ទីផ្សារហាងលក់ទំនិញនៅក្នុងទ្វីបអាស៊ីនឹងក្លាយជាទីផ្សារធំបំផុតក្នុងពិភពលោកក្នុងឆ្នាំ ២០២៣​



យោងតាមរបាយការណ៍ IGD បានបង្ហាញថានៅក្នុងឆ្នាំ ២០២៣ តម្លៃទីផ្សារហាងលក់ទំនិញក្នុងតំបន់អាស៊ីសរុបនឹងមានទំហំប្រាក់ប្រមាណជាង ៤.២៦៤ ទ្រីលានដុល្លារសហរដ្ឋអាមេរិកឯណោះគឺកើនឡើងជាង ១.១៣៨ ទ្រីលានដុល្លាអាមេរិកបើធៀបទៅនឹងឆ្នាំមុន ដែលនេះគឺជាចំនួនមួយដែល​សឹងតែស្មើរនឹងទំហំទឹកប្រាក់របស់ទីផ្សារហាងទំនិញសរុបរបស់សហភាពអឺរ៉ុបនិងអាមេរិកបូកបញ្ជូលគ្នា។

ការសិក្សាបានបង្ហាញថា ការពិតអាស៊ីគឺជាតំបន់ដែលមានទីផ្សារហាងលក់ទំនិញធំជាងគេក្នុងពិភពលោករួចមកហើយ ដូច្នេះហើយទំហំទីផ្សារក្នុងអាស៊ីអាចនឹងកើន ៦ ភាគរយបន្ថែមទៀតចន្លោះពីឆ្នាំ ២០១៨ ដល់ ២០២៣។

ក្នុងនោះប្រទេសដែលនឹងមានទំហំទីផ្សារជាងគេស្មើនឹង ៧៤ភាគរយក្នុងចំណោមទីផ្សារក្នុងអាស៊ីមានដូចជាប្រទេស​ចិន ឥណ្ឌា និង ម៉ាឡេស៊ី ប៉ាហ្គីស្ថាន និង វៀតណាមដែលជាប្រទេសមានប្រជាជនរស់នៅច្រើនជាងគេ នឹងបន្ដការនូវការលូតលាស់ និងជាប្រទេសផ្គត់ផ្គង់ទំនិញ និងលក់ទំនិញដល់ពិភពលោកនឹងបន្ដកើនឡើងបន្ថែមក្នុងឆ្នាំ ២០២៣។

មួយវិញទៀតចិននឹងបន្ដដើរមុខគេក្នុងពិភពលោក ដែលជាតិសាសន៍មួយមានការរីកចម្រើនខ្លាំងជាងគេខាងផ្នែក ហាងលក់ទំនិញជាប់គ្នា​៣ឆ្នាំមកហើយ ក៏នៅរក្សាជំហររបស់ខ្លួនជាប្រទេសទីមួយដែលមានទីផ្សារហាងលក់ទំនិញធំជាងគេក្នុងពិភពលោកដល់ឆ្នាំ ​២០២៣ព្រោះហាងលក់ទំនិញនៅក្នុងប្រទេសចិនគឺមានច្នៃប្រឌិតខ្ពស់ សូម្បីតែសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចទីមួយក្នុងពិភពលោក បែរជាឈរក្រោមចិនទៅវិញ ក្នុងវិស័យទីផ្សារហាងទំនិញ។ គ្រប់ហាងលក់ទំនិញទាំងអស់នៅក្នុងប្រទេសចិនមានបំពាក់​អ៊ីនធឺណេត គ្រប់ហាងទំនិញនីមួយៗនៅក្នុងប្រទេសចិនសុទ្ធតែរកស៊ីតាមលក្ខណៈអាជីវកម្មអេឡិចត្រូនិក បូករួមទាំងទំហំនៃប្រជាជនចិន ដែលជាហេតុធ្វើឲ្យទីផ្សារហាងទំនិញរបស់ចិនមានទំហំធំ និងលូតលាស់ជាងប្រទេសនានាក្នុងពិភពលោក។

ការកើនឡើងនៃទីផ្សារហាងទំនិញបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន សេដ្ឋកិច្ចជាតិនៅតាមប្រទេសនីមួយៗ ក៏ដូចជាការហូរចូលនូវបច្ចេកវិទ្យាទំនើបៗជាច្រើន ថែមទៀតផង។

​ទីផ្សារលក់ទំនិញទាំងតាមអនឡាញ និង ក្រៅអនឡាញនឹងមានសន្ទុះខ្លាំងជាងមុន។ IGD បានរកឃើញថាហាងទំនិញអនឡាញនឹងស្ទុះបានលឿនជាងគេ ជាពិសេសប្រភេទហាងលក់វត្ថុអនុស្សាវរីយ៍ ។

ទ្វីបអាស៊ីគឺតំបន់មានសកា្ដនុពលពោរពេញទៅដោយការបង្កើតថ្មី ដូចនេះហើយយើងអាចរំពឹងទុកបានថា ៥ឆ្នាំ ទៅមុខនេះទ្វីបអាស៊ីនឹងក្លាយទ្វីបមួយមានសន្ទុះសេដ្ឋកិច្ចខ្លាំងគេបំផុតខាងទីផ្សារហាងលក់ទំនិញ និងទទួលនូវដៃគូពាណិជ្ជកម្មធំៗជាច្រើនថែមទៀតផង៕

 

ដោយ៖ ច័ន្ទលាភ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

X
5s