកគួរទិញសិទ្ធិអាជីវកម្មដែលជោគជ័យស្រាប់ ជាជាងកវែក-កឆ្នាំងដោយខ្លួនឯង
អ្នកដែលកំពុងតែអាននេះមានគំនិតចង់ក្លាយជាអ្នកជំនួញមែនទេ? បើអ្នកចង់មែន អ្នកបានត្រៀមខ្លួនរួចរាល់ឬនៅ? ខ្ញុំដឹងថាអ្នកកំពុងតែឈឺក្បាលគិតពីការរកស៊ី ថាគួរតែរកអ្វីល្អ ងាយស្រួល មិនសូវចំណាយកំលាំងច្រើន ហើយអាជីវកម្មអ្វីដែលសក្តិសមនឹងអ្នកបំផុត? មិនមែនតែអ្នកទេដែលទាល់គំនិតពីរឿងនេះ មនុស្សដែលចាប់អាជីពរកស៊ីទាំងអស់សុទ្ធតែជួបនឹងសំនួរនេះ ព្រោះវាជាដំណាក់កាលមួយដែលហៅថា "ក-ក្អម" គិតអ្វីក៏មិនចេញដែរ។
ខណៈនេះយើងនឹងជួយបង្ហាញអ្នកខ្លះៗពីអាជីវកម្មដែលគួរពិចារណា។ ចាប់ផ្តើមអាជីវកម្មគឺអ្នកអាចគិតទៅលើអាជីវកម្មផ្ទាល់ខ្លួន និងអាជីវកម្មទិញសិទ្ធិតពីគេ។ តាមការវិភាគពី CBInsights បានឲ្យដឹងថា ១០១ នាក់នៃស្ថាបនិក Startup បានបញ្ជាក់ថា អាជីវកម្មរបស់គេដួលរលំដោយសារតែ៖
៤២% គ្មានតម្រូវការទីផ្សារលើផលិតផល ឬសេវាកម្មរបស់ពួកគេ
២៩% អស់ប្រាក់មុនដល់កាលកំណត់ដែលនឹងទទួលជោគជ័យ
២៣% គ្មានក្រុមការងារ ឬដៃគូល្អដំណើរការអាជីវកម្មជាមួយគ្នា
បច្ចុប្បន្នយើងសង្កេតឃើញថា ការទិញសិទ្ធិអាជីវកម្ម (franchise) គឺកំពុងពេញនិយម មិនមែនតែអាជីវកម្មពីក្រៅប្រទេសទេ សូម្បីអាជីវកម្មក្នុងស្រុកដែលល្បីៗក៏មានការទិញសិទ្ធិចែកចាយបន្តគួរសមដែរ។ ចុះដឹងទេថាវាមានលក្ខណៈពិសេស និងគុណសម្បត្តិអ្វីខ្លះដែលជំរុញឲ្យគេចាប់អារម្មណ៍លើការទិញសិទ្ធិអាជីវកម្មបន្តនេះ?
