អាប្រាហាម លីនខូន៖ «ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត។»
ពាក្យថាជីវិតគ្មាននរណាម្នាក់ហ៊ានឲ្យអត្ថន័យឲ្យជាក់លាក់នោះទេ។ ពាក្យថាជីវិតគឺត្រូវបានមនុស្សម្នាក់ៗផ្ដល់អត្ថន័យផ្សេងៗគ្នាទៅតាមទស្សន និងស្ថានភាពជីវិតរៀងៗខ្លួន។ ជីវិតមនុស្សម្នាក់ៗមិនងាយស្រួលដូចការរំពឹងទុកនោះឡើយ មិនសុទ្ធតែស្រួលនោះទេ មិនសុទ្ធតែងាយស្រួលនោះទេ ជួនកាលជីវិតបត់១៨០ដឺក្រេ ពេលខ្លះជីវិតគប់អ្នកមួយដុំឥដ្ឋក៏មាន។
អ្នកនឹងភ្លក្សគ្រប់រសជាតិនៃជីវិតរបស់អ្នក រសជាតិជីវិតរបស់មនុស្សមួយចំនួនប្រៀបដូចជាថ្នាំល្វីង ប៉ុន្តែជីវិតមនុស្សមួយចំនួនផ្អែមប្រៀបដូចទឹកឃ្មុំ។ មានជីវិត មានទុក្ខ មានជីវិត មានភាពនឿយហត់ មានជីវិត មានភាពស្មុគស្មាញ មានជីវិត មានឧបសគ្គ មានជីវិត មានអ្នកឈ្នានីសរិះគន់ មានជីវិត មានភាពលំបាក។ ប៉ុន្តែជីវិតរបស់អ្នកនៅតែស្រស់ស្អាត នៅពេលបានភ្លក្សរសជាតិទាំងនោះ។ ដូចដែលលោក អាប្រាហាម លីនខូន ប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត»។
ជាច្បាប់ធម្មជាតិ ជីវិតមានន័យ ជីវិតស្រស់ស្អាត ស្រស់បំព្រង គឺជាទាល់តែមានភាពពិបាកលាយឡំខ្លះ ពីព្រោះជីវិតមិនអាចស្រួលរហូតបានឡើយ។ បើមានតែភាពស្រណុកស្រួល នោះមិនមែនជាជីវិតនោះទេ។ រាល់ឧបសគ្គ ទុក្ខសោក ស្រ្តេស ធុញថប់ ភាពលំបាក បញ្ហា ប្រៀបដូចជាអន្លក់ដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែឆ្ងាញ់។ ពេលអ្នកជួបបញ្ហាទាំងនេះ មិនមែនមានតែអ្នកតែដែលជួបរឿងបែបនេះ មនុស្សគ្រប់គ្រាសុទ្ធតែមានខ្សែជីវិតស្រដៀងគ្នា។ ដូចនេះកុំទាន់បោះបង់ពេលជួបការពិបាក អស់សង្ឃឹម មិនទាន់រកផ្លូវជីវិតឃើញ។ ជីវិតមិនអាចខ្វះភាពលំបាកខ្លះនោះទេ។ ជិវិតដួលហើយងើប ជួបឧបសគ្គ ជំនះឆ្ពោះទៅមុខ នោះជាជីវិតមានន័យ។
ជីវិតរបស់អ្នកស្រស់ស្អាតខ្លាំងណាស់ ដូចនេះត្រូវចេះថែរក្សាវា ត្រូវរីករាយនឹងវា៕
អត្ថបទដោយ៖ លង់ វណ្ណៈ