ត្រឹម៧ឆ្នាំទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេសកើនឡើងជាង១ពាន់លានដុល្លារ
ក្នុងរយៈពេល៧ឆ្នាំ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចក្រភពអង់គ្លេសបានកើនឡើងគួរឲ្យកត់សម្គាល់ពី ៥០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១២ មកដល់ជាង១ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៨ នេះបើតាមការអះអាងរបស់ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូផ្នែកការពារជាតិនៃចក្រភពអង់គ្លេស។
នៅក្នុងជំនួបជាមួយមេបញ្ជាការរងកងទ័ពជើងអាកាស ឧត្តមសេនីយ៍ Marshal John Philliban នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី កឹម ស៊ីថន បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានគាំទ្រផលិតផលរបស់កម្ពុជា និងបានស្នើសុំពាណិជ្ជករ និងប្រជាជនចក្រភពអង់គ្លេស បន្តគាំទ្រទិញទំនិញពីកម្ពុជាថែមទៀតទៅថ្ងៃអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ និងគណៈប្រតិភូ ក៏បានសន្យាពាំនាំសំណើរបស់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទីទៅជម្រាបជូនរាជរដ្ឋាភិបាលនិងប្រជាជនចក្រភពអង់គ្លេសដើម្បីបន្តសហការនិងជួយគាំទ្រទិញទំនិញរបស់កម្ពុជាផងដែរ៕
ដោយ៖ ជួប ស្រីរ័ត្ន