ក្រុមហ៊ុនធំៗទាំង ៥ ដែលកំពុងតែរងទុក្ខវេទនាដោយសារតែសង្គ្រាមពាណិជ្ជកម្មបងធំទាំងពីរ​



មកទល់បច្ចុប្បន្ននេះសង្គ្រាមពាណិជ្ជកម្មរវាងប៉េកាំងនិងវ៉ាស៊ីនតោននៅតែបន្តកើតមានឡើងហើយមិនទាន់ឈានដល់ដំណោះស្រាយណាឡើយដើម្បីដោះស្រាយសង្គ្រាមតម្លើងពន្ធនេះនៅឡើយ។ កាលពីថ្ងៃសុក្រ ទី៣ សប្ដាហ៍មុន លោកដូណលត្រាំ មេដឹកនាំរបស់សហរដ្ឋអាមេរិក បានគំរាមកំហែងចិនថានឹងដាក់គំនាបតម្លើងពន្ធលើផលិតផលនាំចូលរបស់ចិនក្នុងកម្រិត ២៥ ភាគរយបន្ថែមទៀត។

បច្ចុប្បន្ននេះ មានផលិតផលចិនជាច្រើនដែលនាំចូលក្នុងប្រទេសអាមេរិកគឺត្រូវបានតម្រូវឲ្យបង់ពន្ធនាំចូលក្នុងអត្រា ១០ ភាគរយ។ រីឯប្រទេសចិនក៍បានគំរាមទីក្រុងវ៉ាស៊ីនតោនថាខ្លូនក៍នឹងតម្លើងពន្ធលើផលិតផលនាំចូលរបស់អាមេរិកក្នុងអត្រា ២៥ ភាគរយដូចគ្នាផងដែរ។ ទោះបីជាពេលខ្លះការតម្លើងពន្ធនេះមានផលប្រយោជន៍ដល់ក្រុមហ៊ុននិងផលិតករក្នុងស្រុកពិតមែន តែពេលខ្លះកត្តាមួយនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនមួយចំនួនដែលពឹងផ្អែកលើការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅស្រុក។

តួរយ៉ាង ខាងក្រោមនេះគឺជាក្រុមហ៊ុនធំៗទាំង ៥ ដែលកំពុងតែរងទុក្ខវេទនាជាខ្លាំងជាមួយនឹងផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ហើយបើសិនជាជម្លោះពាណិជ្ជកម្មនេះនៅតែបន្តមានវត្តមានបន្តទៀតនោះគឺផលប៉ះពាល់នឹងកាន់តែទ្វេដងជាមិនខាន។

១. ក្រុមហ៊ុន អាលីបាបា (Alibaba Group Holding Limited)

ក្នុងនាមជាក្រុមហ៊ុន e-commerce ធំជាងគេរបស់ប្រទេសចិន ក្រុមហ៊ុន Alibaba នឹងជួបប្រទះការអន់ថយនៃការរីកចម្រើនរបស់គេបើសិនជាសង្គ្រាមពាណិជ្ជកម្មនៅតែបន្តអូសបន្លាយ។ រឹតតែយ៉ាប់យ៉ឺនជាងនេះទៅទៀតនោះ ក្រុមហ៊ុនយក្យមួយនេះអាចនឹងហូរទឹកភ្នែកជោកក្បាលជង្គង់បើសិនជាលោក ដូណាលត្រាំ សម្រេចចិត្តតម្លើងពន្ធនាំចូលកាន់តែខ្ពស់ជាងពេលបច្ចុប្បន្ននេះ។ ម្យ៉ាងទៀតដោយសារតែក្រុមហ៊ុនធំមួយនេះមានការពឹងផ្អែកជាធំលើវិស័យសេដ្ឋកិច្ចរបស់ចិន ទើបបានជាក្រុមហ៊ុននេះជួបប្រទះទុក្ខលំបាកយ៉ាងនេះដោយសារតែសេដ្ឋកិច្ចចិនសព្វថ្ងៃនេះមិនមានការរីកចម្រើនដូចមុនទេ។

២. ក្រុមហ៊ុន Walmart Inc.

