សុភាសិតអង់គ្លេស «ភាពស្រស់ស្អាតគឺអាស្រ័យទៅលើអ្នកសង្កេត។»
គ្មានអ្វីមួយដែលត្រឹមត្រូវជាសកលជារៀងរហូតនោះទេ។ នៅលើលោកនេះមានតែការផ្លាស់ប្ដូរប៉ុណ្ណោះដែលមិនចេះផ្លាស់ប្ដូរ។ ទស្សនមួយដែលត្រឹមត្រូវមិនប្រាកដថាត្រូវគ្រប់ស្ថានការណ៍ទាំងអស់នោះទេ។ ទស្សនមួយ វិធីសាស្ត្រមួយ របៀបដោះស្រាយបញ្ហាមួយ ឬច្បាប់មួយត្រឹមត្រូវដោយអាស្រ័យទៅលើស្ថានការណ៍ប៉ុណ្ណោះ។ រីឯភាពស្រស់ស្អាតក៏មិនខុសគ្នាដែរ។ មនុស្សម្នាក់ៗឲ្យនិយមន័យទៅលើភាពស្រស់ស្អាតខុសៗគ្នា។ អ្វីដែលមនុស្សម្នាក់គិតថាស្អាតក៏មិនប្រាកដថាមនុស្សម្នាក់ទៀតគិតថាស្អាតដែរនោះទេ ហើយនេះក៏មិនមែនមានន័យថាអ្នកត្រូវហើយគេខុសនោះដែរ។
តាមពិតទៅអ្វីៗសុទ្ធតែមានភាពស្រស់ស្អាតដែលបង្កប់នៅក្នុងខ្លួនវាទាំងអស់ វាគ្រាន់តែអាស្រ័យទៅលើអ្នកដែលមើលវាប៉ុណ្ណោះ ដូចមានសុភាសិតមួយពោលថា «ភាពស្រស់ស្អាតគឺអាស្រ័យទៅលើអ្នកសង្កេត។» ឬនៅក្នុងភាសាអង់គ្លេសថា Beauty is in the eye of the beholder. ។ សាកស្រមៃទៅមើលថាតើពិភពលោកនេះនឹងក្លាយទៅជាគួរឲ្យធុញទ្រាន់ប៉ុណ្ណា បើសិនជាមនុស្សគ្រប់គ្នាសុទ្ធតែមានទស្សនយល់ឃើញដូចៗគ្នាទៅលើគ្រប់ចំណុចរឿងរ៉ាវទាំងអស់។ ដោយសារតែវាគឺជារឿងដែលមិនអាចទៅរួចនេះហើយ ទើបបានជាយើងមើលឃើញភាពចម្រុះគ្នានៅក្នុងពិភពលោកនេះ។ យើងឃើញភាពស្រស់ស្អាតទៅតាមរបៀបផ្សេងៗគ្នា ដោយឡែកៗពីគ្នា និងមានលក្ខណៈពិសេសរៀងៗខ្លួនរបស់វា។
អ្វីដែលអ្នកមើលមិនឃើញពីតម្លៃរបស់វា អ្នកផ្សេងអាចមើលឃើញពីតម្លៃរបស់វា។ អ្វីដែលអ្នកមើលឃើញថាមិនស្អាត តែអ្នកផ្សេងអាចមើលឃើញពីភាពស្រស់ស្អាតរបស់វា។ ដូចគ្នាដែរ និយាយចំពោះសមត្ថភាពនិងជំនាញរបស់នរណាម្នាក់អាចមិនមានតម្លៃនៅក្នុងទីកន្លែងមួយ ប៉ុន្តែអាចជារបស់ដែលមានតម្លៃ ជាអ្វីដែលគេត្រូវការនិងឲ្យតម្លៃខ្ពង់ខ្ពស់នៅក្នុងទីកន្លែងដទៃទៀត។ ហេតុនេះហើយអ្នកមិនត្រូវមើលងាយអ្វីដែលអ្នកមាននោះឡើយ មិនថាវាជាសម្រស់របស់អ្នកក៏ដោយ ឬជាចំណេះជំនាញរបស់អ្នកក៏ដោយ។ អ្វីដែលសំខាន់គឺអ្នកខ្លួនឯងចេះឲ្យតម្លៃទៅលើអ្វីដែលខ្លួនឯងមាន និងចេះដុសខាត់សម្បត្តិទាំងនោះ នោះទើបអ្នកដទៃគេអាចមើលឃើញពីតម្លៃនៃអ្វីដែលអ្នកមានបន្តិចម្ដងៗជាក្រោយ៕
ដោយ៖ ស្រីពៅ