មិនធម្មតា! ការស្រាវជ្រាវរកឃើញពីវ័យពិតដែលមនុស្សម្នាក់ៗមានភាពសុទិដ្ឋិនិយមខ្ពស់បំផុតនៅក្នុងជីវិត​



តើ​វ័យ​ណា​ដែល​អ្នក​គិត​ថា អ្នក​មាន​សុទិដ្ឋិនិយម​បំផុត? ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ចម្លើយ​ពិតប្រាកដ​​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​មួយ​នេះ​ក្រោយ​ប្រើ​ពេល​ដល់​ទៅ ៧​ឆ្នាំ។ ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ California Davis  (University of California Davis) ការ​ស្រាវជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ទៅ​លើ​មនុស្ស​ដែល​មាន​​អាយុ​ចាប់​​ចន្លោះ​ពី ២៦ ដល់​ ៧១​ឆ្នាំ​ចុះ​ក្រោម​។

នៅ​​ក្នុង​រយៈពេល ៧​ឆ្នាំ​នេះ អ្នក​ស្រាវជ្រាវ​បាន​បែងចែក​ជា​ ​​៤​ដំណាក់កាល​ ហើយ​អ្នក​ចូលរួម​​ត្រូវ​ឆ្លើយ​​​សំណួរ​សាកល្បង​​ពី​មេរៀន​ជីវិត​​ចំនួន ៦​សំនួរ​នៅ​ក្នុង​ដំណាក់កាល​នីមួយៗ​ដែល​​សំនួរ​ទាំង​នោះ​គឺ​​ជុំវិញ​ការ​យល់​ឃើញ​ពី​​ភាព​សុទិដ្ឋិនិយម​​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ក្រៅ​ពី​នេះ អ្នក​ទាំង​នោះ​ត្រូវ​ឆ្លើយ​សំនួរ​ចំនួន ៥៤ ផ្សេង​ទៀត​ស្តី​ពី​រឿងរ៉ាវ​​ផ្សេងៗ​ដែល​ពួកគេ​បាន​ជួបប្រទះ​នៅ​ក្នុង​ឆាក​ជីវិត​របស់​ពួកគេ​ប្រចាំ​ថ្ងៃ​​​ទាំង​រឿងរ៉ាវ​​ល្អៗ និង​រឿងរ៉ាវ​​មិន​ល្អ។ 

ដោយ​ប្រើប្រាស់​សំនួរ​ទាំង​នេះ ក្រុម​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ខាងលើ​បាន​កំណត់​បាន​ពី​វ័យ​ពិតប្រាកដ​មួយ​​នៅ​ក្នុង​ជីវិត​ដែល​មនុស្ស​ម្នាក់ៗ​មាន​ភាព​សុទិដ្ឋិនិយម​បំផុត។ លទ្ធផល​បាន​បង្ហាញ​ថា វ័យ​ដែល​មនុស្ស​មាន​ទុទ្ទិដ្ឋិនិយម​ជាងគេ (មើល​ឃើញ​អ្វីៗ​ក្នុង​ផ្លូវ​​អវិជ្ជមាន​) គឺ​​ពេល​ឈាន​ដល់​វ័យ​ ២០​ឆ្នាំ​ ខណៈ​ដែល​ជីវិត​ចាប់​ផ្តើម​មាន​សុទិដ្ឋិនិយម (មើល​ឃើញ​អ្វីៗ​ក្នុង​ផ្លូវ​វិជ្ជមាន​) បន្តិច​ម្តងៗ​​​នៅ​ពេល​ដែល​មនុស្ស​ម្នាក់ៗ​ឈាន​ដល់​វ័យ៣០ ឆ្នាំ។

ការ​ស្រាវជ្រាវ​ខាងលើ​បាន​អះអាង​ទៀត​ថា នៅ​ពេល​ឈាន​ដល់​វ័យ ៣០​ហើយ​នោះ ភាព​សុទិដ្ឋិនិយម​របស់​មនុស្ស​ម្នាក់ៗ​​​ចេះ​តែ​បន្ត​​កើន​​ឡើង​​កាន់តែ​ខ្លាំង​​ទៀត​នៅ​វ័យ ៤០ ឆ្នាំ។ ហើយ​វ័យ​ដែល​​ជីវិត​មនុស្ស​ម្នាក់ៗ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ជាង​គេ គឺ​ពេល​ឈាន​ដល់​វ័យ ៥០​​ឆ្នាំ​ឡើង​ទៅ ហើយ​ចាប់​ពី​វ័យ​នេះ​ទៅ វា​ចាប់​ផ្តើម​ថយ​ចុះ​មក​វិញ​បន្តិច​ម្តងៗ។ ចំណែក​វ័យ​ដែល​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​មាន​​សុទិដ្ឋិនិយម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ជីវិត​គឺ​ពេល​ឈាន​ដល់​វ័យ ៥៥ ឆ្នាំ។ 

ផ្អែក​លើ​ការ​ស្រាវជ្រាវ​​នេះ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អ្នក​មាន​វ័យ​កាន់តែ​ចាស់ ភាព​សុទិដ្ឋិនិយម​របស់​អ្នក​មាន​កាន់តែ​ច្រើន​ឡើង ហើយ​វា​ធ្លាក់​ចុះ​មក​វិញ​បន្តិច​ម្តងៗ​នៅ​ពេល​ដែល​អ្នក​មាន​វ័យ​ចាប់​ពី​ ៥០​ឆ្នាំ​ឡើង​ទៅ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ការ​ស្រាវជ្រាវ​ខាងលើ​ក៏​បាន​អះអាង​បន្ថែម​ផង​ដែរ​ថា  មនុស្ស​ដែល​ជោគជ័យ​​ក្នុង​ជីវិត​ មាន​សុទិដ្ឋិនិយម​ខ្លាំង​ជាង​មនុស្ស​ធម្មតា​ទៅ​ទៀត​​ដូច​ជា អ្នក​ដែល​ជោគជ័យ​ក្នុង​សាលា អ្នក​ដែល​រក​លុយ​បាន​ច្រើន អ្នក​ដែល​ជោគជ័យ​ក្នុង​ជីវិត​ស្នេហា និង​មាន​​ជំនួញ​​ជោគជ័យ​ជាដើម។ ចំណែក​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​សូវ​មាន​សុទិដ្ឋិនិយម​នៅ​ក្នុង​ជីវិត​នោះ​ឡើយ ខណៈ​ដែល​អ្នក​ក្រ ប៉ុន្តែ​ធ្វើ​ទង្វើ​ល្អ ក៏​មាន​ភាព​សុទិដ្ឋិនិយម​មិន​ខុសគ្នា​ប៉ុន្មាន​ពី​អ្នក​ដែល​មាន​ជីវិត​ជោគជ័យ​នោះ​ដែរ៕

ប្រភព៖ Businessinsider 

X
5s