ការតម្លើងពន្ធគឺតែងតែមានផលវិបាកដល់អ្នកលក់រាយដោយសារអតិថិជនត្រូវទិញផលិតផលទាំងនោះក្នុងតម្លៃថ្លៃជាងមុនខុសពីធម្មតា។ ជាធម្មតាក្រុម Walmart មួយនេះបានរកចំណូលបានជាងកន្លះទ្រីលានដុល្លារអាមេរិក (trillion) ជារៀងរាល់ឆ្នាំ។ តែដោយសារសង្គ្រាមពាណិជ្ជកម្មមួយនេះ ក្រុមហ៊ុនដ៍ធំនេះអាចនឹងរងទុក្ខជាក់ជាមិនខាន។ កាលពីខែកញ្ញាឆ្នាំ ២០១៨ មុន ក្រុមហ៊ុននេះបានផ្ញើរលិខិតទៅក្រសួងតំណាងពាណិជ្ជកម្មអាមេរិកដោយបានត្អូញត្អែរពីផលលំបាករបស់ខ្លួនដែលកំពុងតែជួបប្រទះពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែកើតមានឡើង។

៣. ក្រុមហ៊ុន Target Corporation

ដូចទៅនឹងក្រុមហ៊ុន Walmart ផងដែរក្រុមហ៊ុន Target មួយនេះក៍បានរងផលប៉ះពាល់ដោយសារតែជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិនផងដែរ។ អ្នកលក់រាយនៃក្រុមហ៊ុននេះបានត្អូញត្អែរពីការឡើងថ្លៃនៃផលិតផលជាច្រើនមុខដែលកត្តានេះបានវាយប្រហារដល់សកម្មភាពរីកចម្រើននៃក្រុមហ៊ុននេះយ៉ាងខ្លាំង។

៤. ក្រុមហ៊ុន JD.Com Inc

វាសនារបស់ក្រុមហ៊ុន JD.Com ក៍មិនខុសពីវាសនារបស់ក្រុមហ៊ុន Alibaba ប៉ុន្មានទេព្រោះក្រុមហ៊ុន E-commerce ចិនមួយនេះក៍មានការពឹងផ្អែកលើសន្ទុះវឌ្ឍនភាពរបស់សេដ្ឋកិច្ចប្រទេសចិន។ ក្នុងពេលដែលសេដ្ឋកិច្ចចិនកំពុងតែមិនសូវមានសន្ទុះដូចមុនដោយសារតែសង្គ្រាមពាណិជ្ជកម្ម ក្រុមហ៊ុនមួយនេះក៍ត្រូវទទូលរងនូវផលប៉ះពាល់មិនធម្មតាដែរ។

៥. ក្រុមហ៊ុន Apple Inc.

ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនអេឡិចត្រូនិកយក្យរបស់អាមេរិកកំពុងតែដេកភ័យខ្លួនដោយសារតែក្រុមហ៊ុនមួយនេះមានទីតាំងតម្លើងគ្រឿងទូរស័ព្ទ iphone និងបច្ចេកវិទ្យាផ្សេងៗក្នុងប្រទេសចិន។ ដូច្នេះបើសិនជារដ្ឋាភិបាលចិនចង់ធ្វើបាបក្រុមហ៊ុនអាមេរិក​មួយនេះដោយបញ្ចេញវិធានការណាមួយលើក្រុមហ៊ុនមួយនេះគឺក្រុមហ៊ុនមួយនេះច្បាស់ជាអាចបាត់បង់ភាគហ៊ុនមួយចំនួនក្នុងប្រទេសចិនឬក៍ត្រូវរកទីជម្រកថ្មីក្នុងការរកទីស្នាក់ការតម្លើងបច្ចេកវិទ្យារបស់ខ្លួនជាមិនខាន៕

ដោយ៖ នឿន វណ្ណៈ

 

X
5s