១) ផ្តល់ជូនប្រាក់ចំនេញដល់អ្នកលឿន
អាជីវកម្មដែលទទួលបានជោគជ័យស្រាប់គឺមានកេរ្តិ៍ឈ្មោះរួចទៅហើយ។ ចាំបាច់ទៅ ភ័យអីខ្លាចថាគ្មានអ្នកស្គាល់នោះ ពេលអ្នកទិញ franchise តពីគេទាំងរស់ជាតិ ទាំងការតុបតែងហាង ទាំងរបៀបរបបរកស៊ីអ្នកគ្រាន់តែរៀនពីគេ ឯប្រាក់ចំនេញបានមកងាយជាងអាជីវកម្មផ្ទាល់ខ្លួន ត្រូវសាងកេរ្តិ៍ឈ្មោះពីតូចតាចមក។ អ្នកមិនសូវឈឺក្បាលពីការខាតបង់ប៉ុន្មានទេ បើអ្នកបើកនៅទីតាំងល្អ ចំប្លង់ គោរពតាមគោលការណ៍បានល្អទៀតគ្មានអ្វីត្រូវខ្លាចទេ។
២) ការងារសម្រាប់អ្នកចាប់អាជីវកម្មដំបូងត្រូវបានរួចរាល់អស់ហើយ
នេះមានន័យថា អ្នកមិនសូវជាត្រូវគិតច្រើនពេកទេថា រកវិធីសាស្រ្តអ្វីទាក់ទាញអតិថិជនឲ្យបានច្រើន គួរផ្តល់ជូនអ្វីខ្លះជាការចងចិត្តអតិថិជន កសាងកេរ្តិ៍ឈ្មោះដោយវិធីណា ធ្វើយ៉ាងណាទើបអតិថិជនស្គាល់យីហោរបស់យើង។ ព្រោះការងារទាំងនេះត្រូវបានម្ចាស់ franchise ធ្វើរួចរាល់អស់ហើយ បើមិនដូច្នោះទេគេក៏មិនទទួលជោគជ័យដែរ។
៣) ពេលខ្លះអ្នកសឹងតែមិនចំណាយលុយផ្ទាល់ខ្លួនចំណាយលើកាទិញ franchise ក៏មានដែរ
ឆ្ងល់មែនទេ ទិញអាជីវកម្មគេទាំងមូលមិនចំណាយលុយ? អ្នកខ្លះគាត់ពូកែចរចា គាត់តស៊ូ ប្រើសមត្ថភាពដើម្បីយកអាជីវកម្មមួយដោយមិនចំណាយលុយ។ គាត់អាចធ្វើជាតំណាងចែកចាយឲ្យក្រុមហ៊ុន លក់ឲ្យម្ចាស់ដើម ប្រាក់ចំនេញពីការលក់អាចចែកភាពគរយគ្នា តែខ្លួនគាត់ផ្ទាល់បានថែមចំណេះ និងបទពិសោធន៍លើសពីការរំពឹងទុកក៏ថាបាន។
៤) គ្មាននរណាមិនចង់លក់អាជីវកម្មដែលកំពុងល្បីទេ
អ្នកទិញសិទ្ធិ ប្រាកដចង់បានអាជីវកម្មដ៏ល្អមួយមកដំណើរការឲ្យបានផលចំនេញដល់ខ្លួនឯង និងបានបទពិសោធន៍ទៀត ខណៈដែលអ្នកលក់ franchise គិតចង់ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យបានកាន់តែច្រើនទីតាំង ប្រាក់ចំនូលកាន់តែបានច្រើន។ មុខមាត់ម្ចាស់ដើមកាន់តែរីកធំទៅៗ គោលដៅរបស់គាត់កាន់តែទៅជិតដល់។
៥) អ្នកមិនត្រឹមតែទិញអាជីវកម្មទេ អ្នកទិញទំនុកចិត្តលើការកើបប្រាក់ចំនេញរយៈពេលវែង
ជឿទៅអាជីវកម្មប្រភេទនេះមិនមែនបើកតែមួយខែ ពីរខែហើយរលំនោះទេ។ វាអាចជួយធានាការករកចំនូលដល់អ្នកក្នុងរយៈពេលវែង ព្រោះម្ចាស់ដើមអាជីវកម្មព្យាយាមស្វែងរកអ្វីថ្មីៗដើម្បីឲ្យគេកាន់តែចម្រើន និងរីកមាឌកាន់តែធំជាងមុន បូកបន្ថែមនិងកិត្តិស័ព្ទ កេរ្តិ៍ឈ្មោះល្បីរន្ទឺ បង្ហាញពីភាពខ្លាំងរបស់គេក្នុងការឈរជើងលើទីផ្សារផងដែរ។
ត្រូវចាំថា ការទិញសិទ្ធិអាជិវកម្មដែលទទួលបានជោគជ័យស្រាប់នោះ វាមិនត្រឹមតែជួយអ្នករកចំនូល និងចំនេញបានឆាប់ទេ តែវាជួយឲ្យអ្នកបានរស់នៅក្នុងចំនូលរយៈពេលវែងជាងការដែលចាប់ផ្តើមដោយខ្លួនឯង ប្រថុយប្រថាននឹងហានិភ័យសព្វគ្រប់បែបយ៉ាង។
ដោយ៖ យ៉ាយ៉ា